ពីនេះ ពីនោះ
«​អ្នកមាន​និយាយ​ខុស​មាន​គេ​ស្ដាប់ អ្នក​ក្រចេះ​ច្បាប់​គេ​អត់​ស្ដាប់​ទេ​»៖ តើ​អ្វី​ជាត​ម្លៃ​?
19, Jun 2016 , 6:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងសង្គម​មួយ​តែងតែមាន អ្នកមាន​អ្នកក្រ អ្នកសិក្សា​រៀនសូត្រ អ្នក​មិនមាន​ចំណេះដឹង ដែល​នាំទៅរក​ការបែងចែក​វណ្ណៈ​សង្គម​។ វណ្ណៈ​សង្គម​ថ្វី​ដ្បិតថា មិនមាន​ចែង ត្រូវ​បែង​ចែកជា​វណ្ណៈ​អ្វីមួយ ប៉ុន្តែ​ភាពជាក់ស្ដែង និង​នៅក្នុង​ផ្នត់គំនិត​របស់​មនុស្ស​ម្នាក់ៗ​តែងតែមាន​ការកំណត់​ទីតាំង​របស់ខ្លួន​ថា​ជា​អ្នកណា វណ្ណៈ​អ្វី​។ ព្រោះតែ​បែបនេះហើយ ទើប​ពេលខ្លះ​គេ​មើលឃើញថា ឥទ្ធិពល​របស់​អ្នកមានអំណាច អ្នកមាន​លុយ មានបុណ្យ​សក្តិ​ខ្ពស់ តែងតែមាន​ទៅលើ​អ្នកក្រ តូច​ទាប​យ៉ាងខ្លាំង​។ កត្តា​នេះ ដូនតា​ខ្មែរ​លោក​បាន​លើក​ជា​សុភាសិត​មួយ​ថា​«​អ្នកមាន​និយាយ​ខុស​មាន​គេ​ស្ដាប់ អ្នក​ក្រចេះ​ច្បាប់​គេ​អត់​ស្ដាប់​ទេ​»​។ ហេតុអ្វី​បានជា​ដូនតា​ខ្មែរ​លោក​ឡើង​បែបនេះ​? តើ​ត្រឹមត្រូវ​ដែរ​ទេ​?


 
​មុន​ធ្វើការ​បកស្រាយ​សុភាសិត​មួយ​នេះ គេ​ត្រូវតែ​ស្គាល់​ថា​អ្នកមាន និង​អ្នកក្រ​មាន​លក្ខណៈ​ខុសគ្នា​បែបណា​? ជាទូទៅ អ្នកមាន គឺជា​ជំពូក​បុគ្គល​មាន​ឥទ្ធិពល​តាមរយៈ​អំណាច បុណ្យ​សក្តិ តួនាទី ទឹកប្រាក់​ជាដើម​។ ពួកគេ តែងតែមាន​ទឹកមាត់ប្រៃ សម្ដី​និយាយបាន​លុយ សម្ដី​និយាយបាន​អំណាច និង​មាន​គេ​គោរព​កោតខ្លាច​។ ពេលខ្លះ ទោះជា​និយាយ​មកជា ភាសា​មិន​ត្រឹមត្រូវ សម្ដី​មិន​យល់​ការ ប៉ុន្តែ​ព្រោះតែ​ឥទ្ធិពល នៃ​ការ​មានបាន​ផ្នែក​ខាងក្រៅ សម្ភារ​និយម លុយ ឡាន វីឡា បានធ្វើ​ឲ្យ​មហាជន មានការ​គោរព​កោតខ្លាច និង​ស្ដាប់​យ៉ាង​យកចិត្តទុកដាក់​។​
 
​ចំណែក​អ្នកក្រ​វិញ រស់នៅក្នុង​ជីវភាព​ក្រីក្រ គ្មាន​ទ្រព្យសម្បត្តិ គ្មាន​អំណាច គ្មាន​ឥទ្ធិពល គ្មាន​មធ្យោបាយ សម្ដី​មិន​ប្រៃ សម្ដី​និយាយ​ចេញ​មិនបាន​លុយ មិនបាន​អំណាច​។ ពេលខ្លះ​ខ្លួន​យល់ដឹង​ពី​ច្បាប់ មានការ​យល់ដឹង​មាន​សីលធម៌ និយាយស្ដី​មាន​ហេតុ​មាន​ផល មានការ​ពន្យល់ ក៏​សម្ដី​របស់​បុគ្គល​នោះ​នៅ​មិនមាន​តម្លៃ មិនមាន​សារៈសំខាន់ មិនមាន​អ្នកណា​ចង់​ស្ដាប់ និង​ខ្វាយខ្វល់​ជាមួយ​។ រហូតដល់​ពេលខ្លះ ត្រូវគេ​រិៈ​គន់​ថា «​ប្រសិនបើ​អ្នកឯង​ចេះ អ្នកឯង​ខ្លាំង មិនមែន​អ្នក​នៅ​ក្រ​នោះទេ​»​។​
 
​ព្រោះតែ​រូបភាព​បែបនេះ ផ្នត់គំនិត​មនុស្ស​បែប​នេះ បូករួម​ជាមួយ​ការកើតមាន​ជា​ដដែលៗ​នៅក្នុង​សង្គម ទើប​ដូនតា​ខ្មែរ​លោក​លើក​ជា​សុភាសិត​ថា «​អ្នកមាន​និយាយ​ខុស​មាន​គេ​ស្ដាប់ អ្នក​ក្រចេះ​ច្បាប់​គេ​អត់​ស្ដាប់​ទេ​» ទុក​សម្រាប់​កូនចៅ​ខ្មែរ​យកមក​គិតពិចារណា​ថា​ត្រឹមត្រូវ​ឬក៏​ខុស​?
 
