កីឡាជាតិ
ជាតិ
ចំបាប់​ធ្វើ​យុទ្ធនា​ការចុះពង្រឹង​សមត្ថភាព​កីឡាករ​តាម​ខេត្ត ដើម្បី​ត្រៀម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១
28, Jun 2016 , 8:19 am        
រូបភាព
ដោយ:
 
​កាលពី​ថ្ងៃទី​២៥-២៦ ខែមិថុនា ចុង​សប្តាហ៍​មុន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​បាន​ចុះទៅ​បើក​វគ្គប​ច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ដល់​កី​ឡករ​កីឡាការិនី​នៅតាម​ក្លិប​-​សមាគម​មួយចំនួន​នៅតាម​បណ្តា​ខេត្ត សម្រាប់​ត្រៀម​ប្រកួត​កីឡា​ជាតិ National Games លើក​ទី​១ ប្រចាំឆ្នាំ​២០១៦​។  

 
​ដើម្បី​ត្រៀម​ប្រកួត​កីឡា​ជាតិ​(National Games)​លើក​ទី​១​ប្រចាំឆ្នាំ​២០១៦ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បានធ្វើ​យុទ្ធនា​ការចុះទៅ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ដល់​កីឡាករ​កីឡាការិនី​តាម​ក្លិប​-​សមាគម នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២៥-២៦ ខែមិថុនា កន្លងទៅ​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ដែល​ដឹកនាំ​ដោយ លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កម្ពុជា​បាន​ចុះទៅ​បើក​វគ្គ​បច្ចេកទេស​ដល់​សមាគម​កីឡា​ចំបាប់​រិទ្ធី​សែន​មាន​រិ​ទ្ធ ក្នុង​ខេត្តកំពង់ឆ្នាំង ដែលមាន​កីឡាករ​ចំនួន​២០​នាក់ និង​កីឡាការិនី​៥​នាក់​ចូលរួម​។    


 
​ក្នុង​យុទ្ធនាការ​នៃ​ការចុះទៅ​ខេត្តកំពង់ឆ្នាំង​នេះ​កីឡាករ​ទាំង​២៥​នាក់ មិន​ត្រឹមតែ​ទទួលបាន​ការសិក្សា​ពីបទ​បញ្ជា និង​បច្ចេកទេស​នៃ​ការប្រកួត​តាមរយៈ​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​ទទួលបាន​ការអនុវត្ត​ផ្ទាល់​ទៅលើ​ការលេង​ទាំង​ចំបាប់​សម័យ​សេរី និង​ចំបាប់​ក្រិច​រ៉ូ​ម៉ាំង​ទៀតផង​។ កីឡាករ​ទាំងនេះ​ទទួលបាន​ការបង្ហាត់បង្ហាញ​ដោយផ្ទាល់​ពី​សំណាក់​កីឡាករ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឌន សៅ គ្រូ​ជំនួយ​យុវជន​ថ្នាល​ក្រុម​ជម្រើសជាតិ រួមទាំង​កីឡាករ កាង ដែន​ពិសិដ្ឋ គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ និង​កីឡាករ​ជម្រើសជាតិ ជា យិន​នាង​។​
 
​ការធ្វើ​យុទ្ធនា​ការចុះទៅ​បើក​វគ្គប​ច្ចេកទេស​តាម​ក្លិប​-​សមាគម​នេះ វា​មិន​ត្រឹម​ជួយ​ផ្តល់នូវ​វគ្គ​សិក្សា​លើ​បទបញ្ជា និង​ប​ច្ចេស​ទេស​នៃ​ការប្រកួត​នោះទេ វា​ជាការ​រឹតចំណង​មិត្តភាព​មួយ​ដ៏​ល្អ​រវាង​ក្លិប​-​សមាគម​នៅតាម​បណ្តា​ខេត្ត ជាមួយនឹង​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ថែម​ទៀតផង​។ ម្យ៉ាងទៀត​វា​ជួយ​ពង្រឹងសមត្ថភាព​របស់​កីឡាករ​កីឡាការិនី​នៅតាម​បណ្តា​ខេត្ត​ឲ្យ​មានការ​រីកចម្រើន ជាពិសេស​ធ្វើ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ស្គាល់​កីឡា​ចំបាប់​ខ្មែរ​កាន់តែច្បាស់​។  
 
