ពីនេះ ពីនោះ
«​សិល្បៈ​បង្កើត​គំនិត និង​ការ​ចំអក​» ជា​វិធី​បង្រៀន​របស់​ទស្សនវិទូ​សូ​ក្រា​ត​
09, Jun 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
សូ​ក្រា​ត (SOCRATE) មាន​វិធី​បង្រៀន​ពីរ​យ៉ាង​គឺ «​សិល្បៈ​បង្កើត​គំនិត និង​ការ​ចំអក​»​។ បង្កើត​គំនិត គឺ​ចំពោះ​មនុស្ស​សាមញ្ញ​ដែល​មិនចេះ​អួតអាង ហើយ​ដឹងថា​ខ្លួន​គ្មាន​ចេះ​អ្វី​សោះ​។ ចំណែក ការប្រើ​វិធី​ចំអក គឺ​ចំពោះ​ពួក​សូ​ហ្វី​ស (​ពួក​ទស្សនវិជ្ជា​មួយក្រុម​ដែល​ប្រឆាំង និង​ទស្សនវិជ្ជា​របស់​សូ​ក្រា​ត​) ដែលជា​អ្នក​អួតអាង​មានជំនឿថា ខ្លួន​មានចំណេះ​សកល​។ ឃ្លា​ចំបង​របស់​សូ​ក្រា​ត​ស្តីពី​ទស្សនវិជ្ជា​គឺ «​ខ្ញុំ​ដឹង​តែមួយ​មុខ​គត់​គឺ គ្មាន​ចេះ​អ្វី​សោះ​»​។​



ទស្សនវិជ្ជា​របស់​សូ​ក្រា​ត​ច្រើន​អប់រំ​បែប​លិ​ស​វិជ្ជា​៖
១. ត្រូវ​យល់​ពី​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ធម្មជាតិ​
២. ត្រូវ​យល់​អ្វីដែល​នៅ​ជិត​យើង មុននឹង​យល់​អ្វីដែល​ឆ្ងាយ​ពី​យើង​
៣. ត្រូវ​ស្គាល់​ខ្លួនឯង​ដោយ​ខ្លួនឯង​
៤. ត្រូវ​ដុសខាត់​ព្រលឹង​ឲ្យ​បាន​ប្រសើរ​ជាង​ដុសខាត់​សរីរៈ​
៥. ត្រូវ​និយម​ប្រើពាក្យ​ថា «​ខ្ញុំ​មិនចេះ​អ្វី​សោះ​»
៦. ត្រូវ​ជជែក​គ្នា ដើម្បី​រក​ការពិត​ព្រោះ​ការជជែក​ជា​វិធី​បង្កើត​គំនិត​

លទ្ធផល​ដែល​ល្អ ជា​លទ្ធផល​ដែល​បានទទួល​ការរិះគន់​រួចហើយ​
១. សូ​ក្រា​ត​ពោលថា ពុំមាន​ន​ណា​ម្នាក់ កាច​ដោយ​ចេតនា​ទេ​។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​បំណងល្អ តែបើ​ប្រែជា​អាក្រក់​វិញ គឺ​ពិត​ជាមាន​បុព្វហេតុ​ដូចជា បុព្វហេតុ​ផ្ទាល់ខ្លួន ឬ​ក្រៅ​ខ្លួន​។ តែ​ចំពោះ​ប្លា​តុង វិញ​យល់ថា មនុស្ស​កើតមក​មាន​អ​កប្ប​កិរិយា​ខុសៗ​គ្នា ខ្លះ​ល្អ ខ្លះ​អាក្រក់ ខ្លះ​ស្លូត ខ្លះ​កាច​តាម​និស្ស័យ​ធម្មជាតិ​។
 ២. ក្នុងតម្លៃ​សីលធម៌​សូ​ក្រា​ត​ចេញមុខ​ប្រឆាំងនឹង​ពួក​សូ​ហ្វី​ស ដែល​ចូលចិត្ត​យកពាក្យ​សម្តី​ទៅប្រើ​ផ្លូវខុស ហើយ​ធ្វើ​អ​កប្ប​កិរិយា​ដូចជា​អ្នកចេះដឹង​ច្រើន​។​
៣. សូ​ក្រា​ត ជា​មនុស្ស​ថ្មី ចំឡែក​ដែល​បាន​ក្លាយជា​ទស្សនវិទូ​គំរូ​មួយរូប​សម្រាប់​ជំនាន់​ក្រោយ​។ គេ​តែង​និយាយថា «​សូ​ក្រា​ត​ជា​បុរស​នៃ​ក្រុង​អា​តែ​ន ដែលមាន​រូបអាក្រក់ ហើយ​ល្អ​ជាងគេ​បំផុត​»៕

[​ដកស្រង់​ពី​សៀវភៅ មេរៀន​សង្ខេប​ទស្សនវិជ្ជា​ថ្នាក់​ទី​១១ ដែល​រៀបរៀង​ដោយ​សាស្ត្រាចារ្យ នង ប៊ុនហេង​]


© រក្សាសិទ្ធិដោយ thmeythmey.com