ពីនេះ ពីនោះ
មេដឹកនាំនយោបាយបែងចែកជាបួនប្រភេទ
× ភ្នំពេញ៖ មេដឹកនាំគឺជាបុគ្គលដែលសំខាន់ ដែលសង្គមណាក៏មិនអាចខ្វះបាន។ នៅក្នុងសៀវភៅវិទ្យាសាស្ត្រនយោបាយបានបែងចែកប្រភេទមេដឹកនាំនយោបាយជាបួនប្រភេទដូចជា ប្រភេទមេដឹកនាំធម្មតា ប្រភេទមេដឹកនាំបែបពាណិជ្ជករ ប្រភេទមេដឹកនាំបែបពន្លត់អគ្គីភ័យ និង ប្រភេទមេដឹកនាំបែបមហាបុរស។ តើមេដឹកនាំទាំងបួនប្រភេទនេះខុសគ្នាដូចម្ដេច?
ប្រភេទមេដឹកនាំធម្មតា៖ ជាមេដឹកនាំដែលពុំបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ក្រៅពីការឆ្លើយតបនិងការបម្រើទៅតាមសំណូមពររបស់ប្រជាជនទាំងអស់ឡើយ។
ប្រភេទមេដឹកនាំបែបពាណិជ្ជករ៖ ជាប្រភេទមេដឹកនាំដែលធ្វើឲ្យវិស័យពាណិជ្ជកម្មមានការរីកចម្រើនឈានឆ្ពោះទៅរកស្ថិរភាព និងភាពសម្បូរសប្បាយខាងសេដ្ឋកិច្ច។
ប្រភេទមេដឹកនាំបែបពន្លត់អគ្គីភ័យ៖ ជាប្រភេទមេដឹកនាំ ដែលប៉ិនប្រសបក្នុងការដោះស្រាយបញ្ហាចំពោះមុខនិងជាបន្ទាន់ ទាក់ទងដល់វិបត្តនយោបាយ វិបត្តសង្គម ឬទំនាស់ជាអន្តរជាតិដែលកើតមានឡើងជាយថាហេតុ ដោយចេះផ្សះផ្សារនូវទំនាស់ វិបត្តិទាំងនោះឲ្យត្រឡប់មករកសភាពប្រក្រតីវិញ។
ប្រភេទមេដឹកនាំបែបមហាបុរស៖ ជាប្រភេទមេដឹកនាំ ដែលចូលចិត្តប្រើប្រាស់មនោគមវិជ្ជាដ៏សុក្រឹតរបស់ខ្លួន បញ្ចូលទៅក្នុងស្មារតីរបស់មហាជនហើយប្រែក្លាយមនោគមវិជ្ជានេះ ទៅជាកម្លាំង សាមគ្គីមួយដ៏ធំធេង ដើម្បីសម្រេចគោលដៅ។ មេដឹកនាំប្រភេទនេះ បានបន្សល់ទុកនូវស្នាដៃជាច្រើន ទស្សនៈនយោបាយដ៏ល្អៗ ក៏ដូចជាភាពស្ទាត់ជំនាញក្នុងការដឹកនាំ ព្រមទាំងជាអ្នកផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់សង្គមមនុស្សជំនាន់ក្រោយថែមទៀត។
ដកស្រង់ពីសៀវភៅ៖ ចំណុចផ្ដើមស្ដីពីវិទ្យាសាស្ត្រនយោបាយ, បណ្ឌិត អ៊ុំ ប៉ុម
© រក្សាសិទ្ធិដោយ thmeythmey.com