កីឡាជាតិ
ជាតិ
​ប៉េតង់​កម្ពុជា ត្រៀមខ្លួន​ដណ្តើម​មេដាយ​ពី Asian Beach Games នៅ​វៀតណាម​
27, Jun 2016 , 7:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ចំនួន​១៨​នាក់​(​ស្រី​៩​នាក់​) ដើម្បី​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់ (Asian Beach Games) នៅ​ទីក្រុង​ដា​ណា​ង ប្រទេស​វៀតណាម ក្នុង​ខែកញ្ញា ខាងមុខនេះ​។ ថៃ ត្រូវបាន​លោក​អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ចាត់ទុកជា​ឧបសគ្គ​ធំ​សម្រាប់​កម្ពុជា​ក្នុងការ​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​។



​ថៃ​បាន​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​កម្ពុជា​ក្នុង​ក្រសែភ្នែក​របស់ លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នា​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី (Asean Beach Games) នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម ដែល​កម្ពុជា​គ្រោង​នឹង​បញ្ជូន​កីឡាករ​ចំនួន​១៨​នាក់​(​ស្រី​៩)​ចូលរួម​។ ហើយ​ក្នុងនោះ​ក៏មាន​វត្តមាន​របស់​វីរៈ​កីឡាការិនី កែ ឡេង ម្ចាស់​ជើងឯក​មេដាយមាស​ពិភពលោក​ផងដែរ​។

​លោក អ៊ិន គឹម​ស្រ៊ុន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​គិត​ក្នុងចំណោម​ប្រទេស​ដែល​ចូលរួម​ទាំងអស់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់ គឺ​ប្រទេស​ថៃ ដែលជា​ឧបសគ្គ​ធំ​សម្រាប់​កម្ពុជា​ក្នុង​គ្រង​តំណែង​ជើងឯក ព្រោះ​ប្រទេស​នេះ​មាន​អ្នកលេង​ប៊ូល​រហូតដល់​ជិត​១​លាន​នាក់ ចំណែក​កម្ពុ​ជាមាន​ត្រឹមតែ​ជិត​១​ពាន់​នាក់​ប៉ុណ្ណោះ ដូច្នេះ​គេ​អាច​ជ្រើសរើស​កីឡាករ​ល្អៗ​ចូលរួម​។ ម្យ៉ាងទៀត​គេ​លេង​មុន​យើង ហើយ​គេ​មាន​លុយ​ច្រើន​ក្នុងការ​ឧបត្ថម្ភ​ដល់​កីឡាករ ដើម្បី​ហ្វឹកហាត់​»​។

​ទោះជា​យ៉ាងនេះ​ក្តី​លោក​អគ្គលេខាធិការ​ខាងលើ​រំពឹងថា​៖«​ខ្ញុំ​គិតថា ទោះបីជា​ប្រទេស​ថៃ​វា​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​រំពឹងថា​កម្ពុជា​យើង​នឹង​អាច​ទប់ទល់​បាន​ព្រោះ​កីឡាករ​ដែល​យើង​បញ្ជូនទៅ​លើក​នេះ​សុទ្ធសឹង​ជា​កីឡាករ​ដែលមាន​សមត្ថ​ភាព និង​ជា​កីឡាករ​ដែលមាន​ចំណាត់​ថ្នាក់ខ្ពស់​ក្នុងការ​ប្រកួត​តេស្ត​ក្នុងអំឡុងពេល​ហ្វឹកហាត់​។ ហើយ​ខ្ញុំ​រំពឹងថា យ៉ាង​ណាស់​ក៏បាន​លេខ​២ បន្ទាប់ពី​ថៃ​»​។

​ទន្ទឹមនឹងនេះ ប្រទេស​វៀតណាម ដែលជា​ម្ចាស់ផ្ទះ និង​ប្រទេស​ឡាវ ព្រមទាំង​ម៉ាឡេស៊ី កម្ពុជា​ក៏​មិនអាច​មើលរំលង​នោះឡើយ ព្រោះ​ប្រទេស​ទាំងនេះ​សុទ្ធសឹង​ជា​ប្រទេស​ដែលមាន​សមត្ថភាព​ខ្ពស់​ផងដែរ​។ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា​នឹង​បង្កើត​ឲ្យ​មាន​ទីលាន​ឆ្នេរ​ខ្សាច់​ក្នុង​ខែ​នេះ ដើម្បី​ឲ្យ​កីឡាករ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេក​មុន​ចូលរួម​ព្រឹត្តិការណ៍​នេះ​។

