ជាតិ
ចំណេះដឹង​ភាសា​អង់គ្លេស​ជាយា​ន​សំខាន់​នៅក្នុង​សង្គម​ខ្មែរ​
01, Jul 2016 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេល​បច្ចុប្បន្ននេះ ចំណេះដឹង​ភាសា​អង់គ្លេស​ជាការ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​អាច​រក​ការងារ​ដែល​ផ្តល់ប្រាក់​កម្រៃ​ខ្ពស់​។ ទន្ទឹម​ជាមួយគ្នានេះដែរ បញ្ញវន្ត​ខ្មែរ​បង្ហាញ​ការព្រួយបារម្ភ​មួយចំនួន​អំពី​ការហូរចូល​វប្បធម៌​បរទេស​តាមរយៈ​ភាសា​នេះ​។​



​កាលពីពេល​ថ្មីៗ​នេះ នាង ប៉​ស់ សុជាតា បាន​អាន​សៀវភៅ​ដ៏​ល្បី​របស់​អ្នកកាសែត​សញ្ជាតិ​អង់គ្លេស​ឈ្មោះ Jojo Moyes​ដ៏​ល្បីល្បាញ​ម្នាក់​។ សៀវភៅ​របស់គាត់​នោះ​មាន​ចំណងជើង​ថា Me Before You ដែលជា​សៀវភៅ​ប្រលោមលោក​មនោសញ្ចេតនា ដែល​ក្រោយមក​ត្រូវបាន​គេ​ផលិត​ជា​ខ្សែភាពយន្ត​។​

​ដោយមាន​ការជក់​ចិត្ត​ជាមួយ​ស្នាដៃ​របស់​សៀវភៅ​របស់​លោកស្រី Jojo Moyes នោះ នាង សុជាតា បាន​ចាប់យក​សៀវភៅ​បន្ទាប់​មួយទៀត​របស់​អ្នកនិពន្ធ​រូបនេះ ហើយ​សៀវភៅ​ថ្មី​នេះ​មាន​ចំណងជើង​ថា After You​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​នាង សុជាតា អាយុ​២៧​ឆ្នាំ សិក្សា​ពី​វប្បធម៌​ប្រទេស​ដទៃទៀត​ដោយ​ខ្លួនឯង តាមរយៈ​ការអាន​សៀវភៅ​។ នាង សុជាតា និង​បងប្អូន​ស្រី​ពីរ​នាក់​ទៀត​របស់​នាង​បាន​អាន​សៀវភៅ​ផ្សេងៗ​ជា​ភាសា​អង់គ្លេស​រាប់រយ​ក្បាល ទោះជា​រឿង​ពិត ឬ​ជា​រឿងប្រឌិត​ក្តី តាំងពី​នាង​នៅ​រៀន​នៅ​វិទ្យាល័យ​ម្ល៉េះ​។ នាង សុជាតា បាន​ចូលរួម​ជាមួយ​និស្សិត​ខ្មែរ​ផ្សេងៗ​ទៀត​ដែល​ចូលចិត្ត​ការអាន​សៀវភៅ​។​

​នាង សុជាតា នៅក្នុង​ចំណោម​មនុស្ស​ជំនាន់​ក្រោយ​រាប់ពាន់នាក់​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ទៀងទាត់​ក្នុង​ការធ្វើទំនាក់ទំនង​នៅ​សាលា និង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ សម្រាប់​ការអប់រំ និង​ដើម្បី​ទទួលបាន​ព័​ត័​មាន និង​បង្កើន​លទ្ធភាព​ការងារ​របស់​នាង​ក៏ដូចជា​ដើម្បី​ការកម្សាន្ដ​ផងដែរ​។​

​បញ្ញវន្ត​កម្ពុជា​បាន​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​មធ្យោបាយ​ត​ភ្ជាប់​ជាមួយ​លោក​ខាងក្រៅ​។ ពួកគេ​ក៏បាន​លើកឡើង​នូវ​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ភាសា​អង់គ្លេស​ទៅលើ​វប្បធម៌​កម្ពុជា​ផងដែរ​។​

​នាង សុជាតា បាន​និយាយថា សមត្ថភាព​ក្នុងការ​ប្រើ​ភាសា​អង់គ្លេស​របស់​នាង​មិនមែន​កើតឡើង​ពី​ខិតខំ​ប្រឹងប្រែង​រយៈពេល​ខ្លី​ទេ​។​

