អន្តរជាតិ
ចិន ៖ និស្សិត​ស្រីៗ​ត្រូវ​បង្ខំ​ឲ្យ​ផ្ញើ​រូបថត​ស្រាត​របស់ខ្លួន ដើម្បី​ជាការ​ធានាថា​នឹង​សង​ប្រាក់​
19, Jun 2016 , 10:40 pm        
រូបភាព
ដោយ: ធីតា
ការសិក្សា​នៅ​ប្រទេស​ចិន ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។ មាន​និស្សិត​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​បង់ថ្លៃ​ចំណាយ​លើ​ការសិក្សា​។ រីឯ​និស្សិត​ដែល​គ្មាន​លទ្ធភាព ពួកគេ​ត្រូវ​ស្វែងរក​ប្រាក់កម្ចី​តាម​មធ្យោបាយ​រៀងខ្លួន​។ អ្នកក្រីក្រ​ខ្លះ​ក៏ត្រូវ​ធនាគារ​បដិសេធ​ផ្តល់​កម្ចី​។ ហេតុនេះ និស្សិត​ស្រី​មួយចំនួន​បាន​ស្វែងរក​ជំនួយ​ពី​ក្រុម​អ្នក​ចងការ​ប្រាក់​លើ​អ៊ី​ន​ធឺ​ណេ​ត​។ កម្ចី​នេះ​មិនត្រូវ​ការ​ទ្រាំ​បញ្ចាំ​ទេ អ្វីដែល​គេ​ត្រូវការ​នោះ គឺ​រូបថត​ស្រាត​របស់​ពួកនាង និង​ច្បាប់​ចម្លង​នៃ​អត្តសញ្ញាណប័ណ្ណ​។ រូបថត​ស្រាត​ទាំងនោះ​គឺជា​ការធានា​នៃ​ការសង​ប្រាក់​។ បើសិនជា​ពួកនាង​មិន​សង​ប្រាក់​ទេ រូបថត​ស្រាត​របស់​ពួកនាង​នឹងត្រូវ​បង្ហោះ​លើ​វ៉ិ​ប​សាយ​អាសអាភាស​។​

 
​ក្រុម​អ្នក​ចងការ​ប្រាក់​ផ្តល់នូវ​កម្ចី​ដ៏​ខ្ពស់ ជួនកាល​ខ្ពស់ជាង​កញ្ចប់​កម្ចី​ទៅតាម​ធនាគារ​រហូតដល់​ទៅ ៥ ដង​។ ក៏ប៉ុន្តែ ពួកគេ​នឹង​ជំរិត​យកការប្រាក់​ដ៏​ខ្ពស់​ដូចគ្នា​ដែរ​។ នារី​វ័យក្មេង​ម្នាក់​ឈ្មោះ Lin Wiao បាន​ប្រាប់​សារព័ត៌មាន Beijing Youth ថា នាង​ចង់​បើក​អាជីវកម្ម​តូច​មួយ នាង​សុខចិត្ត​ផ្ញើ​រូបថត​ស្រាត​របស់​នាង​ទៅ​ក្រុម​ចងការ​ប្រា​ក់លើ​វ៉ិ​ប​សាយ Jiedaibao ។ នាង​ទទួលបាន​កម្ចី​ប្រមាណ ១៨ ០០០ ដុល្លារ​។ ៤ ខែក្រោយ​មក បំណុល​ស្រាប់តែ​កើនឡើង​ទ្វេដង​។ នាង​ត្រូវសុំ​ជំនួយ​ពី​ក្រុមគ្រួសារ​ដើម្បី​សង​ប្រាក់​ឲ្យ​ក្រុម​ចងការ​ឲ្យ​បាន​ឆាប់ បើសិន​ដូច្នោះ​ទេ រូបថត​ស្រាត​របស់​នាង​នឹងត្រូវ​បង្ហោះ​ជា​សាធារណៈ​។ ទោះជា​សង​ប្រាក់​អស់​រួច​ក៏ដោយ នាង​នៅតែ​ព្រួយបារម្ភ​ថា រូបអាក្រាត​របស់​នាង​នឹង​ត្រូវគេ​បង្ហោះ​ដដែល​។​
 


​ចាប់តាំងពី​ថ្ងៃ​ពុធ​នេះ​មក ព័ត៌មាន​អំពី​ការផ្តល់​កម្ចី​ជាមួយនឹង​ការ​បញ្ចាំ​រូបថត​ស្រាត​ត្រូវបាន​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ឡើង​។ ក្រុម​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​បាន​បញ្ចេញ​មតិយោបល់​ជាច្រើន​ទាក់ទិន​នឹង​បញ្ហា​នេះ ហើយ​បាន​ចោទ​សួរថា ហេតុអ្វី​ក៏​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​នឹង​រឿងនេះ​។ នេះ​ជា​ល្បិច​ថ្មី​របស់​ក្រុម​ចងការ​ប្រាក់ ដែល​ក្លាយជា​រឿងអាស្រូវ​ថ្មី​មួយទៀត​នៅក្នុង​សង្គម​ចិន​៕
 
​ប្រភព​៖ Direct Matin

Tag:
 ចិន
  និស្សិតស្រី
© រក្សាសិទ្ធិដោយ thmeythmey.com