ពីនេះ ពីនោះ
សុភាសិត​ខ្មែរ​មួយ​នេះ បង្ហាញ​ពី​គំនិត​ដឹកនាំ​ដ៏​អស្ចារ្យ​
28, Jun 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កូន​ខ្មែរ​ស្ទើ​គ្រប់គ្នា​ក្នុងពេល​បច្ចុប្បន្ននេះ តែង​មើលរំលង ពី​គំនិត ប្រាជ្ញា​របស់​ដូនតា​ខ្លួនឯង ហើយ​នាំគ្នា​លើកតម្កើង កម្រង​សម្ដី​ខ្លីៗ​របស់​អ្នកប្រាជ្ញ អ្នកជំនួញ អ្នកនយោបាយ​បរទេស​ថា​ជា​គំនិតល្អ​អស្ចារ្យ​។ ប៉ុន្តែ​ប្រហែលជា​មានកូន​ខ្មែរ​តិច​ណាស់​ដែល​បាន​ស្គាល់ បានដឹង បាន​យល់ ពី​កម្រ​ង់​គំនិត​របស់​ដូនតា​ខ្លួនឯង ថា​មានតម្លៃ​។ ជាក់ស្ដែង​ណាស់ សុភាសិត​របស់​ដូនតា​ខ្មែរ​មួយ​បាន​លើកឡើងថា «​ឈើ​វៀច​ធ្វើ​កង់ ឈើត្រង់​ធ្វើ​កាំ ឈើ​ថ្នាំង​ធ្វើ​ដុំ​»​មួយ​នេះ​ហាក់​គ្មាន​កូន​ខ្មែរ​ណា​លើកឡើង និង អះអាងថា​វា​អស្ចារ្យ​នោះទេ​។ តែ​តាមពិត​មួយ​ឃ្លា​នេះ​គឺជា​សុភាសិត​ដែលមាន​ចរិត​បែប​ដឹកនាំ​ខ្ពស់បំផុត​។​



​សុភាសិត​មួយ​នេះ ប្រសិនបើ​គ្រាន់តែ​អាន​ហើយ​គិត​ក្នុង​លក្ខណៈ​ធៀប​ធម្មតា វា​គ្រាន់តែ​ជា​ពាក្យ​មួយ​ឃ្លា ដែល​ដូនតា​លោក​លើកឡើង​ក្នុង​ន័យធៀប​ថា ដើម្បី​ធ្វើ​កង់រទេះ​មួយ​បាន គេ​ត្រូវ​ស្គាល់​ទម្រង់ និង​ប្រភេទ​លក្ខណៈ​របស់​ឈើ ទើប​អាច​យក​ឈើ​ទាំង​នោះមក​ដាក់​ទៅតាម​ផ្នែក​នីមួយៗ នៅក្នុង​ការធ្វើ​កង់រទេះ​មួយ​នោះ​។ ហេតុនេះហើយ​ប្រសិនបើ ឈើ​ដែលមាន​សណ្ឋាន​វៀច ជាង​ត្រូវ​អា​កាត់​យ៉ាងណា​ដើម្បី​យកមក​ធ្វើជា​កង់ ចំណែក​ឈើ​ណា​ដែល​ត្រង់​ត្រូវ​យកមក​ធ្វើ​កាំ​ព្រោះ​កាំ​ត្រូវការ​ឈើ​ដែល​ត្រង់ ហើយ​ឈើ​ណា​ដែល​ថ្នាំង គឺ​ត្រូវ​កែខៃ​យ៉ាងណា​ដើម្បី​យកមក​ធ្វើជា​ដុំ ទាំងបី​បូក​បញ្ចូល​គ្នា​បានជា​កង់រទេះ​មួយ​ដែល​អាច​ប្រើប្រាស់​បាន​។​