​នាង សុជាតា មានសំណាង​ដែល​ឪពុកម្តាយ​របស់​នាង​បាន​បញ្ជូន​នាង​ឲ្យ​ចូលរៀន​ភាសា​អង់គ្លេស​នៅ​សាលា​ដែល​ល្អ​បំផុត​មួយ​នៅ​ទីក្រុង​ភ្នំពេញ ជា​កន្លែង​ដែល​នាង​បាន​អនុវត្ត​ការអាន​សរសេរ និយាយ និង​ស្តាប់​ភាសា​អង់គ្លេស មុនពេល​នាង​ចូលរៀន​នៅ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ Australian Center for Education​។​

​អ្វីដែល​នាង សុជាតា ចង់បាន នាង​តែងតែ​រកឃើញ​នៅក្នុង​បណ្ណាល័យ​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ​នេះ​។ នាង​បាន​យក​សៀវភៅ​ពី​បណ្ណាល័យ​នោះ​មួយ​ក្បាល ហើយ​មួយ​ក្បាល​ទៀត​ដើម្បី​អាន​។ នាង សុជាតា ពាក់អាវ​អំបោះ​ពណ៌​ខៀវ​ដៃខ្លី ហើយនឹង​តុបតែង​មុខ​លក្ខណៈ​ធម្មជាតិ ដែល​មើលទៅ​ខុសពី​ស្ត្រី​កម្ពុជា​ផ្សេងទៀត​អាយុ​ស្រករ​នាង​។​



​នាង សុជាតា ញញឹម​ដោយមាន​ទំនុកចិត្ត​។ នាង​បាន​ប្រាប់ VOA អំពី​របៀប​ដែល​នាង​បានទទួល​អាហារូបករណ៍​សន្តិភាព​អន្តរជាតិ​មួយ ដើម្បី​ចូលរួម​ក្នុង​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០០៩ ខណៈពេលដែល​នាង​នៅ​ជា​និស្សិត​ឆ្នាំ​ទី​បី​របស់​វិទ្យាស្ថាន​ភាសាបរទេស និង​ដេ​ប៉ា​តេ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​នាង​បាន​និយាយថា បើ​នាង​មិនចេះ​ភាសា​អង់គ្លេស​ទេ នាង​ទំនងជា​ខកខាន​¬​ឱកាស​សំខាន់ៗ​ជាច្រើន​។ នាង​និយាយថា ជា​ចាំបាច់​សិស្ស និស្សិត​កម្ពុជា​ត្រូវតែ​ចេះ​ភាសា​អង់គ្លេស​ឲ្យ​បានល្អ​ដើម្បី​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​។​

​នាង សុជាតា បានទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ក្នុងការ​រចនា​ពហុ​មេ​ឌៀ​ពី​សាកលវិទ្យាល័យ Monash​នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​។ នៅពេល​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ នាង សុជាតា បាន​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Limkokwing ហើយ​ក្រោយមក​បានធ្វើ​ជា​អ្នក​ផលិត​កម្មវិធី​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​។​

​នាង​បាន​និយាយថា​៖ «​ពេលដែល​ចេះ​ភាសា​អង់គ្លេស​ទៅ គឺ​ខ្ញុំ​អាច​រៀន​យល់ដឹង​ពី​វប្បធម៌​ផ្សេងៗ​ហើយ​អាចធ្វើ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង​ងាយស្រួល​ជាង​មុន ព្រោះ​នៅពេលដែល​ខ្ញុំ​ចាប់ផ្តើម​ចេះ​ភាសា​អង់គ្លេស គឺ​ខ្ញុំ​ចាប់ផ្តើម​ចេះ​ប្រើ​អ៊ិន​ធឺ​ណិ​ត និង​ចេះ​ប្រើ​អ៊ីម៉េល​នៅពេល​តែមួយ​ដែរ​។ អញ្ចឹង​នៅពេល​ហ្នឹង នៅពេលដែល​ខ្ញុំ​ត្រូវ​ការរៀន និង​ចង់​ស្វែងយល់​អ្វី​បន្ថែមទៀត ខ្ញុំ​អាច​រក​តាម​អ៊ីនធឺណិត​បាន​ដោយ​ងាយស្រួល ហើយ​មួយទៀត​គឺ​នៅពេលដែល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកផ្សេង​ក៏​វា​ងាយស្រួល​ដែរ​»​។​

​ក្រៅពី​ផ្តល់ឱកាស​ដើម្បី​ស្វែងយល់​ឲ្យ​បាន​ច្រើន​អំពី​ពិភពលោក ជំនាញ​ភាសា​អង់គ្លេស​របស់​នាង សុជាតា បានផ្តល់​លទ្ធភាព​ឱ្យ​នាង​ស្វែងយល់​វប្បធម៌​ប្រទេស​ផ្សេងៗ​ជាច្រើន​។​

