ជាតិ
ឯកឧត្តម សម រង្ស៊ី សោកស្តាយដែលមានអ្នកប្រមាថ​គ្រួសារ​សម្តេច​ ហ៊ុន សែន
14, Jun 2016 , 5:02 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បានផ្ញើលិខិត​មួយ​មកសម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​១៤​មិថុនា ដើម្បី​សំដែង​ការសោកស្តាយចំពោះ​ទង្វើរបស់​មនុស្សណា​ដែល​បាន​ប្រមាថ កូនប្រុស និងគ្រួសារ​របស់​សម្តេច ហ៊ុន សែន។ មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន​រូប​បាន​អះអាងថា ប្រធាន​របស់ពួកគេពិតជាបានផ្ញើលិខិតនេះទៅ​សម្តេច​នាយករដ្ឋមន្ត្រីមែន​។​



ក្នុងលិខិត​ដែល​ចុះហត្ថលេខាដោយ​ឯកឧត្តម សម រង្ស៊ី ពី​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក ឯកឧត្តម សម រង្ស៊ី​ បាន​សរសេរយ៉ាង​ដូច្នេះ៖«ក្នុងនាមថ្នាក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ និងក្នុងនាម​ខ្ញុំ​ផ្ទាល់ យើងសូមសំដែង​ការ​សោកស្តាយយ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ជនទាំងឡាយ ដែលបានប្រើប្រាស់ពាក្យ​ពេចន៍​មិនសមរម្យ ថ្លៃថ្នូរ ប្រមាថ និង​ចោទប្រកាន់​មកលើកូនប្រុស​របស់​សម្តេច និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលធ្វើឲ្យ​សម្តេច និង​ក្រុមគ្រួសារ​ទទួលរងការឈឺចាប់»។

មន្រ្តីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ចន្ទឫទ្ធិ បានថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​មុន​នេះ​បន្តិចថា ​ការសរសេរ​លិ​ខិត​សំដែងការសោក​ស្តាយ​របស់​ឯកឧត្តម សម រង្ស៊ី ផ្ញើជូន​សម្តេច ហ៊ុន សែន នេះ បន្ទាប់ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សាបន្ទាន់​មួយ​នៅថ្ងៃ​អង្គារនេះ។

លិខិត​របស់ឯកឧត្តម សម រង្ស៊ី ត្រូវបាន​ធ្វើ​ឡើង មួយ​ថ្ងៃក្រោយសម្តេច ហ៊ុន សែន ទាមទារឲ្យមានការ «ប៉ះប៉ូវ» ចំពោះការ​ប្រមាថនេះ។ សម្តេច ហ៊ុន សែន បាន​រម្លឹកឡើងវិញកាលពីថ្ងៃទី​១៣​មិថុនា ពី​វេទិកា​ចែក​សញ្ញាបត្រ​ ថា​មាន​បុគ្គល​ដែល​បាន​ចោទប្រកាន់ថា លោក ហ៊ុន ម៉ាណែត មិនមែនជាកូនប្រុស​បង្កើត​របស់សម្តេច និង​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com