កីឡាជាតិ
ជាតិ
ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​ឆ្នាំនេះ​កើន​ទាំង​ប្រភេទ​កីឡា និង​អត្ត​ព​លិ​ក​
26, Jun 2016 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៦ នេះ មានការ​កើនឡើង​ទាំង​ប្រភេទ​កីឡា និង​អត្ត​ព​លិ​ក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ដោយ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ចូលរួម​ជិត​១០០០​នាក់​តំណាង​២៣​សាលា និង​មាន​៦​ប្រភេទ​កីឡា​។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃទី​៨ ខែកក្កដា នៅលើ​ទីលាន​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​ការប្រកួត​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​មា​ន​ការកើនឡើង​ទាំង​ចំនួន​កីឡាករ និង​ប្រភេទ​កីឡា ពោលគឺ​ឆ្នាំនេះ​មាន​កីឡាករ​ចូលរួម​ចំនួន​៩៨៧ នាក់ (​ស្រី​១៩៥​នាក់​)​តំណាង​២៣​សាលា និង​មាន​៦​ប្រភេទ​កីឡា​ចូលរួម​គឹ បាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម ប៉េតង់ និង​វាយ​កូនឃ្លី​លើ​តុ ខណៈ​ឆ្នាំមុន​កីឡាករ​មាន​៨៩១​នាក់ និង​៤​ប្រភេទ​កីឡា​ចូលរួម​។

​លោក ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​កីឡា​សិស្ស​-​និស្សិត​បាន​បញ្ជាក់ថា​៖«​ការប្រកួត​កីឡា​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ឆាំ​នេះ កីឡាករ​ចូលរួម​មានការ​កើនឡើង​ចំនួន​៩៦​នាក់ និង​២​ប្រទេស​កីឡា គឺ​កីឡា​ប៉េតង់ និង​កីឡាវាយកូនឃ្លីលើតុ ដោយ​ឆ្នាំនេះ​មាន​៦​ប្រភេទ​កីឡា ខណៈ​ឆ្នាំមុន​មានតែ​៤​ប្រភេទ​ប៉ុណ្ណោះ​»​។

​ដើម្បី​ជួយ​សម្របសម្រួល​ឲ្យ​ដំណើរការ​នៃ​ការប្រកួត​ដែល​ធ្វើឡើង​នៅ​៥​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ គឹ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​, កីឡដ្ឋាន​វេ​ស្ទើ​ន​, វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​គីឡូ​លេខ​៤, សាលាបឋមសិក្សា​ទួលគោក និង​សាលាបឋមសិក្សា​ច្បារអំពៅ ឲ្យ​មានដំណើរ​ការល្អ ប្រធាន​គណៈ​បច្ចេក​រៀបចំ​ការប្រកួត នឹងដាក់​សមាជិក​គណ​កម្ម​ការរៀបចំ​បច្ចេក​ទេស​នៃ​ការប្រកួត​ចំនួន​២៣១​នាក់​។


​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា ការប្រកួត​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៦ នេះ ធើ្វ​ឡើង​ក្នុង​គោលបំណង ដើម្បី​ប្រែក្លាយ​កីឡា​ក្របខណ្ឌ​និស្សិត​នេះ​ឲ្យ​ក្លាយជា​ប្រភេទ​កីឡា​ដូច National Game ម្យ៉ាងទៀត ដើម្បី​ជា​ថ្នាល​សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ទន្ទឹមនឹងនេះ ការរៀបចំ​ការប្រកួត​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស គឺ​ដើម្បី​ពង្រីក​ធនធាន​កីឡាករ​នៅតាម​បណ្តា​សាកលវិទ្យាល័យ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស ឲ្យ​មានការ​កើនឡើង​ទាំង​បរិមាណ និង​គុណភាព​បច្ចេកទេស ព្រោះ​វា​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ការប្រកួត SEA Games​។

​ជាមួយគ្នានេះ ដើម្បី​ប្រែក្លាយ​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​ឲ្យ​មាន​លក្ខណៈ​ដូច National Games លោក​អគ្គ​លេខ​ធិ​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ក្រើន​រំ​ឮ​ក​ដល់​បណ្តា​សាកលវិទ្យាល័យ​ទាំងអស់​ត្រូវមាន​ការផ្សារភ្ជាប់​វិស័យ​កីឡា​ជាមួយ​ការអប់រំ ជាពិសេស​ត្រូវដាក់​កម្ម​វិធី​ហ្វឹកហាត់​កីឡា​ឲ្យ​ច្បាស់លាស់​ទៅក្នុង​កម្មវិធី​សិក្សាអប់រំ ធ្វើ​យ៉ាងនេះ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ខ្ពស់​។

​សម្រាប់​ការប្រកួត​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​បន្ថែម​ប្រភេទ​កីឡា​ជា​រៀងរាល់​លើក ពោលគឺ​យ៉ាងហោចណាស់​មាន ៣០ ទៅ ៣៥​ប្រភេទ​កីឡា ដើម្បី​ឆ្លើយ​តម​ទៅនឹង​ផែនការមេ​ស៊ី​ហ្គេម​។ ដូច្នេះ​ដើម្បី​ពង្រីក​សក្តានុពល​នៃ​ប្រភេទ​កីឡា​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នឹង​យក​ប្រភេទ​កីឡា​ថ្មីៗ​ដែលមាន​នៅតាម​សាកលវិទ្យាល័យ​មក​ដាក់​បន្ថែម​។ ម្យ៉ាងទៀត​និង​ដាក់​ប្រភេទ​កីឡា​ដែលមាន​នៅក្នុង​ផែនការមេ​ស៊ី​ហ្គេម​ឲ្យ​ហ្វឹកហាត់​នៅតាម​សាកលវិទ្យាល័យ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​សិស្ស​ឧ​ត្ត​មសិ​ក្សា និង​មធ្យមសិក្សា​បច្ចេកទេស​ជ្រើសរើស​ជើងឯក​ទូទាំងប្រទេស​ប្រចាំឆ្នាំ​២០១៦ មាន​កីឡាករ ៩៨៧​នាក់​តំណាង​២៣​សាលា​ចូលរួម ដោយ​ពួកគេ​ទាំងនេះ​នឹងធ្វើ​ការប្រកួត​លើ​៦​ប្រភេទ​កីឡា​ដែល​បែង​ចែកជា​៣៣​វិញ្ញាសា​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​នៅលើ​ទីលាន​ចំនួន​៥ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៧ ខែមិថុនា ដល់​ថ្ងៃទី​៨ ខែកក្កដា ខាងមុខនេះ​៕  


Tag:
 វ៉ា​ត់ ចំរើន​
  ដួង មាស​ចំរើន​
  ជើង​ឯកឧត្តម​សិក្សា​ទូទាំងប្រទេស ២០១៦
© រក្សាសិទ្ធិដោយ thmeythmey.com