ជាតិ
ឈ្វេងយល់​ពី​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក​រដ្ឋសភា​
22, Jun 2016 , 7:59 am        
រូបភាព
ដោយ:
​នៅក្នុង​នាទី​ច្បាប់​នៅថ្ងៃនេះ លោក ជា ធី​រិ​ទ្ធ នឹង​ពន្យល់​អំពី​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​។ តើ​នីតិវិធី​នៃ​ការលើក​អភ័យឯកសិទ្ធិសភា ត្រូវធ្វើឡើង​យ៉ាងដូចម្តេច​? ហើយ​ថា តើ​នៅពេលដែល​តំណាងរាស្ត្រ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ហើយ​ត្រូវ​តុលាការ​ឃុំខ្លួន និង​ចោទប្រកាន់ តើ​តំណាងរាស្ត្រ ត្រូវ​បាត់បង់​សិទ្ធិ​អ្វីខ្លះ​?



​សូម​ស្តាប់​ការពន្យល់​របស់លោក ជា ធី​រិ​ទ្ធ ដោយមាន​ការសាកសួរ​ពី​កញ្ញា ញឹក ស្រី​ល័​ក្ខ​៖



​សំណួរ​៖​ធី​រិ​ទ្ធ នៅក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន ពាក្យ​ថា អភ័យ​ឯក​ស​ទ្ធិ​សភា ល្បី​មែនទែន តើ​ពាក្យ​នេះ មានន័យ​ដូចម្តេច ហើយ​តើ​អភ័យឯកសិទ្ធិ​នេះ អាច​ការពារ​តំណាងរាស្ត្រ​បាន​ដូចម្តេចខ្លះ​?

​បាទ តាមពិត​ពាក្យ​ថា អភ័យឯកសិទ្ធិសភា និយាយ​ដោយ​ខ្លី គឺ​មានន័យថា សិទ្ធិ​ដែល​អាច​ឲ្យ​សមាជិកសភា​រួច​ពី​ការភិតភ័យ​។ នៅក្នុង​ជំ​ពួក​ទី ២ ត្រង់​មាត្រា ៤ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​បានចែង​ថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិសភា​។ អភ័យឯកសិទ្ធិសភា ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក ទី ១ ការធានា​ក្នុងការ​បញ្ចេញយោបល់ ឬ​ការបញ្ចេញមតិ​ក្នុងការ​អនុម័ត​ទាំងឡាយ​របស់​តំណាងរាស្ត្រ នៅក្នុង​ក្របខណ្ឌ​នៃ​ការបំពេញ​តួនាទី​ជា​តំណាងរាស្ត្រ គឺជា​អភ័យឯកសិទ្ធិ​ដាច់ខាត​របស់​តំណាងរាស្ត្រ​។ ចំណុច​ទី ២ គឺ​អភ័យឯកសិទ្ធិ​ទាក់ទង​នឹង​ការធានា​មិន​ឲ្យ​មានការ​ចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន​តំណាងរាស្ត្រ​ណាមួយ គឺជា​អភ័យឯកសិទ្ធិ​ដោយ​ប្រៀប​របស់​តំណាងរាស្ត្រ​។ ត្រង់ចំណុច​នេះ ចង់​បញ្ជាក់ថា តំណាងរាស្ត្រ​រូប​ណាក៏ដោយ មិនអាច​ត្រូវបាន​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន ដោយហេតុ​ពី​បាន​សម្តែង​យោបល់ ឬ​បញ្ចេញមតិ ក្នុងការ​បំពេញ​មុខងា​រ​របស់ខ្លួន​សោះឡើយ​។​

​ក៏ប៉ុន្តែ បើទោះបីជា​ច្បាប់​ផ្តល់នូវ​អភ័យឯកសិទ្ធិ​ដល់​តំណាងរាស្ត្រ​បែបនេះ​ក្តី ច្បាប់​ក៏បាន​ហាមប្រាម​មិន​ឲ្យ​សមាជិកសភា យក​អភ័យឯកសិទ្ធិសភា​ទៅប្រើ​ដោយ​រំលោភ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​បុគ្គល​ដ​ទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​ដល់​សន្តិសុខ​ជាតិ​បានដែរ​។ 

