ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យឹម សុវណ្ណ ប្រាប់​អ្នកគាំទ្រ​ខ្លួន​ថា អន្តរជាតិ គាំទ្រ​ការតស៊ូ​របស់​បក្ស​
23, Jun 2016 , 2:56 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ចាត់ទុក​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ថា មាន​ភាព​អាប់​អួល ហើយ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​ការចរចា​។ ការតស៊ូ​ដោយ​អហិង្សា​របស់​បក្សប្រឆាំង ទទួល​បានការ​ជ្រោមជ្រែង ពី​សហគមន៍​អន្តរជាតិ​នានា​។ នេះ​ជាការ​អះអាង​របស់លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​និង​អ្នកសារព័ត៌មាន នៅ​ទីស្នាក់ការ​កណ្តាល នាពេល​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ។



​លោក យឹម សុវណ្ណ បាន​លើកឡើងថា បណ្តា​ប្រទេស​ជា​មិត្រ និង​អង្គការ​អន្តរជាតិ​ជាច្រើន បាន​គាំទ្រ​ការតស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រក្សា​វប្បធម៌​សន្ទនា ក្នុងការ​បញ្ចប់​វិបត្តិ​នយោបាយ​។ លោក​បន្ថែមថា សហគមន៍​អន្តរជាតិ ក៏​ព្រួយបារម្ភ​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។

​អ្នកនាំពាក្យ​បក្សប្រឆាំង​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ទាំង​អង្គការសហប្រជាជាតិ ទាំង​សហភាព​អឺរ៉ុប ទាំង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ នៅលើ​សាកលលោក គេ​បានបញ្ជាក់​យ៉ាងច្បាស់​ថា នយោបាយ​ស្រុក​ខ្មែរ កំពុងស្ថិត​ក្នុង​ភាព​ព្រួយបារម្ភ ដែល​ត្រូវតែមាន​ការដោះស្រាយ​។ យើង​ជឿជាក់ថា អន្តរជាតិ​មិន​បណ្តោយ​ឲ្យ​ស្ថានការណ៍​នយោបាយ​ទល់​ច្រក​បន្តទៀត​ទេ​»​។

​ក្រៅពី​សំអាង​លើ​យន្តការ​អន្តរជាតិ គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ពឹង​ផ្អែកលើ​ការចរចា ជាមួយ​បក្ស​កាន់អំណាច​ផងដែរ ដើម្បី​រំងាប់​កម្តៅ​នយោបាយ ជាពិសេស​ការទាមទារ ឲ្យ​លើក​ការចោទប្រកាន់​ទៅលើ​អ្នកនយោបាយ​និង​សកម្មជន​បក្សប្រឆាំង រួមទាំង​មន្ត្រី​ស​ង្គ​ស៊ីវិល​មួយចំនួន ដែល​កំពុង​ស្ថិតនៅក្រោម​ចំណាត់ការ​របស់​តុលាការ​។ លើសពីនេះ​ទៀត ការប្រើប្រាស់​សំឡេងគាំទ្រ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ក៏​ជា​យុទ្ធសាស្ត្រ​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ត្រូវការ ដើម្បី​ទទូច​ឲ្យ​បញ្ចប់​ការរំលោភ​អភ័យឯកសិទ្ធិ និង​ការធ្វើ​ទុក្ខ​ម្នេញ​លើ​បក្សប្រឆាំង​។ នេះ​ជាការ​បន្ថែម​របស់លោក យឹម សុវណ្ណ​៕


Tag:
 CNRP
  យឹម សុវណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com