ជាតិ
តុលាការខេត្ត​កោះកុង​នឹង​ចេញ​សាលក្រម​អំពី​សកម្មជន​មាតា​ធម្មជាតិ​នៅ​ដើមខែ​កក្កដា​
30, Jun 2016 , 7:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​បើកសវនាការ​អសាធារណៈ​ដែល​ប្រើពេល​អស់ពីរ​ថ្ងៃ​ក្នុងការ​សួរដេញដោល​ស​កម្ម​ជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំងបី​នាក់ និង​អ្នកពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​ទប់ស្កាត់​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង តុលាការខេត្ត​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​មួយ​នេះ នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃទី​១ ខែកក្កដា​ខាងមុខនេះ​។​



​តុលាការ​ខេត្តកោះកុង​បានបញ្ចប់​អង្គ​សវនាការ របស់ខ្លួន​ក្នុងការ​ជម្រះក្តី​សកម្មជន​បរិស្ថាន​បីនាក់ កាលពី​ល្ងាច​ថ្ងៃ​អង្គារ ហើយ​ត្រៀម​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​មួយខែ​កក្កដា​ខាងមុខនេះ​។ នេះ​បើ​យោងទៅតាម​ការបញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកតំណាង​គ្រួសារ​ជនជាប់ចោទ​នៅ​ខេត្តកោះកុង​។​

​អង្គ​សវនាការ​កាត់ក្តី​សកម្មជន​ទាំងបី​នាក់​នៃ​ចលនា​មាតា​ធម្មជាតិ​នេះ បានចាប់ផ្តើម​ឡើង​តាំង​ពីថ្ងៃ​ច័ន្ទ ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦​។ ជនជាប់ចោទ​ទាំងបី​នាក់​នោះ រួមមាន​លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិ​គា និង​លោក ស៊ីម សំណាង​។​

​លោក អ៊ិន គង់​ជិត មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​ប្រាប់ VOA កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា អង្គជំនុំជម្រះ​បានសម្រេច​តម្កល់​ការចោទប្រកាន់​របស់​តំណាង​អយ្យការ ដែល​បាន​ចោទប្រកាន់​សកម្មជន​ប​រិ​ស្ថាន​ទាំងបី​នាក់​នោះ ពីបទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​។​

​លោក​ពន្យល់ថា បទ​ចោទ​នេះ​គឺ​ត្រូវបាន​ធ្វើឡើង ដោយ​សំអាង​ទៅលើ​ការអះអាង​របស់​ក្រុមហ៊ុន​ថា សកម្មជន​ទាំងបី​នាក់​នោះបាន​ឡើងទៅ​លើ​ទូក​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ឯកជន និង​បាន​គំរាម ប្រសិនបើ​មិន​ព្រម​ចាក​ចេញពី​ទីកន្លែង​បូម​ខ្សាច់​។​

​ក៏ប៉ុន្តែ​លោក អ៊ិន គង់​ជិត បាន​បញ្ជាក់ថា នៅ​ចុងបញ្ចប់​នៃ​អង្គ​សវនាការ​នោះ សកម្មជន​ទាំងបី​បាន​សំណូមពរ​ឲ្យ​ដោះលែង​ពួកគេ ដោយបាន​អះអាង​ចំពោះមុខ​អង្គជំនុំជម្រះ​ថា សកម្មភាព​របស់​ពួកគេ គឺ​ធ្វើ​ដើម្បី​ការពារ​ស​ម្ប​តិ្ត​ធម្មជាតិ​តែប៉ុណ្ណោះ និង​មិនបាន​គំរាមកំហែង​បុគ្គល​ណា ដូច​ការចោទប្រកាន់​នោះឡើយ​។​

«​អ្នក​ទាំងបី​បាន​សំណូមពរ​ទៅ​ចៅក្រម​ជម្រះ ឲ្យ​ពិចារណា វិនិច្ឆ័យ រក​យុត្តិធម៌​ឲ្យ​គាត់ គឺ​សុំ​ឲ្យ​លើកលែង​ការចោទប្រកាន់ ដល់​រូបគាត់​ទាំងបី​នាក់ និង​សុំ​ឲ្យ​មានការ​ដោះលែង ឲ្យ​ពួកគាត់​មាន​សេរីភាព​ទៅវិញ គឺ​គាត់​ទាំង​បីនាក់​អះអាងថា គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ ហើយ​សកម្មភាព​ដែល​ពួកគាត់​នេះ គឺ​ដើម្បី​ផលប្រយោជន៍​ការពារ​បរិស្ថាន ការពារ​ធនធានធម្មជាតិ គឺ​ផលប្រយោជន៍​ជួយ​សង្គមជាតិ​»​។​