​សំណួរ​៖ ធី​រិ​ទ្ធ គេ​ដឹង​ជាទូទៅ​ថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ម្លោះ​ហើយ​ប្រសិនបើ​គាត់​ប្រ​ព្រឺ​ត្ត​បទល្មើស​ព្រហ្មទណ្ឌ មុននឹង​តុលាការ​អាចមាន​ចំណាត់ការ​លើ​សមាជិកសភា​បាន ដូចជា​ការចោទប្រកាន់ ការចាប់ខ្លួន ការឃុំខ្លួន ជាដើម លុះត្រាតែ​រដ្ឋសភា​ត្រូវ​លើក​អភ័យឯកសិទ្ធិ​សមាជិកសភា​នោះ​ជាមុនសិន​។ នេះ​ក្នុងករណី​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​។ តើ​នីតិវិធី​នៃ​ការលើក​អភ័យឯកសិទ្ធិ ត្រូវធ្វើឡើង​ដោយ​ដូចម្តេច​?

​បាទ​ជា​ការពិតហើយ នៅ​មាត្រា ៧ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​ចែងថា តំណាងរាស្ត្រ​ណា ដែល​បាន​ព្រឹ​ត្ត​បទល្មើស​ព្រហ្មទណ្ឌ នឹង​អាច​អនុញ្ញាត​បើក​ឲ្យ​ធ្វើការ​ចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬ​ការឃុំខ្លួន​តាមច្បាប់ និង​នីតិវិធី​បាន លុះត្រា​តែមាន​ការលើក​អភ័យឯកសិទ្ធិសភា​ជាមុនសិន​។ សេចក្តីស្នើសុំ​លើក​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ​រូប​ណាមួយ ត្រូវធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយមាន​ការភ្ជាប់​សេចក្តីថ្លែងហេតុ​មកជា​មួយ​ផង ផ្ញើជូន​ប្រធានរដ្ឋសភា​។​

​មាត្រា ៩ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​កំណត់ថា ការលើក​អភ័យឯកសិទ្ធិសភា​ក្នុង​រយៈពេល​សម័យប្រជុំ​រដ្ឋសភា ត្រូវអនុវត្ត​នីតិវិធី​ដូចតទៅ​៖ ទី ១ រដ្ឋសភា​អាច​ប្រជុំ​ជាសម្ងាត់ តាម​ការស្នើសុំ​ពី​ប្រធានរដ្ឋសភា ឬ​ពី​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាងតិច ឬ​ពី​នាយករដ្ឋមន្ត្រី​។ សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាងតិច ឧទាហរណ៍ កម្ពុជា​យើង​បច្ចុប្បន្ន​មាន​សមាជិកសភា ១២៣ រូប ដូច្នេះ​មួយ​ភាគ​ដប់​គឺ​ស្មើនឹង​តំណាងរាស្ត្រ ១២ រូប​ក្នុងចំណោម​សមាជិក​សរុប​។ ចំណុច​ទី ២ កូរ៉ុម​ប្រជុំ ត្រូវ​លើ​ពី​ពីរភាគបី​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល គឺ​មានន័យថា កូរ៉ុម​ប្រជុំ​ត្រូវមាន​សមាជិកភាព ៨៣ ឡើងទៅ​ក្នុងចំណោម​សមាជិកសភា​បច្ចុប្បន្ន​ដែលមាន ១២៣ រូប​។  ចំណុច​ទី ៣ ការលើក​អភ័យឯកសិទ្ធិ​នេះ ត្រូវមាន​ការអនុម័ត​តាម​មតិ​ភាគច្រើន​ពីរភាគបី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។ ចំណុច​នេះ មានន័យថា លុះត្រាតែ​សមាជិកសភា ៨៣ រូប​គាំទ្រ ឬ​អនុម័ត​ឡើងទៅ ទើប​អាច​លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បាន​។

​បន្ទាប់ពី​មានការ​លើក​អភ័យឯកសិទ្ធិសភា ក្នុង​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​ហើយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ត្រូវ​ប្រជុំ​និង​អនុម័ត​ស្របតាម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​។ សេចក្តីសម្រេច​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ត្រូវ​ដាក់ជូន​សម័យប្រជុំ​រដ្ឋសភា​ខាងមុខ ដើម្បី​អនុម័ត​តាម​មតិ​ភាគច្រើន​ពីរភាគបី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។ នេះ​បើតាម​មាត្រា ១០ និង​មាត្រា ១១ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​។

​សំណួរ​៖​តើ​ប្រសិនបើ​តំណាងរាស្ត្រ បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​វិញ ត្រូវមាន​ចំណាត់ការ​តាម​នីតិ​វី​បែបណា​ទៅវិញ ធី​រិ​ទ្ធ​?

