កីឡាជាតិ
ជាតិ
ក្បាច់គុន​បុរាណ​ទាំងបី​ប្រភេទ ក្លាយជា​ក្បាច់គុន​កងទ័ព​ខ្មែរ​ជា​ផ្លូវការ​
21, Jun 2016 , 3:23 pm        
រូបភាព
​ចាប់ពី​ថ្ងៃទី​២២​ខែមិថុនា ក្បាច់គុន​បុរាណ​របស់​ដូនតា​ខ្មែរ នឹងត្រូវ​បញ្ចូល​ជា​ផ្លូវការ​ទៅក្នុង​មេរៀន​ប្រយុទ្ធ​របស់​កងយោធពល​ខេមរភូមិន្ទ​។ លោក ហ៊ុន ម៉ា​ណែ​ត នឹងធ្វើ​សន្និសីទកាសែត​ស្តីពី​ការចាប់ផ្តើម​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​ក្នុង​វិស័យ​យោធា​នេះ​។​



​គុន​ល្បុក្កតោ យុទ្ធ​ក្រម​ខម និង​ក្បាច់​ប្រដាល់សេរី​ខ្មែរ នឹងត្រូវ​បញ្ចូល​ទៅក្នុង​កម្មវិធី​ហ្វឹកហាត់​របស់​យោធា​ខ្មែរ​ជា​ផ្លូវការ ចាប់ពី​រសៀល​ថ្ងៃ​ពុធ​ទី​២២​មិថុនា​នេះ​ទៅ​។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា។ ការបញ្ចូល​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំងបី​ក្រុម​ទៅក្នុង​វិស័យ​កងទ័ព​ខ្មែរ​នេះ នឹងត្រូវ​ធ្វើឡើង​តាមរយៈ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​ការ​ចងក្រង និង​បណ្តុះបណ្តាល​ក្បាច់គុន​កងយោធពល​ខេមរភូមិន្ទ​។ ពិធី​ចុះហត្ថលេខា​ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះនៃកងយោធពលខេមរភូមិន្ទ រួមទាំង​ប្រធាន​សហព័ន្ធ​នៃ​ក្បាច់គុន​ខ្មែរ​ទាំងបី​ក្រុម​។​

​លោក វ៉ា​ត់ ចំរើន ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការឈាន​ដល់​ការចុះហត្ថលេខា​បញ្ចូល​ក្បាច់គុន​ដូនតា​ខ្មែរ​ទៅក្នុង​វិស័យ​យោធា​ជា​ផ្លូវការ​នេះ បានបង្ហាញ​អំពី​ជំហាន​រីកចម្រើន​នៃ​វិស័យ​ក្បាច់គុន​ខ្មែរ​។ លោក វ៉ា​ត់ ចំរើន បន្ត​បញ្ជាក់ថា គ្រូ​ក្បាច់គុន​ទាំងអស់​នឹង​សហការគ្នា​ចងក្រង​សៀវភៅ​ក្បាច់គុន​សម្រាប់​យោធា​ខ្មែរ ដើម្បី​បង្ហាត់​គ្រូ​បង្គោល​ជា​យោធា មុននឹង​ក្បាច់គុន​ទាំងនេះ​ត្រូវ​នាំយកទៅ​បង្ហាត់​តាម​អង្គភាព​នានា​ក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​។​



​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​អះអាង​យ៉ាង​ដូច្នេះ​៖«​សុបិន​យើង​ក្លាយជា​ការពិតហើយ​។ វា​ជា​ក្តី​ស្រមៃ​របស់​យើង​យូរហើយ ដែល​ចង់ឃើញ​ក្បាច់គុន​បុរាណ​ខ្មែរ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការពារ​មាតុភូមិ ដូច​ដូនតា​ខ្មែរ​យើង​បានធ្វើ​ពី​អតីតកាល​»​។ លោក វ៉ា​ត់ ចំរើន បន្តថា​៖«​វា​ក៏បាន​បង្ហាញ​អំពី​ជំហាន​នៃ​អភិរក្ស និង​ការអភិវឌ្ឍ​ក្បាច់គុន​ខ្មែរ​ដែរ​»​។​

​គួរ​បញ្ជាក់ថា ក្រោយពី​ពិធី​ចុះហត្ថលេខា​នោះ លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​ក្បាច់គុន​នៃ​កងយោធពល​ខេមរភូមិន្ទ នឹងធ្វើ​សន្និសីទកាសែត​ផ្តល់ព័ត៌មាន​លំអិត​ស្តីពី​ការបញ្ចូល​ក្បាច់បុរាណ​ខ្មែរ​ចូលក្នុង​វិស័យ​យោធា​នេះ​។​

​បើតាម​ការអះអាង​រប​ស់លោក វ៉ា​ត់ ចំរើន គុន​ល្បុក្កតោ ដែល​កម្ពុជា​គ្រោង​ស្នើ​ចុះឈ្មោះ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូណេស្កូ ក៏ត្រូវ​បាន​បញ្ចូល​ទៅក្នុង​កម្មវិធី​អប់រំ​កាយ​នៅតាម​សាលារៀន​ទូទាំងប្រទេស​កម្ពុជា​ហើយ​។ សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ​ឡើងទៅ​នឹង​បាន​ស្គាល់​កីឡា​ល្បុក្កតោ​ខ្មែរ​ចាប់ពី​ឆ្នាំ​សិក្សា​២០១៧​នេះ​ទៅ​៕


Tag:
 ល្បុក្កតោ
  ក្រម​ខម
  ហ៊ុន ម៉ា​ណែ​ត
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com