ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ស្នាម​មេដៃ​១៧​ម៉ឺន​របស់ CNRP ត្រូវបាន​ត្រួតពិនិត្យ​រួចរាល់​ហើយ​
30, Jun 2016 , 3:48 pm        
រូបភាព
លោក កង សុខុន
លោក កង សុខុន
ដោយ:
 ​ភ្នំពេញ​៖ ក្រុមការងារ​ស្រាវជ្រាវ​ស្នាម​មេដៃ​របស់​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​១៧​ម៉ឺន​នាក់ នៅលើ​ញត្តិ​ដែល​ថ្វាយ​ដល់​ព្រះមហាក្សត្រ បានបញ្ចប់​បេសកកម្ម​ត្រួតពិនិត្យ​រួចរាល់​ហើយ នា​ថ្ងៃទី​៣០ ខែមិថុនា នេះ​។ ក្រុម​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល អះអាងថា មាន​ភាពមិនប្រក្រតី​ច្រើន​លើ​ស្នាម​មេដៃ​ទាំងនោះ​។​

 
​អនុប្រធាន​គណៈកម្មកា​រ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅលើ​ញត្តិ CNRP លោក កង សុខន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមការងារ​របស់លោក​ពិនិត្យឃើញថា ក្នុងចំណោម​ទាំង​១៧​ម៉ឺន ស្នាម​មេដៃ​ជាច្រើន មានឈ្មោះ​ស្ទួន​គ្នា ខ្លះ​ចំណាកស្រុក​អវត្តមាន​ក្នុងប្រទេស និង​ខ្លះ​បាត់បង់​ជីវិត​។ បើទោះបីជា​បញ្ចប់​ការត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​ទាំងនោះ​ក៏ដោយ លោក កង សុខន ពុំបាន​បង្ហាញ​លទ្ធផល​កោសល្យ​វិ​ច្ច័​យ​លម្អិត​ឡើយ នា​ថ្ងៃទី​៣០ ខែមិថុនា​នេះ ។​
 
​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ អះអាង​តាមរយៈ​ការត្រួតពិនិត្យ​ដែល​បានចាប់ផ្តើម​បើក​កញ្ចប់​ញត្តិ​កាលពី​ថ្ងៃទី​៦ ខែមិថុនា កន្លងទៅ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិនិត្យឃើញ​មាន​បញ្ហា​លើ​ស្នាម​ម​ដៃ​ទាំង ១៧​ម៉ឺន​ជាច្រើន​។ វា​មាន​ខ្លឹមសារ​ញត្តិ​ដូចៗ​គ្នា ហើយ​ស្នាម​មេដៃ​បោះពុម្ព​ជាស្រេច គឺ​មិនមែនជា​ខ្លឹមសារ​ពលរដ្ឋ​តាក់តែង​សរសេរ​ដោយ​ដៃ​គាត់​ផ្ញើមក​ទេ​។ អ្នកបច្ចេកទេស​យើង​ពិនិត្យឃើញ​ទៀតថា ស្នាម​មេដៃ​ខ្លះ​ស្ទួន ខ្លះ​ស្នាម​មេដៃ​មនុស្ស​ស្លាប់ និង​ខ្លះ​អ្នក​ផ្តិត​បានដៃ​បាន​ចំណាកស្រុក​ធ្វើការ​ក្រៅប្រទេស​»​។​
 
​តែ​យ៉ាងណា អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​ញត្តិ​ស្នាម​មេដៃ​អ្នកគាំទ្រ​ដឹកនាំ​ដោយ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពុំ​អាច​បញ្ជាក់​ពី​ចំនួន​ស្នាម​ដៃ​ខុស​ប្រក្រតី​នោះទេ ដោយ​លោក​មាន​ហេតុផល​ថា វា​ជា​រឿង​របស់​អ្នកបច្ចេកទេស​ពិនិត្យ​ស្នាម​មេដៃ​។​
 
​បើតាម​លោក កង សុខន ក្រុមការងារ​បាន​សរុប​របាយការណ៍​ត្រួតពិនិត្យ​ស្នាម​មេដៃ​អ្នកគាំទ្រ CNRP រួចហើយ ក្រោយ​ការចុះ​ត្រួតពិនិត្យ​ជាង​មួយខែ កន្លងទៅ​។ លោក​ថា ក្រុមការងារ​នេះ​នឹង​រាយការណ៍​ជូន​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​បន្តទៀត​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កន្លងមក គណបក្ស​សង្គ្រោះ​ជាតិ​ពុំ​ជឿជាក់​លើ​ការត្រួតពិនិត្យ​ជា​ឯកតោភាគី​ដែលថា ស្នាម​មេដៃ​អ្នកគាំទ្រ ដែល​ខ្លួន​បាន​ថ្វាយ​ព្រះមហាក្សត្រ ជា​ស្នាម​មេដៃ​ក្លែងក្លាយ​ឡើយ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ៊ូ ច័ន្ទ​ឫទ្ធិ អះអាងថា ការដាក់​ញត្តិ ដោយមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នាក់ ថ្វាយ​ព្រះមហាក្សត្រ គឺជា​ស្នាម​មេដៃ​ពិតប្រាកដ​។ ប្រសិនជា​មានការ​បង្កើត​ក្រុម​អ្នកត្រួតពិនិត្យ​លើ​ស្នាម​មេដៃ​នេះ លោក​ស្នើ​ឲ្យ​មានការ​ចូលរួម​ផ្ទៀងផ្ទាត់​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ផង ដោយ​គណបក្ស​លោក​នឹង​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ខ្លួន​ចំនួន​១៧​ម៉ឺន​នាក់ ដែល​បាន​ផ្តិតមេដៃ​នោះ​ទៅ​បង្ហាញ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​។​
 
​យ៉ាងណា លោក កង សុខន ឆ្លើយតប​នឹង​សំណើ CNRP ថា សមត្ថកិច្ច​រង់ចាំតែ​បញ្ជា​ប្រតិបត្តិ​ការងារ​ពី​ថ្នាក់លើ​តែប៉ុណ្ណោះ​៕
 

Tag:
 សង្គ្រោះ​ជាតិ​
  ញត្តិ​
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com