​ទាក់ទង​នឹង​ករណី​តំណាងរាស្ត្រ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង នៅក្នុង​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ ក៏​ចែង​មិន​ខុសពី​ច្បាប់រដ្ឋធម្មនុញ្ញ​មាត្រា ៨០ នោះដែរ​។ តែ​មុននឹង​និយាយ​ពី​ខ្លឹមសារ​នៅក្នុង​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ ខ្ញុំ​សូម​ឆ្លៀត​ពន្យល់​ពីបទ​ល្មើស​ជាក់ស្តែង ដែល​មានចែង​នៅក្នុង​មាត្រា ៨៥ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បន្តិច​សិន​។ នៅក្នុង​ក្រម​នេះ បាន​ពន្យល់ថា បទល្មើស​ជាក់ស្តែង​សំដៅ​ទៅលើ​បទមជ្ឈិម និង​បទឧក្រិដ្ឋ​ឡើងទៅ ហើយ​បទល្មើស​ទាំងនេះ លុះត្រាតែ​ជា​បទល្មើស​ដែល​កំពុងតែ​ប្រព្រឹត្ត​ទើបតែ​ប្រព្រឹត្ត​រួច​ភ្លាម ឬក៏​ក្រោយពេល​ប្រព្រឹត្ត​បទល្មើស​រួច​បន្តិច​មក ជន​ដែល​គេ​សង្ស័យ ត្រូវបាន​សាធារណៈជន​ស្រែក​ដេញចាប់​ប្រផាប់​ចាប់​ប្រ​ភីង​។ ឧទាហរណ៍​ថា បទល្មើស​លួច គេ​ឃើញ​ចោរលួច​ម៉ូតូ​ភ្លាមៗ ហើយ​ប្រជាពលរដ្ឋ​ជួយ​ដេញ​ចាប់ចោរ​នោះ ប្រផាប់​ប្រ​ភីង​តែម្តង​។ នេះ​ជា​ប្រភេទ​បទល្មើស​មជ្ឈិម​ជាក់ស្តែង​។ លក្ខខណ្ឌ​មួយទៀត លុះត្រាតែ​បុគ្គល​ដែល​គេ​សង្ស័យ ត្រូវបាន​គេ​រកឃើញ​មាន​វត្ថុ ឬ​មាន​ស្លាកស្នាម ឬ​តម្រុយ​ច្បាស់លាស់ ហើយ​ស៊ីសង្វាក់​ផ្សេងទៀត ដែល​នាំ​ឲ្យ​គេ​សន្និដ្ឋានបានថា បុគ្គល​នោះបាន​ប្រព្រឹត្ត ឬ​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​។ លក្ខខណ្ឌ​ទាំងអស់នេះ ទើប​ជា​បទល្មើស​ជាក់ស្តែង​។

​ខ្ញុំ​និយាយ​ពីបទ​ល្មើស​ជាក់ស្តែង​ប៉ុណ្ណឹង​ចុះ ឥឡូវ​ខ្ញុំ​ត្រឡប់មក​និយាយ​ពី​ករណី​តំណាងរាស្ត្រ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។ មាត្រា ១២ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ ក្នុងករណី​តំណាងរាស្ត្រ​ណា បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ក្រសួង​មាន​សមត្ថកិច្ច​អាច​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន​បាន ហើយ​ត្រូវធ្វើ​សេចក្តីរាយការណ៍​ជូន​រដ្ឋសភា  ឬ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​ជាបន្ទាន់​ដើម្បី​សម្រេច​។ ក្នុងករណីនេះ ការឃុំខ្លួន ការចោទប្រកាន់​តំណាងរាស្ត្រ​ណាមួយ​ត្រូវ​ផ្អាក ប្រសិនបើ​រដ្ឋសភា​បញ្ចេ​ញ​មតិ​ឲ្យ​ផ្អាក​តាម​មតិ​ភាគច្រើន​បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ពោលគឺ​ស្មើ​តំណាងរាស្ត្រ​ចំនួន តំណាងរាស្ត្រ ៩២ រូប​ក្នុងចំណោម​សមាជិកសភា​សរុប ១២៣ រូប​។ ឧទាហរណ៍​ថា តំណាងរាស្ត្រ​មួយរូប បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ហើយ​ត្រូវ​តុលាការ​ចាប់ យកទៅ​ឃុំខ្លួន និង​ចោទប្រកាន់​រួចហើយ តែ​ក្រោយមក​រដ្ឋសភា​បើក​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​ទៅលើ​ចំណាត់ការ​របស់​តុលាការ ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ បើ​តំណាងរាស្ត្រ​ចំនួន ៣ ភាគ ៤ ឬ​ស្មើនឹង ៩២ រូប សម្រេច​ថា ឲ្យ​ផ្អាក​នីតិវិធី​របស់​តុលាការ តុលាការ​ត្រូវ​ផ្អាក​ការឃុំខ្លួន និង​ចោទប្រកាន់​តំណាងរាស្ត្រ​រូបនោះ​ភ្លាម​។