«​អ្វីដែល​សំខាន់​ហ្នឹង នៅពេលដែល​យើង​ចេះ​ភាសា​ដែលជា​ភាសា​អន្តរជាតិ​មួយ​ហ្នឹង យើង​មិន​ត្រឹមតែ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គេ​បានទេ ប៉ុន្តែ​ធ្វើ​ឲ្យ​យើង​ហ្នឹង​យល់ដឹង​ពី​វប្បធម៌​ប្រទេស​ផ្សេង​។ អញ្ចឹង​ទោះបីជា​នៅ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី​អញ្ចឹង គេ​មាន​ភាសា​ដើម​គេ​ហើយ​ជនជាតិ​គេ​និយាយ​ភាសា​អង់គ្លេស​។ នៅពេលដែល​យើង​យល់ដឹង ចេះ​ភាសា​អង់គ្លេស យើង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​គេ​ហ្នឹង​បាន​ទៅ យើង​ក៏​យល់ដឹង​ពី​វប្បធម៌​គេ​ដែរ​។ កាលណា​យើង​ដឹង​វប្បធម៌​ច្រើន ធ្វើ​ឲ្យ​មនុស្ស​យើង​ហ្នឹង​បើក​ចិត្ត​ទូលាយ ទទួលយក​អ្វី​ប្លែកៗ​ថ្មីៗ​»​។​

​នាង សុជាតា បាន​និយាយថា ចេះ​អង់គ្លេស​អនុញ្ញាតឱ្យ​នាង​អាច​ទៅគ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​។​

​នាង​និយាយថា​៖ «​នៅ​ព្រលានយន្តហោះ​មួយៗ​ហ្នឹង គេ​តែងតែ​ដាក់​អក្សរ​អង់គ្លេស​ហើយនឹង​អក្សរ​ជាតិ​គេ​។ អញ្ចឹង​ទោះបីជា​យើង​អត់​ចេះអក្សរ​ជាតិ​ណាក៏ដោយ យើង​ទៅ​ព្រលានយន្តហោះ​ណា​ក៏​បានដែរ​។ យើង​អាច​ដឹង​ផ្លូវ​បាន​ដោយសារ​ភាសា​អង់គ្លេស​»​។​

​បច្ចុប្បន្ននេះ នាង សុជាតា ជា​ស្ត្រី​វ័យក្មេង​ដែលមាន​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​។ នាង​គឺជា​មន្ត្រី​ទំនាក់ទំនង​នៅ​អង្គការ​មួយ​មាន​ឈ្មោះថា Room To Read​ដែលជា​អង្គការ​ធ្វើការ​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា ដែលជា​ញឹកញយ​នាង សុជាតា ត្រូវធ្វើ​ដំណើរ​ទៅ​ខេត្ត​ជាច្រើន​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​។​

​បទពិសោធន៍​រស់នៅ​ម្នាក់ឯង ក្នុងប្រទេស​អូស្ត្រាលី​របស់​នាង​បានធ្វើ​ឲ្យ​ឪពុកម្តាយ​របស់​នាង​មានការ​ជឿទុកចិត្ត​ថា នាង សុជាតា អាច​មើល​ការខុសត្រូវ​លើ​ខ្លួនឯងបាន​។ បើទោះបីជា​នាង សុជាតា ដឹងថា ភាសា​អង់គ្លេស​គឺជា​ឧបករណ៍​សំខាន់​ដើម្បី​នាង​អាច​រៀន​ដោយ​ខ្លួនឯងបាន តែ​នាង​នៅតែ​មើលឃើញ​ផល​អវិជ្ជមាន​របស់​ភា​សា​នេះ​ចំពោះ​ប្រទេស​កម្ពុជា​។​