​ប៉ុន្តែ ប្រសិនបើ​សុភាសិត​មួយ​នេះ មាន​អត្ថន័យ​ត្រឹមតែ​ការ​ធៀប​ជាមួយ​ការធ្វើ​កង់រទេះ​មួយ វា​ពិតជា​មិនមាន​តម្លៃ​អ្វី​សម្រាប់​កូន​ខ្មែរ នោះទេ ព្រោះ​អ្នកណា​ក៏​អាច​ដឹង​ដែរ​ថា ដើម្បី​ធ្វើ​កង់រទេះ​មួយ​គឺ​គេ​ត្រូវការ​ប្រភេទ​ឈើ​ទៅតាម​សណ្ឋាន​បែបនេះ​។ តែ​សុភាសិត​នេះ វា​ពិតជា​មិនបាន​កំណត់ព្រំដែន​នៃ​អត្ថន័យ​របស់ខ្លួន ក្នុង​លក្ខខណ្ឌ​បែប​នោះឡើយ​។

​ផ្ទុយ​មកវិញ វិសាលភាព​នៃ​គំនិត ទស្សនៈ របស់​ដូនតា​ខ្មែរ​នៅក្នុង​អត្ថន័យ​នៃ​សុភាសិត​មួយ​នេះ​គឺមាន​ចរិត​ជា​ទស្សនៈ​បែប​គ្រប់គ្រង និង​ណែនាំ​ពី​របៀប​នៃ​ការបែងចែក​ការងារ ព្រមទាំង​មាន​ចេតនា​ឲ្យ​តម្លៃ​តម្លៃ​ខ្ពស់​ចំពោះ​មនុស្ស​។

​មូល​ហេតុដែល​អាចសន្និដ្ឋាន​បាន​ថា នេះ​គឺជា​សុភាសិត មាន​ចរិត​ជា​ទស្សនៈ​ឲ្យ​តម្លៃ​លើ​ការ ដឹកនាំ ពីព្រោះ​ក្នុងនាម​ជា​មេដឹកនាំ​ត្រូវ​ដឹងថា ក្នុងចំណោម​បុគ្គលិក​ដែល​ខ្លួន​ដឹកនាំ និង​គ្រប់គ្រង​មាន​លក្ខណៈសម្បត្តិ​ខុសគ្នា​បែបណា ជំនាញ ចរិត អាកប្បកិរិយា ចំណង ចំណូលចិត្ត​ធ្វើការ ខុសគ្នា​បែបណា​។ កត្តា​នេះ គឺជា​ចំណុច​ដែល​អាច​ឲ្យ​ថ្នាក់ដឹកនាំ ឬ​អ្នកគ្រប់គ្រង អាចបែងចែក​ការងារ​ទៅ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ឬ​បុគ្គលិក​ទៅតាម​ជំនាញ ទៅតាម​ទេពកោសល្យ ទៅតាម​ចំណង​ចំណូលចិត្ត​របស់​បុគ្គល ពេលនោះ​ពួកគេ អាច​ទទួលយក​ការងារ​មក​ធ្វើ​ដោយ​ពេញចិត្ត ហើយ​អាចធ្វើ​ឲ្យ​ការងារ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ទៀតផង​។ ប៉ុន្តែ​ផ្ទុយ​មកវិញ ប្រសិនបើ​ថ្នាក់ដឹកនាំ ឬ​អ្នកគ្រប់គ្រង​មិនចេះ​បែងចែក​ទេ គឺ​ប្រៀបបាន​ទៅនឹង​ជាង​ធ្វើ​កង់រទេះ​ដែល​មិន​ស្គាល់​ប្រភេទ​ឈើ​ដូច្នេះ​ដែរ​។​

