ជាតិ
× ភ្នំពេញ៖ ពាក្យថា «បុណ្យ» មានតែមួយម៉ាត់ និងមួយព្យាង្គតែប៉ុណ្ណោះ តែមនុស្សមិនតិចទេ ដែលមិនទាន់យល់ច្បាស់ ឬក៏អាចយល់ខុសទៀតផងពីសភាវបុណ្យនេះ។ មនុស្សភាគច្រើនគិតថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន ហើយធ្វើបុណ្យតិចបានបុណ្យតិច។ ការធ្វើបុណ្យច្រើនឬតិចនេះ ពួកគេសំដៅដល់សកម្មភាពខាងក្រៅនៃការលះបង់ទ្រព្យសម្បត្តិក្នុងការធ្វើបុណ្យផ្សេងៗ ។ ត្រង់ចំណុចនេះ ពួកគេក៏សន្មតថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន ធ្វើបុណ្យតិចបានបុណ្យតិច ដែលក្លាយទៅជាវប្បធម៌នៃការគិតក្នុងសង្គមខ្មែរទៅហើយ។ តើរឿងនេះពិតជាអ៊ីចឹងមែនឬ ដែលថាធ្វើបុណ្យច្រើនបានបុណ្យច្រើន ហើយធ្វើបុណ្យតិចបានបុណ្យតិច?
បុណ្យ គឺជាធម្មជាតិដែលញ៉ាំងចិត្តនិងបេះដូងរបស់អ្នកឲ្យសប្បាយរីករាយ ឲ្យស្អាតផូរផង់ និងជ្រះស្រឡះក្នុងការលះបង់អ្វីមួយដើម្បីជាប្រយោជន៍និងសេចក្តីសុខដល់អ្នកដទៃ។ បុណ្យ សំដៅដល់ទឹកចិត្ត ដែលស្អាតបរិសុទ្ធ សោមនស្សរីករាយ មិនក្តៅក្រហល់ក្រហាយ មិនរវើរវាយចិត្ត មិនសោកស្តាយពេលខ្លួនបានបរិច្ចាគសេចក្តីសុខ និងទ្រព្យរបស់ខ្លួនដើម្បីជួយសង្គ្រោះ និងជ្រោមជ្រែងអ្នកផងទាំងពួង។
ការធ្វើបុណ្យច្រើនបានបុណ្យច្រើន ឬធ្វើបុណ្យតិចបានបុណ្យតិច មិនអាស្រ័យលើសកម្មភាពនៃការបះបង់ទ្រព្យសម្បត្តិខាងក្រៅច្រើនឬតិចនោះទេ តែអាស្រ័យលើចេតនា និងទឹកចិន្តដ៏បរិសុទ្ធរបស់អ្នក។
ការពិត! បុណ្យមិនអាចវាស់ស្ទង់ទៅលើសកម្មភាពខាងក្រៅបានទេ ព្រោះវាជាសភាវធម្មជាតិដែលកើតក្នុងចិត្ត ដែលយើងមើលមិនឃើញ។ ការធ្វើបុណ្យច្រើនបានបុណ្យច្រើន ឬធ្វើបុណ្យតិចបានបុណ្យតិច អ្នកដទៃមិនអាចដឹងបានទេ មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលអាចដឹងពិតប្រាកដ។
ប្រសិនបើអ្នកប្រារព្ធនូវកម្មវិធីបុណ្យធំៗ ដោយចំណាយប្រាក់អស់រាប់ម៉ឺនដុល្លារ ដើម្បីឲ្យគេសរសើរ និងចង់បានកិត្តិយសមុខម៉ាត់ នោះការលះបង់របស់អ្នក មិនអាចក្លាយជាបុណ្យឡើយ។ តែផ្ទុយទៅវិញ បើអ្នកមានបាយមួយវែក ទឹកមួយកែវ ហើយលះបង់ធ្វើជាទាន ប្រកបដោយចិត្តសប្បុរស ពោរពេញទៅដោយមេត្តា ចង់ឲ្យអ្នកដទៃបានឆ្អែត នោះហើយគឺជាបុណ្យ ជាបុណ្យមិនអាចរាប់អស់ទៀតផង។