«​ចំណុច​អវិជ្ជមាន​មាន​ខ្លះ​ដែរ​។ ប៉ុន្តែ​អាហ្នឹង​វា​អាស្រ័យទៅលើ​បុគ្គល​។ អ្នកខ្លះ​នៅពេលដែល​គាត់​និយាយ​ភាសា​អង់គ្លេស គាត់​ធ្វើ​ដូច​រាង​រើសអើង​អ្នក​ដែល​អត់​ចេះ​។ ប៉ុន្តែ​ហ្នឹង​វា​អាស្រ័យ​លើ​បុគ្គល​ដែរ ដោយសារតែ​គាត់​គិតថា គាត់​ពូកែ​ជាងគេ​។ ចំណុច​អ​វិ​ជ្ជ​មួយទៀត​គឺ នៅពេលដែល​យើង​ចេះ​និយាយ​ពីរ ឬមួយ​ក៏​បី​ភាសា យើង​តែងតែ​ច្រឡូកច្រឡំ​ភាសា​ទាំងអស់​ហ្នឹង​នៅពេល​ខ្លះ​។ ឧទាហរណ៍​ដូច ខ្ញុំ​ផ្ទាល់ នៅពេល​ខ្ញុំ​និយាយ​ខ្មែរ ជួនកាល​រក​ពាក្យ​ខ្មែរ​អត់​ទាន់ ខ្ញុំ​បន្លំ​ដាក់ពាក្យ​អង់គ្លេស​ចូល​មួយ​ពាក្យៗ​ដែរ​»​។​

​លោក សុខ សូត្រ ជា​ព្រឹទ្ធបុរស និង​ជា​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​អប់រំ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​សរសេរ​និក្ខេបបទ​អំពី​ការនិយាយ​ភាសា​ពីរ និង​ឥទ្ធិពល​នៃ​ការប្រើប្រាស់​ភាសាបរទេស​មកលើ​អត្តសញ្ញាណ​បុគ្គល និង​ជាតិ​នៅពេលដែល​លោក​ទៅ​សិក្សា​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Victoria នៅ​ប្រទេស​អូស្ត្រាលី​។​

​លោក​បាន​និយាយថា​៖ «​ភាសា​អង់គ្លេស​បណ្តុះបណ្តាល Critical Thinking ការ​ត្រិះរិះ​ពិចារណា​។​តាម​យោបល់​របស់ខ្ញុំ គឺ​ខ្ញុំ​សង្កេតឃើញថា អ្នក​ដែល​រៀន​ភាសា​អង់គ្លេស គឺ​ពូកែ​គិត​ចេះ Debate ចេះ​ជជែក​វែកញែក ចេះ​រកខុសរកត្រូវ​»​។​

​លោក សុខ សូត្រ បាន​បន្ថែមទៀតថា អ្នក​ដែល​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស មាន​និន្នាការ​បើកចំហ​បន្ថែម និង​មាន​ភាព​ឯករាជ្យ ហើយ​ជួនកាល​ពួកគេ​អ្នក​ទាំងនោះ​អាច​ប្រឆាំងនឹង​បំណង​របស់​ឪពុកម្តាយ​របស់​ពួកគេ​។​

​លោក​មានប្រសាសន៍ថា​៖ «​យើង​មិនអាច​បញ្ឈប់​ការផ្លាស់ប្តូរ​បាន​នោះទេ​»​។ លោក​បាន​និយាយ​បន្ថែមទៀតថា វា​ជាការ​សំខាន់​ណាស់​ដែល​ឪពុកម្តាយ​របស់​សិស្ស​និស្សិត​ទាំងនោះ​ដឹងថា បុគ្គលិកលក្ខណៈ​របស់​កូន​របស់​ពួកគេ​នឹង​ផ្លាស់ប្តូរ នៅពេលដែល​ពួកគេ​និយាយ អាន​ស្តាប់ និង​សរសេរ​ភាសា​អង់គ្លេស​ស្ទាត់ជំនាញ​នោះ​។​

​លោក រស់ សា​លីន អ្នក​នាំពា​ក្រ​នៃ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ទទួលស្គាល់ថា ចំណេះដឹង​ខាង​ភាសា​អង់គ្លេស​បណ្តាល​ឲ្យ​មានគុណ​វិបត្តិ​ខ្លះ​ដល់​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​និយាយថា ភាសា​អង់គ្លេស​មាន​អត្ថប្រយោជន៍​សម្រាប់​ការប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​បច្ចុប្បន្ន ជាពិសេស​នៅពេលដែល​ប្រទេស​កម្ពុជា​ជា​សមាជិក​របស់​សហគម​ន៍​អាស៊ាន​។​

​លោក​បាន​បន្ថែមថា ភាសា​នេះ​គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​យុវជន​កម្ពុជា​នាពេល​បច្ចុប្បន្ន ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រកួតប្រជែង​ទីផ្សារការងារ​នៅក្នុង​ស្រុក​ផង​ក៏ដូចជា​នៅក្នុង​តំបន់​។​
​លោក​បាន​និយាយថា​៖ «​ភាសា​អង់គ្លេស​ក្លាយជា​ភាសា​អន្ដរជាតិ​ទី​១ នៅក្នុង​បរិបទ​សហគមន៍​អាស៊ាន ព្រោះថា ចាប់តាំងពី​ឆ្នាំ​២០១៦​ទៅ យើង​ស្ថិតនៅក្នុង​សហគមន៍​អាស៊ាន​។ ធម្មនុញ្ញ​អាស៊ាន​បានកំណត់​យក​ភាសា​អង់គ្លេស​ជា​ភាសាផ្លូវការ ភាសា​គោល​ដែល​ប្រើប្រាស់​នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​១០»​។​

