ពីនេះ ពីនោះ
អំនួត ក៏ត្រូវ​តែមាន​ព្រំដែន
10, Jun 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ធម្មជាតិ​របស់​មនុស្ស​គឺ​មិន​ចង់​ឲ្យ​ខ្លួនឯង​តូច​ទាប​ជាងគេ អន់​ជាងគេ ខ្សោយ​ជាងគេ ប៉ុន្តែ ចង់​ឲ្យ​ខ្លួនឯង​ថ្លៃថ្នូរ ខ្ពង់ខ្ពស់ និង​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកដទៃ​នៅ​ជុំវិញខ្លួន​។​



​ដើម្បី​ទទួលបាន​ការកោតសរសើ បុគ្គល​ស្ទើ​គ្រប់រូប​តែងតែ បង្ហាញ​ចំណុច​វិជ្ជមាន​របស់ខ្លួន ដើម្បី​ឲ្យ​គេ​បានឃើញ បានដឹង ពេលខ្លះ​ឈានទៅដល់​ការ​អួត​ពី​ខ្លួនឯង​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គេ​ទុកចិត្ត​មកលើ​ខ្លួន និង​យល់ឃើញថា ខ្លួន​ជា​មនុ​ស្សមាន​ប្រយោជន៍​។​

​ប៉ុន្តែ សង្គម​មួយ​មិន​អាចមាន​មនុស្ស​អួត​ច្រើនពេក​នោះទេ​។ ទោះបីថា អំនួត គឺ​ចង់បង្ហាញ​ពី​ភាពខ្លាំង​របស់​បុគ្គល តែ​មិនមែនជា​ការបង្ហាញ​ពី​តម្លៃពិត​របស់​បុគ្គល​ឡើយ​។ យ៉ាងណា ប្រសិនបើ​សង្គមជាតិ ទាំងមូល​មាន​យុវជន​ពោរពេញ​ដោយ​អំនួត ពលរដ្ឋ​អំនួត​គ្មាន​ព្រំដែន មន្ត្រី​អួតអាង​មិន​មើលខ្លួន ថ្នាក់ដឹកនាំ​អំនួត​ហួស​ពី​ស្ថានភាព​ប្រទេស គឺ​មិនបាន​ផ្ដល់​ប្រយោជន៍​អ្វី​ចំពោះ​ជាតិ​នោះទេ​។ កត្តា​ទាំងនេះ គឺ​គ្រាន់តែ​ជា​ស្រមោល​នៃ​មោទកភាព  ចំពោះ​ខ្លួនឯង​តែប៉ុណ្ណោះ ទីបំផុត​វា​មិន​បានធ្វើ​ឲ្យ​មានការ​ប្រសើរឡើង​ចំពោះ​ខ្លួនឯង ចំពោះ​សង្គម ឡើយ​។​

​ជា​មនុស្ស​ម្នាក់ ត្រូវ​ដឹង និង​ប្រាកដ​ក្នុង​ស្មារតី​ថា ការ​អួតអាង​វា​នឹង​នាំ​ខ្លួនឯង​ក្លាយជា​មនុស្ស​គ្មាន​តម្លៃ សម្ដី​គ្មាន​ឥទ្ធិពល យោបល់​គ្មាន​ប្រសិទ្ធភាព មារយាទ​មិនគួរ​ឲ្យ​ទុកចិត្ត ចរិត​មិន​សម​ឲ្យ​គោរព គេ​ស្អប់​ក៏​ច្រើន គេ​មើលងាយ​ក៏​ច្រើន ទីបំផុត​បានត្រឹមតែ​ជា​បុគ្គល​មិន​ចម្រើន​អ្វី​ទាំងអស់​។ យ៉ាងណា​ចង់​ឲ្យ​ខ្លួនឯង​ថ្លៃថ្នូរ មិន​ថា យុវជន ពលរដ្ឋ មន្ត្រី ថ្នាក់ដឹកនាំ ត្រូវ​កាត់បន្ថយ​អំនួត ឲ្យ​កាន់តែ​តិច​គឺ​កាន់តែ​ល្អ​។ ទោះបី​ថាបើ​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន បុគ្គល​ត្រូវ​ចេះ​បង្ហាញ​ឲ្យ​គេ​ដឹង តែ​មិនគួរ​យក​វិធី​អួតអាង​មក​អនុវត្ត​នោះឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com