បើមិនមានចេតនា មិនសប្បាយរីករាយ មិនពេញចិត្តក្នុងអ្វីដែលខ្លួនលះបង់ទេ ទោះបីជាអ្នកកំពុងតែប្រារព្ធពិធីបុណ្យសង្ឃទានក្តី បុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗទៀតក្តី ដោយចំណាយថវិកាអស់រាប់ម៉ឺនដុល្លារក៏ដោយ ក៏មិនមានឈ្មោះថា ជាអ្នកធ្វើបុណ្យដែរ។ ពេលនោះការធ្វើបុណ្យច្រើនបានបុណ្យច្រើន នឹងក្លាយជាការបះបង់ច្រើន ខាតបង់ច្រើនជាមិនខាន។
ហេតុដូច្នេះហើយ គ្រប់ពេលដែលអ្នកធ្វើបុណ្យសាងកុសល ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវតែធ្វើចិត្តអោយបានសប្បាយ រីករាយជ្រះថ្លា និងប្រកបដោយបញ្ញា។ ប្រសិនបើអ្នកមានសេចក្តីជ្រះថ្លា រីករាយ ពេញចិត្តហើយ សូម្បីតែធ្វើបុណ្យ ដោយការលះបង់ទ្រព្យតិចតួចក៏ដោយ ក៏បានអានិសង្សច្រើនដែរ ទៅតាមចេតនា ដែលជ្រះថ្លាពេញចិត្តនោះឯង។
ចេតនាក្នុងទីនេះ គឺសំដៅដល់ សេចក្តីជ្រះថ្លា សេចក្តីសប្បាយរីករាយ ការពេញចិត្តក្នុងទង្វើល្អ និងអំពើបុណ្យដែលធ្វើដោយឥតសៅហ្មង។ ចេតនាដែលនាំឱ្យសម្រេច បានបុណ្យកុសលមានបីគឺ៖
• ចេតនាមុនធ្វើ: ការតាំងចិត្ត និងរៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា និងសប្បាយរីករាយក្នុងការធ្វើបុណ្យ។
• ចេតនាកំពុងធ្វើ: សេចក្តីសោមនស្ស នឹងសកម្មភាពរបស់ខ្លួន ដែលកំពុងខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លាក្នុងការបំពេញបុណ្យកុសល។
• ចេតនាក្រោយពេលធ្វើ: ពេលដែលបានបំពេញកុសលរួច ខ្លួនក៏មានសេចក្តីសុខ និងរីករាយ ពេញចិត្តចំពោះការលះបង់របស់ខ្លួនក្នុងការជួយអ្នកដទៃ ដោយមិនមានការក្តៅក្រហាយ ឬស្តាយក្រោយអ្វីឡើយ។
ដូច្នេះ ការធ្វើបុណ្យច្រើន ពិតជាបានបុណ្យច្រើន ប្រសិនបើការលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើទាន រក្សាសីល ប្រកបដោយសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ គ្មានសេចក្តីសៅហ្មងក្នុងការលះបង់នោះ។ ផ្ទុយទៅវិញ ធ្វើបុណ្យច្រើន មិនប្រកដថាបានបុណ្យច្រើននោះទេ ប្រសិនបើការលះបង់របស់អ្នក មិនប្រកបដោយបញ្ញា មិនប្រកបដោយមានសទ្ធា តែជាការលះបង់ ដើម្បីតែសម្ងែង បង្អួតញាតិ ចង់បានកិត្តិយស ខ្លាចគេថាអន់។
ពេលអ្នកសប្បាយ ដោយគ្រាន់តែគិតថាជួយអ្នកដទៃ ពេលអ្នកសប្បាយ ពេលកំពុងជួយអ្នកដទៃ ពេលអ្នកសប្បាយ ពេលបានជួយអ្នកដទៃ នោះហើយគឺជាបុណ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com