​ជាការ​ពិត សុភាសិត​មួយ​នេះ​នៅតែ​ត្រឹមត្រូវ ទោះបីជា​សង្គម​ខ្មែរ បាន​ឈាន​មកដល់​ដំណាក់កាល​នេះ​ក៏ដោយ​។ ព្រោះថា ជា​ទំនោ​សង្គម និង​ផ្នត់គំនិត​របស់​មនុស្ស ការវាយតម្លៃ​ទៅលើ​បុគ្គល តែងតែ​ចាប់​ផ្ដើមដំបូង​ពីអ្វី​ដែល​ស្ដែង​ចេញពី​ខាងក្រៅ​ជាមុន​។  យ៉ាងណាមិញ សម្ដី​របស់​ជន​មាន​លុយ មានអំណាច គឺ​តែងតែ​ឈ្នះ​បុគ្គល​ក្រីក្រ ទោះ​អ្នកមាន​នោះ​ខុស​ក៏ដោយ​។ មិនតែប៉ុណ្ណោះ សុភាសិត​មួយ​នេះ នៅតែមាន​ភាពត្រឹមត្រូវ ក្នុងករណី​ប្រជាជន ឬ​ពលរដ្ឋ នៅក្នុង​សង្គម​នោះ​សម្បូរ​ទៅដោយ​អ្នក​មិនបាន​ទទួល​ការអប់រំ ឬ​មាន​កម្រិត​ចំណេះដឹង​ទាប ហើយ​ឲ្យ​តម្លៃ​ទៅលើ​ភាពមានបាន​ខាង​សម្ភារ និង​អំណាច​បុណ្យ​សក្តិ តែ​មិន​គិតពី​ខ្លឹម​របស់​មនុស្ស ។​
 
​និយាយ​បែបនេះ​មិនមែន​មានន័យថា គ្រប់​អ្នកមាន​ទាំងអស់ សុទ្ធតែ​គ្មាន​សីលធម៌ គ្មាន​ចំណេះដឹង មិនចេះ​មិនដឹង​ពី​ច្បាប់​នោះទេ​។ ប៉ុន្តែ​វា​ស្ទើ​តែ​ជា​ធម្មជាតិ​របស់​មនុស្ស​គឺ​ចាប់​ផ្ដើមដំបូង​នៃ​ការ​ឲ្យ​តម្លៃ​មនុស្ស​គឺ​ផ្ដើម​ពី​ផ្នែក​ខាងក្រៅ​។ កត្តា​នេះ​វា​នាំ​ឲ្យ​សង្គម​មួយ ដែល​អ្នក មាន​សមត្ថភាព​កើតចេញពី​ត្រកូល​កូន​អ្នកស្រែ អ្នកចំការ អ្នកក្រ បាក់​ទឹកចិត្ត បោះបង់​ឆន្ទៈ​ធំ ដោយ​យល់ថា​គ្រប់យ៉ាង​គឺ​មិនអាច​ទៅរួច​។​
 
​ប៉ុន្តែ សុភាសិត​របស់​ដូនតា​ខ្មែរ​មួយ​នេះ នឹង​លែង​សច្ច  នៅពេលដែល​ពលរដ្ឋ​នៅក្នុង​សង្គម មានចំណេះដឹង ចេះ​គិត​ចេះ​ពិចារណា​បាន​សព្វ​ជ្រុងជ្រោយ មាន​សមត្ថភាព​អាច​វិនិច្ឆ័យ អ្វី​ល្អ អ្វី​អាក្រក់ អ្វី​ខុស​អ្វី​ត្រូវ ទោះ​អ្នកមាន​និយាយ​រហូត​ខះទឹក​មាត់ ក៏​មិនអាច​បោកប្រាស់​រាស្ត្រ​បានឡើយ​។ ពេលនោះ​ហើយ ដែល​ឬ​ទ្ធា​នុ​ភាព​របស់​អ្នកមានអំណាច អ្នកប្រើប្រាស់​អំណាច​បុណ្យ​សក្តិ និង​អំណាច​ទឹកប្រាក់ នឹងត្រូវ​បាត់បង់​។ ប៉ុន្តែ​កត្តា​នេះ​មិន​ងាយ​កែប្រែ​មួយថ្ងៃ មួយខែ មួយឆ្នាំ​បានឡើយ​។ 
 
​ជារួម​មក ផ្អែកលើ​សុភាសិត​របស់​ដូនតា​ខ្មែរ​មួយ​នេះ បូករួម​ទាំង​តថភាព​នៃ​សង្គម ជនជាតិខ្មែរ ពលរដ្ឋ​ខ្មែរ ត្រូវតែ​នាំគ្នា​ពិចារណា និង​ប្រតិបត្តិ​មាគ៌ា​ណាមួយ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងការ​វិនិច្ឆ័យ​អំពី​បុគ្គល នោះ​គឺ​គិតពី​ខ្លឹម​ខាងក្នុង​របស់​បុគ្គល និង​មាគ៌ា​ហេតុ​និង​ផល​។ ចំណែក​ផ្នត់គំនិត​ដែល​ឲ្យ​តម្លៃ​អ្វី​ដែលជា​ខាងក្រៅ​ក៏ត្រូវ​តែ​បញ្ចប់​។ កត្តា​នេះ​មិនមែន​មានន័យថា វត្ថុ​ខាងក្រៅ​គ្មាន​តម្លៃ ប៉ុន្តែ​វា​មិនមែនជា​ប្រធាន​វិស័យ​ភាព​សម្រាប់​ការវិនិច្ឆ័យ​បុគ្គល​ឡើយ​៕
 

Tag:
 សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com