ជាតិ
RUPP នឹង​រៀបចំ​គំរូ​អង្គការសហប្រជាជាតិ​ដើម្បី​បង្កើន​ការយល់ដឹង​កិច្ចការ​ការទូត
22, Jun 2016 , 2:47 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ភាសាបរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នឹង​រៀបចំ​សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ​មួយ (PPMUN) ក្រោម​ប្រធានបទ​«​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិ ពលករ​ចំណាកស្រុក​» នា​ថ្ងៃទី​២៦ ខែមិថុនា ពី​ម៉ោង​៧​ដល់​១២​ព្រឹក​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា​-​កូរ៉េ​។ កម្មវិធី​នេះ នឹង​ជួយ​ជំរុញ​ឲ្យ​និស្សិត​អាច​បង្កើន​សមត្ថភាព​ក្នុងការ​យល់ដឹង​បន្ថែម​លើ​បញ្ហា ប្រឈម​ពិភពលោក​បច្ចុប្បន្ន និង​ការស្វែងរក​ដំណោះស្រាយ​តាមរបៀប​ការទូត​។


 
​លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធានស្តីទី​ដេ​ប៉ា​ដឺ​ម៉​ង់​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ភាសាបរទេស បាន​ថ្លែងប្រាប់ សារព័ត៌មាន​ថ្មីៗ​ថា សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ មាន​គោលបំណង​ឲ្យ​និស្សិត​បាន​យល់ដឹង​ពី​របៀប​ដោះស្រាយ​បញ្ហា​ក្នុង​កិច្ចប្រជុំ​ជាក់ស្តែង​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ 
 
​លោក បន្ថែម ថា តាមរយៈ​សន្និសីទ​នេះ និស្សិត នឹង​អាច​ពង្រឹង​ជំនាញ​បន្ថែម​របស់​ពួកគេ​ដូចជា ជំនាញ​នៃ ការចរចា ការ​ថ្លែង​សុន្ទរកថា និង​និយាយ​ជា​សាធារណៈ ការស្រាវជ្រាវ និង ការសរសេរ ផងដែរ​។​
 
​លោក​សាស្ត្រាចារ្យ បាន​ពន្យល់ ថា សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ តម្រូវ​ឲ្យ​ក្រុមនិស្សិត ដែលជា អ្នក​បង្ហាញ​ពី​គំរូ​នៃ​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​នោះ ត្រូវ​ស្រាវជ្រាវ សរសេរ និង​លើកឡើង ពី​គោលជំហរ​តាមបែប​ការទូត​របស់​ប្រទេស​ដែល​ពួកគេ តំណាង​ឲ្យ​លើ​ប្រធានបទ​ដែលជា​បញ្ហា​ដែល ត្រូវ​ស្វែងរក​ដំណោះស្រាយ​រួម​ក្នុង​សន្និសីទ​នោះ​។​
 
​សូម​ជម្រាប​ផងដែរ​ថា សន្និសីទ​គំរូ​អង្គការសហប្រជាជាតិ ដែលរ​ពឹង​ថា នឹងមាន​ការចូលរួម​ពី​សំណាក់ សិស្ស និស្សិត និង​សាស្ត្រា​ចា្យ​ប្រមាណ​៦០០​នាក់​នោះ ក៏​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​អាច​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com