ជាតិ
​​​ន​យោ​បាយ​ជាតិ​
CNRP ដាក់​លិខិត​សុំ​ចូលគាល់​ព្រះមហាក្សត្រ ដើម្បី​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​
15, Jun 2016 , 11:48 am        
រូបភាព
ដោយ: ថ្មីៗ
 
​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​មួយច្បាប់​សុំចូល​គាល់​ព្រះមហាក្សត្រ ដោយផ្ទាល់​ដើម្បី​រាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​នាពេល​បច្ចុប្បន្ននេះ​។ នេះ​បើតាម​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។


​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​នៅមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រឹក​នេះ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹងថា គណបក្ស​លោក បានដាក់​លិខិត​សុំចូល​គាល់​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​១៤ មិថុនា​រួចហើយ ដើម្បី​សុំ​ពិគ្រោះ​យោបល់ និង​រាយការណ៍​ពី​បរិយាកាស​នយោបាយ​ជូន​ព្រះអង្គ​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្ថែមថា គណបក្ស​លោក​នៅតែ​បន្ត​ប្រមូល​ស្នាម​មេដៃ និង​រៀបចំ​ញត្តិ​ដើម្បី​ដាក់ថ្វាយ​ព្រះមហាក្សត្រ ប៉ុន្តែ​គណបក្ស​លោក​មិន​កំណត់ពេល​វេលា​ហែ​ញត្តិ​ដាក់ថ្វាយ​ព្រះអង្គ​នៅឡើយ​ទេ​។ បើតាម​លោក យ៉ែម បុញ្ញ​ឬ​ទ្ធិ មកដល់ពេលនេះ​គណបក្ស​លោក​បានទទួល​ស្នាម​លើ​ញត្តិ​លើក​ទី​ពីរ​នេះ បាន​ចំនួន​ជាង​២៦​ម៉ឺន​ស្នាម​មេដៃ​ហើយ​។​
 
​កាលពី​ថ្ងៃទី​២៨ ខែមេសា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៣​រូប​ក្នុងចំណោម​៥៥​រូប បា ន​ដាក់​លិខិត​មួយច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ដោយបាន​ទូលថ្វាយ​ពី​ស្ថាន​ការ ណ៍​នយោបាយ​នៅ​កម្ពុជា និង​ស្នើសុំ​ព្រះរាជអន្តរាគមន៍​ឲ្យ​បន្ថយកម្តៅ​នយោបាយ​។ ដោយឡែក​នៅ​ថ្ងៃទី​៣០​ឧសភា​កន្លងមក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ញត្តិ​ចំនួន​១៨​ដុំ ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់ យក​ថ្វាយទៅ​ព្រះមហាក្សត្រ​ជាថ្មីទៀត ដើម្បី​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​បញ្ហានយោបាយ​ដែល​កំពុងមាន​ភាព​តានតឹង​នេះ ។​
 
​ជុំវិញ​ស្នាម​មេដៃ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅលើ​ញត្តិ​នេះ បាន​សន្និដ្ឋានថា ស្នាម​មេដៃ​ពលរដ្ឋ​ជាង​១៧​ម៉ឺន​ទាំងនោះ អាចមាន​ភាពមិនប្រក្រតី ដោយ​ស្នាម​មេដៃ​ខ្លះ​មានតែ​ឈ្មោះ ខ្លះទៀត​មានឈ្មោះ​អត់​ស្នាម​មេដៃ និង​គ្មាន​អាស្រ័យ​ដ្ឋា​ន​ច្បាស់លាស់​។ ជាពិសេស​ស្នាម​មេដៃ​មនុស្សម្នា​ក់បាន​ផ្តិត​ដដែលៗ​លើ​ឈ្មោះ​ផ្សេងទៀត​ផងដែរ​។​
 
​តែ​ត្រង់ចំណុច​នេះ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ហាក់​មិនទាន់​ជឿ​លើ​ការសន្និដ្ឋាន​នេះឡើយ ដោយសារ​គណបក្ស​លោក​មិនបាន​ចូលរួម​ត្រួតពិនិត្យ​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​នេះ​៕

Tag:
 CNRP
© រក្សាសិទ្ធិដោយ thmeythmey.com