​លោក សា​លីន បានឱ្យដឹងថា រដ្ឋាភិបាល​បានដាក់​ឲ្យ​មាន​កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ក្នុង​កម្មវិធីសិក្សា​របស់​សាលា ដើម្បី​កែលម្អ​ស្តង់ដារ​ភាសា​អង់គ្លេស​។​

​លោក​បាន​ថ្លែងថា​៖«​ភាសា​អង់គ្លេស​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ពួកគេ​។ ទន្ទឹមនឹងនេះ​ក្រសួង​យល់ថា វា​ជាការ​ចាំបាច់​។ ក្រសួង​បាន​បញ្ចូល​អង់គ្លេស​ទៅក្នុង​កម្មវិធីសិក្សា​ដោយ​បញ្ចូល​ពី​ថ្នាក់​ទី​បួន​ឡើងទៅ ដើម្បី​ឲ្យ​សិស្សានុសិស្ស​អាច​រៀន​ភាសា​អង់គ្លេស​ពី​មូលដ្ឋានទាប​តែម្តង ពី​កម្រិត​បឋម ដើម្បី​មុននឹង​ចប់​មធ្យមសិក្សា គាត់​មាន​មូលដ្ឋាន​ភាសា​អង់គ្លេស​ល្អ​»​។​

​លោក​បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​កម្ពុជា​ប្រហែល​ជាង​បី​លាន​នាក់​អាច​និយាយ​ភាសា​អង់គ្លេស​បាន ហើយ​ភាសា​អង់គ្លេស​អាចជួយ​ឲ្យ​ស្ត្រី​កម្ពុ​ជាមាន​ឯករាជ្យភាព​នៅក្នុង​គ្រួសារ ធ្វើ​ឲ្យ​គ្រួសារ​មាន​ភាព​ធូរធា​ដែលជា​កត្តា​កាត់បន្ថយ​ភាពក្រីក្រ​។​

«​ការដែល​ចេះ​ភាសា​អង់គ្លេស​គឺជា​ការសំខាន់​គឺជា​ការចាំបាច់​ដែរ​។ បញ្ហាសំខាន់​គឺថា តើ​ពេលដែល​គាត់​មាន​ភាពរឹងមាំ ជាពិសេស​ស្ត្រី កាលណា​គាត់​ចេះ​ភាសា​អង់គ្លេស គាត់​អាច​ដឹង​ពី​ពិភពលោក​។ គាត់​អាច​បង្កើន​សមត្ថភាព​ផ្ទាល់ខ្លួន​។ អញ្ចឹង​អាច​បង្កើន​ស្វ័យភាព​របស់ខ្លួន​នៅក្នុង​គ្រួសារ​។ ប៉ុន្តែ​នេះ​គឺជា​ចំណុច​មួយ​វិជ្ជមាន​នៅក្នុង​គោលការណ៍​យេនឌ័រ នៅពេលដែល​ស្ត្រី​មាន​ភាពរឹងមាំ​។ ស្ត្រី​មាន​ស្វ័យភាព​នៅក្នុង​កិច្ចការ​សេដ្ឋកិច្ច ដូច្នេះ​ស្ត្រី​អាច​គ្រប់គ្រង​គ្រួសារ​បានល្អ​»​។​

​ភាសា​អង់គ្លេស​បាន​ចូលមកក្នុង​ទីផ្សារការងារ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣ នៅពេលដែល​អង្គការសហប្រជាជាតិ​មកជួយ​ជ្រោមជ្រែង​កិច្ចការ​បោះឆ្នោត​កម្ពុជា​លើកដំបូង ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​។​

​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ ដែល​ចេះ​ភាសា​អង់គ្លេស​បាន​ច្បាស់​ល្អ ត្រូវបាន​គេ​មើលឃើញថា អាច​រក​ការងារ​ដែល​ផ្តល់​កម្រៃ​បាន​ច្រើន ងាយស្រួល​ជាង​អ្នក​ដែល​មិនចេះ​ភាសា​អង់គ្លេស​៕


© រក្សាសិទ្ធិដោយ thmeythmey.com