ជាតិ
អ្នកនាំពាក្យ​ថា លោក រស់ សា​រ៉ុ​ម គួរតែ​សូមទោស​គ​.​ជ​.​ប តាមរយៈ​សន្និសីតកាសែត​
09, Jun 2016 , 10:59 pm        
រូបភាព
លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន
លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជន
​ភ្នំពេញ​៖ ការសុំ​ទោស​របស់ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន ដែល​ធ្វើឡើង​តាមរយៈ​លិខិត ហាក់ដូចជា​មិនទាន់​គ្រប់គ្រាន់​ឡើយ សម្រាប់​គ​.​ជ​.​ប​។ អ្នកនាំពាក្យ គ​.​ជ​.​ប លើកឡើងថា ប្រសិនបើ​លោក រស់ សា​រ៉ុ​ម មាន​ឆន្ទៈ​ក្នុងការ​ទទួលកំហុស​ពិត​មែន ប្រធាន​សមាគម​រូបនេះ គួរតែ​ធ្វើ​សន្និសីទ​សារ​ព័ត​មាន ទើប​សាក​សម​នឹង​អ្វីដែល​ខ្លួន​បាន​ប្រព្រឹត្ត​កន្លងមក​។​



​បន្ទាប់ពី​ដឹង​កំហុស​របស់ខ្លួន ដែល​ប្តឹង​សមាជិក​គ​.​ជ​.​ប ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន បាន​សូមទោស​បុគ្គល ដែល​ខ្លួន​ចោទប្រកាន់ តាមរយៈ​លិខិត​មួយច្បាប់​។ លើសពី​ការ​សូមទោស គ​.​ជ​.​ប សង្ឃឹមថា លោក រស់ សា​រ៉ុ​ម នឹងធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​សាង​កិត្តិយស​របស់​គ​.​ជ​.​ប ឡើយ​វិញ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប លោក ហង្ស ពុទ្ធា បាន​អះអាងថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត មិន​យកទោស​ពៃរ៍ ពី​លោក រស់ សា​រ៉ុ​ម ដែល​បាន​ប្តឹង​ថ្នាក់ដឹកនាំ​របស់ គ​.​ជ​.​ប នោះទេ​។ លោក ហង្ស ពុទ្ធា បន្ថែមថា ការលើកលែងទោស​បែប​នេះ ដោយសារតែ​គ​.​ជ​.​ប យល់ថា លោក រស់ សា​រ៉ុ​ម មាន​ភាពទន់ភ្លន់ និង​មាន​ស្មារតី​ភ្ញាក់រឭក ចំពោះ​ទង្វើ​ឆ្គាំឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ លើកឡើងថា ដើម្បី​សាក​សម​ទៅនឹង​កំហុស​របស់ខ្លួន លោក រស់ សា​រ៉ុ​ម គួរតែ​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​សូមទោស​និង​សាង​ភាព​ស្អាតស្អំ​ឲ្យ​ស្ថាប​ន័គ​.​ជ​.​ប ឡើងវិញ ព្រោះ​កាលពី​លោក​ចោទប្រកាន់ គ​.​ជ​.​ប ក៏​ធ្វើ​តាមរយៈ សន្និសីទ​សារ​ព័ត​មាន​ដែរ​។ លោក ហង្ស ពុទ្ធា បញ្ជាក់​បែបនេះ​ថា​៖«​យើង​មិន​បង្ខំ​គាត់​ថា​ត្រូវតែ​ធ្វើ​សន្និសីទ​ទេ តែបើ​គាត់​មាន​ឆន្ទៈ​គាត់​គួរតែ​ធ្វើ ដើម្បី​ឲ្យ​វា​សាក​សម​នឹង​អ្វីដែល​គាត់​ចោទគ​.​ជ​.​ប​»​។

​កាលពី​ថ្ងៃ​២ ខែមិថុនា លោក រស់ សា​រ៉ុ​ម បាន​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ ស៊ើបអង្កេត​លើ​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប ៤​រូប ដែល​លោក សង្ស័យថា​រួមគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។ មន្ត្រីជាន់ខ្ពស់​ដែល លោក រស់ សា​រ៉ុ​ម ប្តឹង គឹ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​, លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គ​.​ជ​.​ប​, លោក ហង្ស ពុទ្ធា សមាជិក​និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប រួមទាំង​លោក ម៉ៅ សុភា​រិ​ទ្ធ ដែលជា​អគ្គលេខាធិការរង​នៃ​គ​.​ជ​.​ប​។ ប៉ុន្តែ ពាក្យបណ្តឹង​របស់លោក រស់ សា​រ៉ុ​ម ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាន់​ចោល ដោយសារតែ​រក​មិនឃើញ​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់ថា អ្នក​ទាំង​៤​រូប បាន​ប្រព្រឹត្ត​អំពើពុករលួយ​៕


Tag:
 គជប​
  ហង្ស ពុទ្ធា​
  រស់ សា​រ៉ុ​ម​
© រក្សាសិទ្ធិដោយ thmeythmey.com