​ការចោទប្រកាន់​របស់​តំណាង​អយ្យការ​ត្រូវបាន​ធ្វើឡើង​ដោយ​យោងតាម​មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​៤២៤​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា អំពើ​គំរាមកំហែង តាម​មធ្យោបាយ​ណាក៏ដោយ ថា​នឹង​ប្រព្រឹត្ត​ការបំផ្លិចបំផ្លាញ ការធ្វើ​ឲ្យ​ទ្រុឌទ្រោម ឬ​ការធ្វើ​ឲ្យ​ខូចខាត ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​៤​លាន​រៀល ប្រសិនបើ​ការគំរាមកំហែង​នេះ​មានភ្ជាប់​នូវ​បញ្ជា​ឲ្យ​បំពេញ ឬ​មិន​បំពេញ​កិច្ច​អ្វីមួយ​។​

​បន្ថែម​លើ​ការចោទប្រកាន់​ដោយយោង​ទៅតាម​មាត្រា​នេះ ក្រុមហ៊ុន Direct Access ដែលជា​ដើមបណ្តឹង​នៅក្នុង​រឿងនេះ​ក៏បាន​ទាមទារ​ឲ្យ​សកម្មជន​បរិស្ថាន​ទាំងបី​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ផងដែរ​។​

VOA នៅតែ​មិនទាន់​អាចទាក់ទង​លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញារង​នៃ​តុលាការ​ខេត្តកោះកុង​អ្នកស្រី ថា សុភា ភរិយា​របស់លោក ស៊ីម សំណាង បាន​ប្រាប់ VOA កាលពី​យប់​ថ្ងៃ​អង្គា​រថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ដល់​លោក ស៊ីម សំណាង និង​សកម្មជន​ពីរ​នាក់​ផ្សេងទៀត ដោយ​អ្នកស្រី​សំអាងថា អ្នក​ទាំងបី​មិនបាន​ប្រព្រឹត្ត​អំពើហិង្សា ឬ​មិនមាន​ចេតនា​បំភិតបំភ័យ​នរណា​ឡើយ​។ អ្នកស្រី​ឲ្យ​ដឹងថា គ្រួសារ​អ្នកស្រី​ពុំមាន​លទ្ធភាព​នឹង​បង់ប្រាក់​ជំងឺ​ចិត្ត​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នោះទេ​។​

«​ខ្ញុំ​អត់​មានលទ្ធភាព​នឹង​សង​គេ ហើយក៏​ខ្ញុំ​អត់​យល់ព្រម​ដែរ ព្រោះ​វា​ជា​ភាពអយុត្តិធម៌​មួយ​សម្រាប់​ពួក​ខ្ញុំ និង​សម្រាប់​ប្តី​ខ្ញុំ​»​។​

​ការសម្រេច​ឃុំខ្លួន​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ​ទាំងបី​នាក់​ដែល​បាន​ធ្វើឡើង​នៅក្នុង​សវនាការ​នោះ​កើតមានឡើង បន្ទាប់ពី​សកម្មជន​ទាំងបី​បើក​យុទ្ធនាការ​កាលពី​ខែកក្កដា ដើម្បី​ប​ណេ្ត​ញ​សា​ឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ពីរ​គឺ​ក្រុមហ៊ុន Direct Access និង International Rainbow Company ដែល​បាន​ដំណើរការ​ជាច្រើន​ខែ​នៅមុន​យុទ្ធនាការ​នោះ​ចាប់​ផ្តើមឡើង នៅក្នុង​តំបន់​ជី​ផាត់ និង​ព្រែក​អណ្តូងទឹក ដែល​ស្ថិតនៅ​ក្នុងស្រុក​បទុម​សាគរ ខេត្តកោះកុង​។​

​យុទ្ធនាការ​ទប់ស្កាត់​ការ​បូម​ខ្សាច់​របស់​អ្នក​ទាំងបី​នៅពេលនោះ ក៏មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ពី​ការ​បូម​ខ្សាច់​នោះដែរ​។ ពួកគេ​យល់ថា ការ​បូម​ខ្សាច់​នេះ​បាន​បង្ក​ឲ្យ​មាន​ការបាក់​ច្រាំង​នៃ​ដៃសមុទ្រ និង​បាន​បំផ្លាញ​ដល់​សម្បត្តិ​ជីវៈចម្រុះ​នៅក្នុង​សមុទ្រ​៕

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ

© រក្សាសិទ្ធិដោយ thmeythmey.com