អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក ប្រាប់​រុស្សី​ថា ការអត់ធ្មត់​ខ្លួន​មានកំណត់​
16, Jun 2016 , 11:00 am        
រូបភាព
 
 
​ប្រមុខ​ការទូត​អាមេរិក បាន​ចេញមក​ព្រមាន​ជា​ចំហ​ទៅ​រុស្សី និង​ប្រធានាធិបតី​ស៊ី​រី ខណៈដែល​ជម្លោះ​នៅក្នុង​ស៊ី​រី ដែល​ឈាន​មកដល់​ឆ្នាំ​ទី​៦ មកហើយ​នោះ នៅតែ​រក​ច្រកចេញ​មិនទាន់​ឃើញ​នៅឡើយ​ទេ​។ ប្រមុខ​ការទូត​អាមេរិក​អះអាងថា សហរដ្ឋអាមេរិក កាន់តែ​អស់​ការអត់ធ្មត់​លើ​បញ្ហា​ស៊ី​រី និង​អនាគត​លោក បា​សា អាល់អាសាដ ហើយ​។

 
​ពី​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រវេ​ស រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃែ​រី (John Kerry) បាន​ប្រាប់​ឲ្យ របប​ប្រធានាធិបតី អាសាដ និង​សម្ព័ន្ធមិត្ត​រុស្សី ត្រូវគោរព​បទ​ឈប់​បាញ់ ដែល​រង្គោះរង្គើ​មិនចេះ​មិន​ចប់ ខណៈ​ការ​វាយ​ប្រយុទ្ធ​ថ្មី នៅតែមាន ដោយ​សម្លាប់​ជីវិត​អស់​ជាច្រើន​។ លោក ឃែ​រី ថែមទាំង​ព្រមាន​ថា ការអត់ធ្មត់​របស់ខ្លួន ចំពោះ​បញ្ហា​ស៊ី​រី មិនមែន​អមតៈ​ទេ​។   
 
​ថ្លែង​នៅក្នុង​វេទិកា​ស្ដីពី​ការស្វែងរក​ដំណោះស្រាយ និង​ការសម្រុះសម្រួល រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​បញ្ជាក់ថា រុស្សី​ត្រូវតែ​ដឹង​ពី​កម្រិត នៃ​ការអត់ធ្មត់​របស់​អាមេរិក គឺមាន​កម្រិត ជាពិសេស​លើ​វាសនា​របស់​ប្រធានាធិបតី​ស៊ី​រី លោក បាស​សារ អាល់ អាសាដ​។ លោក ឃែរី និយាយទៀតថា បទ​ឈប់​បាញ់ ទំនងជា​បរាជ័យ ហើយ​រុស្សី ត្រូវតែ​ដាក់​សម្ពាធ​ឲ្យ​ខ្លាំង​លើ​លោក អាសាដ ដើម្បី​ធានា​ការគោរព​បទ​ឈប់​បាញ់ និង​សម្រួលការ​ដឹកជញ្ជូន​ជំនួយ​។ មួយវិញទៀត លោក ឃែ​រី នឹង​ឲ្យ​ពួក​ឧទ្ទាម ទទួលខុសត្រូវ ចំពោះ​ការអំពើហិង្សា ដែល​នៅតែ​បន្ត​រហូតមក​។​
 
​ឆ្លៀតឱកាស​ស្នាក់នៅ​ន័​រវេ​ស ប្រមុខ​ការទូត​អាមេរិក ក៏បាន​ជួប​ជាមួយ​សម​ភាគី​មកពី​អ៊ីរ៉ង់ និង​រដ្ឋមន្ត្រី​ការពារជាតិ​ស៊ី​រី អ៊ីរ៉ង់ ព្រមទាំង​រុស្សី ក្នុង​គោលដៅ​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា នៅ​ស៊ី​រី ជាពិសេស​នៅឯ​ទីក្រុង Aleppo ភាគ​ខាងជើង​ស៊ី​រី ដែល​ការប្រយុទ្ធ​គ្នា បាន​ឆក់យក​ជីវិត​ជាច្រើន​។ ទាក់ទិន​រឿងនេះ បើតាម​សារព័ត៌មាន Al Arabiya លោក ច​ន ឃែ​រី សង្កត់ ធ្ងន់​ថា បទ​ឈប់​បាញ់ ថ្ងៃទី​២៧ ខែកុម្ភៈ ហាក់​រសាត់​ទៅ​ឆ្ងាយ និង​ប្រឈមមុខ នឹង គ្រោះ ថ្នាក់​ទៀតផង ហើយ​វា ជា​បញ្ហាសំខាន់ ដែល​ត្រូវមាន​បទ​ឈប់​បាញ់​ថ្មី​មួយ​។​
 
​វិបត្តិ​ស៊ី​រី ដែល​កើតឡើង​ក្នុង​ឆ្នាំ​២០១១ នៅតែ​ជា​បញ្ហា​ក្ដៅ ខណៈដែល​កិច្ចព្រមព្រៀង​សន្តិភាព ជាប់គាំង ហើយ​បទ​ឈប់​បាញ់​ជាច្រើន ក៏​បរាជ័យ​ជា​បន្តបន្ទាប់​ផងដែរ​។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កិច្ចខិតខំ​ប្រឹងប្រែង កំពុងតែបន្ត ដើម្បី​សម្រេច​ឲ្យ​បាន​បទ​ឈប​ប់​បាញ់​ថ្មី​មួយទៀត ដែល​អាច​នឹង​ចេញ​ជា​រូបរាង​ក្នុង​សប្ដាហ៍​ខាងមុខ​។ 
 
​ប៉ុន្តែ លោក ច​ន ឃែ​រី  មិនអាច​សន្យា​បានទេ​ថា កិច្ចព្រមព្រៀង​ថ្មី នឹង​ចេញ​ជា​រូបរាង​មែន ដោយ​លោក​គ្រាន់តែ​អះអាងថា ការសន្ទនា​របស់លោក ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ នឹង​ជួយ​ច្រើន​ដល់​ការបង្កើត​បទ​ឈប់​បាញ់​ថ្មី​នេះ​៕ 
 
  

Tag:
 រុស្សី​
 ​អាមេរិក​
 ​ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com