​ជាមួយគ្នានេះ កីឡាការិនី ស៊ុន គ​ន្ធា ដែល​បេក្ខភាព​ម្នាក់​ក្នុង​ក្រុម​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែលជា​ក្រុម​យកឈ្នះ​លើ​ក្រុម​របស់​កីឡាការិនី កែ ឡេង ក្នុង​ពានរង្វាន់​សម្តេច ស ខេង លើក​ទី​១៦ និង​ជា​កីឡាការិនី​ម្នាក់​ដែល​ចូលរួម​ព្រឹត្តិការណ៍ Beach Games នៅ​វៀតណាម ក៏បាន​ចាត់ទុក​ប្រទេស​ថៃ ជា​ឧបសគ្គ​ធំ​សម្រាប់​ការប្រកួត​របស់ខ្លួន​ផងដែរ​។​

​កីឡាការិនី​រូបនេះ​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​ប្រទេស​ដែលជា​ឧបសគ្គ​របស់​យើង នឹង​តាម​អ្វីដែល​ខ្ញុំ​ធ្លាប់បាន​ប្រកួត​មានតែ​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ​ដែល​យើង​ពិបាក​យកឈ្នះ ព្រោះ​ថៃ​ជា​ប្រទេស​ដែល​បង្កើត​ប៊ូល​មុន​យើង ហើយ​យើង​ចេះ​លេង​ប៊ូល​ក៏​មកពី​ថៃ​។ អញ្ចឹង​ប្រទេស​ថៃ​មាន​កីឡាករ​ច្រើន គេ​ល្អ គេ​មាន​ធនធាន និង​ឧបករណ៍​គ្រប់គ្រាន់ ម្យ៉ាងទៀត​ការហ្វឹកហាត់​របស់គេ​ក៏​ទទួលបាន​ការ​ឧ​បត​ម្ភ​ច្រើនជាង​យើង​ផងដែរ​»​។​

​ព្រឹ​តិ្ត​ការណ៍​ការប្រកួត​កីឡា​ឆ្នេរ​ខ្សាច់ Beach Games នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម នឹង​មកដល់​ក្នុង​រយៈ​២​ខែ​ខាងមុខនេះ ទោះបី​រយៈពេល​នេះ​វា​ខ្លី​ក៏ពិតមែន ប៉ុន្តែ​សម្រាប់​កីឡា​រិ​នី ស៊ុន គ​ន្ធា គិតថា វា​គ្រប់គ្រាន់​សម្រាប់​ខ្លួន​ក្នុងការ​ហ្វឹកហាត់ ព្រោះ​រូបគេ​មាន​សមត្ថភាព​ស្រាប់ គឹ​គ្រាន់តែ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​ប៉ុណ្ណោះ​។ កីឡាការិនី​ម្នាក់នេះ​នឹងធ្វើ​ការប្រកួត​លើ​វិញ្ញាសា​៣​នាក់​ទល់នឹង​៣​នាក់​នារី​។

​គួរ​បញ្ជាក់ថា សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ចំនួន​១៨(​ស្រី​៩​នាក់​) ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់ (Beach Games) នៅ​ទីក្រុង​ដា​ណា​ង​ប្រទេស​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​កញ្ញា ខាងមុខនេះ​។ កម្ពុជា​មិន​ធ្លាប់​ចូលរួម​ព្រឹត្តិការណ៍​នេះ​នាពេល​កន្លងមក​នោះទេ នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ក្នុងការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ឆ្នេរ​ខ្សាច់ (Beach Games) នេះ​។ ទោះបីជា​យ៉ាងនេះ​ក្តី កម្ពុជា រំពឹងថា នឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការចូលរួម​លើកដំបូង​នេះ​៕


Tag:
 ប៉េតង់​
  អ៊ិន គឹម​ស្រ៊ុន​
  ស៊ុន គ​ន្ធា​
  Asian Beach Games
© រក្សាសិទ្ធិដោយ thmeythmey.com