​សំណួរ​៖ ធី​រិ​ទ្ធ ក្នុងករណី​ដែលមាន​ការដក​អភ័យឯកសិទ្ធិ ឬ​ចាប់ខ្លួន និង​ឃុំខ្លួន ព្រមទាំង​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ហើយ តើ​តំណាងរាស្ត្រ​នោះ នៅសល់​សិទ្ធិ​អ្វីខ្លះ ហើយ​តួនាទី​ជា​តំណាងរាស្ត្រ​ត្រូវ​បាត់បង់​ឬ​យ៉ាណា​?

​សម្រាប់​តំណាងរាស្ត្រ​ដែល​ត្រូវបាន​ដក​អភ័យឯកសិទ្ធិ ហើយ​ស្ថិតនៅក្នុង​ការចោទប្រកាន់ ដោយសារ​ខ្លួន​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះ តំណាងរាស្ត្រ​នោះ​នៅមាន​សិទ្ធិ និង​បុព្វសិទ្ធិ​ដូច​តំណាងរាស្ត្រ​ទូទៅ​ដែរ​។ នេះ​បើតាម​មាត្រា ១៤ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​។ វា​មានន័យថា បើទោះបីជា​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ បាន​លើក​មែន តែ​បុគ្គល​នោះ​នៅតែ​ជា​តំណាងរាស្ត្រ​ដដែល ពោលគឺ​នៅមាន​សិទ្ធិ ចូលរួម​ប្រជុំ​សភា និង​ប្រជុំ​ជាមួយ​គណៈកម្មការ​ផ្សេងៗ​ក្នុង​រដ្ឋសភា​បាន ព្រមទាំង​ទទួលបាន​ប្រាក់ខែ​ធម្មតា​។

​ករណី​មួយទៀត ប្រសិនបើ​តំណាងរាស្ត្រ​មិន​ត្រឹមតែ ត្រូវបាន​លើក​អភ័យឯកសិទ្ធិ តែ​ស្ថិតនៅក្នុង​ការចាប់ខ្លួន ឬ​ឃាត់ខ្លួន ឬ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ទៀត ត្រូវ​បាត់បង់​សិទ្ធិ​ចូលរួម​ប្រជុំ​រដ្ឋសភា និង​គណៈកម្មការ​ផ្សេងៗ  ប៉ុន្តែ​មាន​សិទ្ធិ​ទទួល​ប្រាក់​បំណាច់​ធម្មតា វៀរលែងតែ​ប្រាក់​បំណាច់​ប្រជុំ ប្រាក់​បេសកកម្ម ប្រាប់​ប្រេងឥន្ធនៈ ជាដើម​។ លើសពីនេះ​ទៀត បើ​តំណាងរាស្ត្រ​រូប​ណា ដែលមាន​សាលក្រម​ស្ថាពរ ឬ​សាលដីការ​ស្ថាពរ​សម្រេច​ថា ជា​ទណ្ឌិត​ជាប់ពន្ធនាគា​រហើយ​នោះ ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាពជា​សមាជិក​រដ្ឋសភា​។ ក៏ប៉ុន្តែ​តំណាងរាស្ត្រ​រូប​ណាមួយ​បាន​ក្លាយជា​ទណ្ឌិត​ដោយសារ​សាលក្រម ឬ​សាលដីការ​ស្ថាពរ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស តំណាងរាស្ត្រ​រូបនោះ នឹង​បានទទួល​សុពលភាព អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​ពេញលេញ​ឡើងវិញ​៕


Tag:
 ច្បាប់​
  អភ័យឯកសិទ្ធិសភា​
  សភា​
© រក្សាសិទ្ធិដោយ thmeythmey.com