ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក ឈាង វុន ​ថា រដ្ឋសភា នៅតែ​សាកសួរ​មន្ត្រី​យុត្តិធម៌ ទោះបីជា​បក្សប្រឆាំង​មិន​ចូលប្រជុំ​
07, Jun 2016 , 4:32 pm        
រូបភាព
   ​ភ្នំពេញ​៖ កាលបរិច្ឆេទ​នៃ​ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឲ្យ​ចូល​បំភ្លឺ​នៅ​វិមាន​រដ្ឋសភា មិន​ប្រែប្រួល​អ្វី​នោះទេ បើទោះបីជា​អវត្តមាន​របស់​បក្សប្រឆាំង​ក៏ដោយ​។ នេះ​ជាការ​អះអាង​របស់លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​ពី​បក្ស​កាន់អំណាច ដែល​បាន​ឆ្លើយតប​ទៅកាន់​បក្សប្រឆាំង​។

 
​រដ្ឋសភា បានកំណត់​ឲ្យ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ នៅ​ថ្ងៃទី​៩ ខែមិថុនា តាម​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ បើទោះបីជា ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ឲ្យ​ចូល​បំភ្លឺ​ផ្ទាល់មាត់ ធ្វើឡើង​តាម​សំណើ​របស់ខ្លួន​ក៏ពិតមែន តែ​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងអស់ បានសម្រេច​មិន​ដើរចូល​រដ្ឋសភា ដើម្បី​ស្តាប់​ការឆ្លើយបំភ្លឺ​របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា ឡើយ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​ពី​បក្ស​កាន់អំណាច បាន​អះអាងថា រដ្ឋសភា មិនអាច​បញ្ចប់​ដំណើរការ​របស់ខ្លួន ដោយសារតែ​អវត្តមាន​របស់​បក្សប្រឆាំង​ឡើយ​។ លោក ឈាង វុន លើកឡើងថា ការសម្រេចចិត្ត​មិន​ចូលប្រជុំ គឺ​សិទ្ធិ​របស់​បក្សប្រឆាំង តែ​រដ្ឋសភា នៅតែ​បំពេញ​តួនាទី​របស់ខ្លួន​ជាធម្មតា​។ លោក​បាន​ផ្ញើ​សារ​ទៅកាន់​បក្សប្រឆាំង​បែបនេះ​ថា​៖«​កុំ​យក​រដ្ឋសភា ធ្វើជា​ចំណាប់ខ្មាំង​។ ពួកគាត់ ធ្វើពហិការ គឺជា​រឿង​របស់​ពួកគាត់ គេ​មិន​ទៅ​ឈឺក្បាល​ជាមួយ​ទេ​»​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៦ ខែមិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ ដើម្បី​សម្រេច​លើ​សំណើ​របស់​បក្សប្រឆាំង ដែល​ស្នើ​ឲ្យ​រដ្ឋសភា កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​ឆ្លើយបំភ្លឺ ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​។ សំណើ​របស់​បក្សប្រឆាំង ធ្វើឡើង បន្ទាប់ពី​តុលាការ មាន​ចំណាត់ការ​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​មួយចំនួន​កន្លងមក​៕
 
 

Tag:
 CPP
  CNRP
  រដ្ឋសភា​
  ឈាង វុន
© រក្សាសិទ្ធិដោយ thmeythmey.com