​មួយវិញទៀត សុភាសិត​មួយ​នេះ ហាក់​បង្ហាញ​យ៉ាងច្បាស់​ថា ដូនតា​ខ្មែរ​លោក​មាន​ទស្សនៈ​មួយ គឺ​ឲ្យ​តម្លៃ​ទៅលើ​មនុស្ស និង​មើលឃើញ​ពី​ប្រយោជន៍​របស់​មនុស្ស ទៅតាម​ប្រភព​ជំនាញ​រៀងៗ​ខ្លួន​។ ក្នុងន័យ​ថា មនុស្ស​ប្រភេទ​ណាក៏ដោយ ក៏​សុទ្ធ​តែមាន​ប្រយោជន៍​ទាំងអស់ មិន​ថា មាន​ក្រ អាក្រក់​ល្អ ស​ខ្មៅ មាន​អវៈយវៈ ពិការភាព ជនពាល ក្មេង​ទំនើង អ្នកសិក្សា កសិករ សិប្បករ កម្មករ អ្នករៀន​សូត្រ អ្នក​មិនមាន​ចំណេះដឹង​ជ្រៅជ្រះ​ក្ដី​...​គឺ​សុទ្ធតែ​មានតម្លៃ​ទៅតាម​ផ្នែក​នីមួយៗ​របស់​ពួកគេ សំខាន់​គឺ​អ្នក​គ្រប់​គ្រង ឬ​អ្នកដឹកនាំ ចេះ​ប្រើ​មនុស្ស​ឬក៏​អត់​។ ហេតុផល​នេះ គឺ​ដូច​ទៅ​ហ្នឹង​ការលើកឡើង​របស់​សុភា​សិត​ស្ដីអំពី​ឈើ​វៀច ឈើត្រង់ និង​ឈើ​ថ្នាំង​ជាដើម គឺ​សុទ្ធតែ​អាច​ប្រើការ​បាន​ទាំងអស់​។​

​ការបកស្រាយ​ខាងលើនេះ គឺជា​អត្ថន័យ​របស់​សុភាសិត​ដែល​ដូនតា លោក​បានលើកឡើង​។ ថ្វី​ដ្បិតថា កូន​ខ្មែរ​មិនដឹងថា​ប្រភព​នៃ​សុភាសិត​មួយនេះ​មាន​ចាប់តាំងពី​សម័យ​កាលណា ប៉ុន្តែ​ឧទាហរណ៍​ថា សុភាសិត​នេះ គឺជា​គំនិត​ដឹកនាំ​ក្នុងសម័យ​សម្ដេច​ព្រះបាទ​ជ័យ​វ​រ្ម​នទី​៧ តើ​ពាក្យនេះមានតម្លៃ និង​ភាព​អស្ចារ្យ​កម្រិតណា​? នេះហើយ​គឺជា​លទ្ធផល​ដែល​កូន​ខ្មែរ នាំគ្នា​ឲ្យ​តម្លៃ​គំនិត​បរទេស តែ​ភ្លេច​គិតពី​តម្លៃ​ទស្សនៈ​របស់​ដូនតា​ខ្លួនឯង​។ ជាក់ស្ដែង​ណាស់ សុភាសិត​នេះ បើ​ធៀប​ជាមួយ​ពាក្យ​មួយ​ឃ្លា​របស់​អ្នកដឹកនាំ​ចិន​ម្នាក់​គឺ​លោក តេង ស៊ា​វ​ពីង ដែល​បាន​លើកឡើងថា «​មិន​ថា​ឆ្មា​ស ឬ​ឆ្មា​ខ្មៅ ឲ្យ​តែ​ចេះ​ចាប់​កណ្ដុរ គឺជា​ឆ្មា​ល្អ​» ដែល​អត្ថន័យ​មិន​ខុសពី​សុភាសិត​មួយ​នេះឡើយ​។

​ជារួម​មក ក្នុងនាម​ជា​សុភាសិត​ខ្មែរ លើកឡើង​ពី​បរិបទ​ខ្មែរ សម្រាប់​អនុវត្ត​ក្នុងប្រទេស​ខ្មែរ តែ​បែរជា​កូន​ខ្មែរ​ខ្លួនឯង​មិន​ខ្វល់ មិន​រវល់​យកមក​ពិចារណា ដើម្បី​អនុវត្ត ហើយ​បែ​ជា​នាំគ្នា​ទៅ​សរសើរ​គំនិត​បរទេស វា​ពិតជា​រឿង​ដែល​គួរ​ឲ្យ​ឈឺចាប់​សម្រាប់​ដូនតា​។ ក្នុងន័យនេះ​មិនមែន​មានន័យថា គំនិត​គេ​មិនល្អ​ទេ ប៉ុន្តែ​អ្វីដែល​ចង់បាន គឺថា​តើ​ដូនតា​មាន​ទស្សនៈ​ល្អ​ដែរ​ហេតុអ្វី​មិន​នាំគ្នា​គិត​យកមក​សិក្សា​?


Tag:
 ​សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com