​លោក ធិ​ន វិចិត្រ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ការចុះទៅ​បើក​វគ្គ​បច្ចេកទេស​នេះ វា​ជា​រឿង​ដ៏​ល្អ ព្រោះ​យើង​បាន​ចែករំលែក​បទពិសោធ និង​ការបង្ហាត់បង្ហាញ​ពីបទ​បញ្ជា​ច្បាប់​ល្បែង​កីឡា​ដល់​ពួកគេ ហើយ​យើង​ក៏បាន​រឹតចំណង​មិត្តភាព​ជាមួយ​សមាគម​-​ក្លិប​នៅតាម​ខេត្ត​ផងដែរ ព្រោះ​កន្លងមក​សហព័ន្ធ និង​សមាគម​-​ក្លិប នៅតាម​ខេត្ត​ហាក់​នៅ​ឆ្ងាយ​ពីគ្នា​។ ហើយ​តាមរយៈ​ការចុះទៅ​ដោយផ្ទាល់​នេះ យើង​មើលឃើញថា អត្ត​ព​លិ​ក​នៅតាម​ខេត្ត​មានការ​យល់ដឹង​ច្រើន និង​ត្រៀមខ្លួន​បាន​ច្រើន សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី ១ នាពេល​ខាងមុខនេះ​»​។​


 
​ក្រោយពី​បញ្ចប់​ការចុះទៅ​បើក​វគ្គ​បច្ចេកទេស​នៅ​សមាគម​កីឡា​ចំបាប់​រិទ្ធី​សែន​មាន​រិ​ទ្ធ​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំនេះ ស​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នឹង​ចុះទៅ​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេក​ទេស​តាម​ក្លិប​-​សមាគម ក្នុង​ខេត្ត​មួយចំនួនទៀត​ដូចជា សមាគម​កីឡា​ចំបាប់​យាយ​ព្រីង​មាន​រិ​ទ្ធ​ខេត្តកំពង់ឆ្នាំង​, សមាគម​កីឡា​ចំបាប់​ឃ្លាំងមឿង ខេត្តពោធិ៍សាត់​, សមាគម​កីឡា​ចំបាប់​វិហារ​សួគ៌ ខេត្តកណ្តាល និង​សមាគម​កីឡា​ចំបាប់​ព្រៃវែង​ក្នុង​ខេត្តព្រៃវែង​។ ការចុះ​នេះ​នឹង​ធ្វើឡើង​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍​។ 
 
​ក្រោយ​បញ្ចប់​យុទ្ធនា​ការចុះ​បើក​វគ្គប​ច្ចេកទេស​ពង្រឹង​តាម​ខេត្ត​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី លោក Casey Barneth អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា នឹង​សហការ​ជាមួយ​មន្ទីរអប់រំ​កាយ និង​កីឡា​ខេត្ត រៀបចំ​ការប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ដើម្បី​ចម្រាញ់​យក​កីឡា​ករលេខ​១​តាម​ប្រភេទ​ទម្ងន់​នីមួយៗ​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​នេះ​។   
​លោក ធិ​ន វិចិត្រ បាន​រៀបរាប់ថា​៖ «​លោក Casey Barneth នឹង​ផ្តល់​ការឧបត្ថម្ភ​បន្ថែម ក្រោយពី​បញ្ចប់​ការបើក​វគ្គប​ច្ចេកទេស​កីឡា​ចំបាប់​ដល់​សមាគម​កីឡា​ចំបាប់​ទាំង ៥ នៅតាម​បណ្តា​ខេត្ត ដោយ​យើង​នឹង​សហការ​ជាមួយ​មន្ទីរ​អយក​និង​កីឡា​ខេត្ត រៀបចំ​ការប្រកួត​ចំបាប់​ជើងឯក​ថ្នាក់​ខេត្ត ដើម្បី​ជ្រើស​រើសយក​អ្នកទទួល​ចំណាត់ថ្នាក់​លេខ​១​នៃ​ប្រភេទ​ទម្ងន់​នីមួយៗ មក​រៀបចំ​បែបបទ​នៃ​ការប្រកួត​ឲ្យ​ពួកគេ​ឡើងមក​ប្រកួត​កីឡា​ជាតិ​»​។​
 
​គួរ​បញ្ជាក់ថា ការធ្វើ​យុទ្ធនា​ការបើក​វគ្គប​ច្ចេក​ទេស​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នៅតាម​បណ្តា​ខេត្ត​នេះ​ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​បុរស​ជនជាតិ​អាមេរិកកាំង Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជានា​យក​វិទ្យាស្ថាន CaEd Business School​។ មុន​ការចុះទៅ​បើក​វគ្គ​នៅតាម​ខេត្ត​នេះ លោក Casey Barnett បាន​ឧបត្ថម្ភ​ជា​កម្រាល​សម្រាប់​ហ្វឹកហាត់​ដល់​សមាគម​ទាំងនេះ​ម្នាក់​៥២​សន្លឹង​រួចមកហើយ​(​សរុប​៤,៨០០​ដុល្លារ​)​។ ការឧបត្ថម្ភ​នេះ​ដោយសារ លោក គិតថា ខេត្ត​ជា​ប្រភពធនធាន​កីឡាករ​ចំបាប់​ដ៏​សំខាន់​សម្រាប់​សហព័ន្ធ​៕  
 

Tag:
 ចំបាប់​
  ធិ​ន វិចិត្រ​
  កីឡា​ជាតិ​លើក​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com