ជាតិ
ថ្ងៃស្អែក ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​ប្រកាស​សុពលភាព​សមាជិក​ថ្មី​
28, Jun 2016 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ព្រឹទ្ធសភា នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៣ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៦​។ សមាជិក​ព្រឹទ្ធសភា​ថ្មី​១​រូប នឹងត្រូវ​ប្រកាស​ក្នុង​កិច្ចប្រជុំ​នោះ ហើយ​សេចក្តីព្រាងច្បាប់​មួយចំនួនទៀត ក៏​នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ផងដែរ​។​



​ការបើក​កិច្ចប្រជុំ​វិសាមញ្ញ​នេះ គឺ​ដើម្បី​ប្រកាស​វត្តមាន​របស់លោក ខៀវ មុត អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន ដែល​ទើបតែ​ជាប់ឆ្នោត​ជា​សមាជិក​ថ្មី​នៃ​ស្ថាប័នព្រឹទ្ធសភា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ពី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។​

​លោក ខៀវ មុត ដែលជា​អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៣​។ ការជ្រើសតាំង​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៦​។​

​រដ្ឋសភា ជ្រើសតាំង​លោក ខៀវ មុត ជា​សមាជិក​ព្រឹទ្ធសភា​ថ្មី គឺ​ដើម្បី​ជំនួស​សម្តេច​បុត្រី​ព្រះរាម នរោត្តម បុប្ផា​ទេវី ដែល​បាន​សុំលាលែង​ពី​តំណែង​។ បន្ទាប់ពី​លាលែង​ពី​សមាជិក​ព្រឹទ្ធសភា សម្តេចព្រះ​រាជបុត្រី​ព្រះរាម នរោត្តម បុប្ផា​ទេវី ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់​អាណត្តិ​ទី​៧​។​

​ក្រៅពី​ការប្រកាស​ទទួល​លោក ខៀវ មុត ជា​សមាជិក​ព្រឹទ្ធសភា របៀបវារៈ​ចំនួន​៣​ទៀត នឹងត្រូវ​លើក​ទៅ​ពិភាក្សា​ផងដែរ​។ របៀបវារៈ​ទាំងនោះ​គឺ ១. ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី យុត្តិធម៌​អនីតិជន​, ២. ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ហុង​គ្រី​ស្តីពី​ការការពារ​ទៅវិញទៅមក​នៃ​ការវិនិយោគ​, ៣.​ការបោះឆ្នោត​ជ្រើសរើស​បំពេញ​សមាជិក​គណៈកម្មាធិការ​ទី​១ ទី​៤ និង​៧ នៃ​ព្រឹទ្ធសភា​៕


Tag:
 ព្រឹទ្ធសភា​
  ខៀវ មុត​
© រក្សាសិទ្ធិដោយ thmeythmey.com