អន្តរជាតិ
សិង្ហ​បុរី បារម្ភ​ថា អាមេរិក​អាច​បាត់បង់​ភាពជា​អ្នកដឹកនាំ​ពិភពលោក​ក្រោយ​បោះឆ្នោត​
10, Jun 2016 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី  Vivian Balakrishnan
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី Vivian Balakrishnan
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី  Vivian Balakrishnan បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​គិតគូរ​ធ្វើយ៉ាងណា​កុំ​ឲ្យ​បាត់បង់​ភាពជា​អ្នកដឹកនាំ​ពិភពលោក​របស់ខ្លួន​នៅពេល​ខាងមុខ​។ អ្នកការទូត​សិង្ហ​បុរី​នេះ​ជឿជាក់ថា​អាមេរិក​ប្រហែលជា​ស្ថិតនៅ​ចំណុច​របត់​មួយ ដែល​គួរ​ឲ្យ​គ្រោះថ្នាក់ នៅពេលដែល​ការបោះឆ្នោត​ប្រធានាធិបតី​កាន់តែ​ខិតជិត​មកដល់​នោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។



​ប្រទេស​ជា​មិត្ត​របស់​អាមេរិក​រួមទាំង​សិង្ហ​បុរី​ផង​នោះ​កំពុង​រង់ចាំ​មើល​យ៉ាង​យកចិត្តទុកដាក់​និង បារម្ភ​ខ្លាំង​ពី​ការប្រកួតប្រជែង​គ្នា​ក្នុងការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​។ ក្នុងពេល​ស្ថិតនៅ​វេទិកា​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បាន​អះអាងថា រដ្ឋាភិបាល​សិង្ហ​បុរី​បារម្ភ​ខ្លាំង​និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​ពី​ការបោះឆ្នោត​អាមេរិក​នេះ​។​

​តាមពិតទៅ លោក​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​រយៈពេល​បី​ថ្ងៃ ហើយ​លោក​អញ្ជើញ​មកនេះ​ក៏​ដើម្បី​ពិភាក្សា​ពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី សិង្ហ​បុរី​មក​សហរដ្ឋអាមេរិក​នៅ​ខែសីហា​ខាងមុខ​ដែរ​។​

​ប្រមុខ​ការទូត​សិង្ហ​បុរី​រូបនេះ​សង្កត់ធ្ងន់ថា អាមេរិក​បច្ចុប្បន្ន​ប្រហែលជា​ស្ថិតនៅ​ចំណុច​របត់​មួយ​។ « មើល​ពី​ចម្ងាយ យើង​មាន​អារម្មណ៍​ថា វា​មានការ​ផ្លាស់ប្តូរ​មួយ ដែល​អាមេរិក​នឹង​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​ការអន្តរាគមន៍​បរទេស និង​កាន់​តែមាន​មន្ទិលសង្ស័យ​ខ្លាំង​លើ​គម្រោង​ពាណិជ្ជកម្ម​សេរី​ថែមទៀត​នោះ​»​។​

​ក្រៅពី​បង្ហាញ​ការបារម្ភ​ចំពោះ​ស្ថានការណ៍​នយោបាយ​អាមេរិក រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​រូបនេះ​ក៏​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ប្រឹងប្រែង​ធ្វើយ៉ាងណា​កុំ​ឲ្យ​តួនាទី​ជា​អ្នកដឹកនាំ​ពិភពលោក​របស់​អាមេរិក​បាត់បង់​ឲ្យ​សោះ​។ នេះ​ក៏​ដោយសារ​ការបោះឆ្នោត​អាមេរិក​នឹងធ្វើ​ឲ្យ​មានការ​ប្រែង​ប្រួល​ខ្លាំង​នៅពេល​ខាងមុខ​។​

«​ខណៈដែល​វា​មិនមែនជា​តួនាទី​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិនមាន​សិទ្ធិ​ឬ​សមត្ថភាព​ផ្តល់​ប្រឹក្សា​ថា​ធ្វើយ៉ាងណា​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ក្នុងស្រុក​ទាំងនេះ​ក្តី  តែ​យ៉ាងហោចណាស់​វា​ជា​ក្តីសង្ឃឹម​របស់​យើង​ដែលថា​អាមេរិក​នឹងមិន​បាត់បង់​ទំនុកចិត្ត ស្មារតី​ជឿជាក់ និង​ទំនួល​ខុសត្រូវ​ដែល​តែង​ធ្វើ​ឲ្យ​នយោបាយ​ការបរទេស​អាមេរិក​ខ្លាំងក្លា និង​ធ្វើ​ឲ្យ​តួនាទី​ជា​មេដឹកនាំ​ពិភពលោក​របស់​អាមេរិក​រឹងមាំ​»​។​

​នៅ​ថ្ងៃ​សុក្រ​នេះ លោក​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី Vivian Balakrishnan នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី ដោយ​ផ្តោតលើ​បញ្ហា​ជាច្រើន​ជាពិសេស​ការរៀបចំ​ទទួល​ទស្សនកិច្ច​របស់​លោក លី​សៀន​ឡុង​មកកាន់​សហរដ្ឋអាមេរិក​នៅ​ខែសីហា និង​បញ្ហា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​។ សិង្ហ​បុរី​ប្រហែលជា​ចង់បាន​ចម្លើយ​ជាក់លាក់​មួយ​ពាក់ព័ន្ធ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​។

​រដ្ឋាភិបាល​សិង្ហ​បុរី​ចង់​ឲ្យ​មាន​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​កាន់តែ​ឆាប់ ប៉ុន្តែ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ហាក់បីដូចជា​ប្រឈម​ការជំទាស់​ច្រើន​។ សេដ្ឋី ដូ​ណា ត្រាំ​ដែលជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ មិន​ទទួលស្គាល់​កិច្ចព្រមព្រៀង​នេះ​ទេ ខណៈដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដែលជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​នោះ​អះអាងថា លោកស្រី​ចង់​កែ​កិច្ចព្រមព្រៀង​នេះ​៕


Tag:
 Vivian Balakrishnan
  ច​ន ឃែ​រី​
© រក្សាសិទ្ធិដោយ thmeythmey.com