ជាតិ
បទវិភាគ
បើCNRP ព្រមធ្វើតាមCPP ៣ ចំណុច ដំណោះស្រាយនយោបាយនឹងអាចមានភ្លាម រូបសម្តេច ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ក្រោយចេញពីប្រជុំរដ្ឋសភា កាលពីឆ្នាំ ២០១៥
× គណបក្សសង្គ្រោះជាតិ កំពុងតែមើលមុខគណបក្សប្រជាជនកម្ពុជាមិនចំ ដោយសារតែបញ្ហាតុលាការចាប់មន្ត្រី និងសកម្មជនខ្លួនដាក់ពន្ធនាគារ ហើយថ្នាក់ដឹកនាំគណបក្សមានឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា កំពុងតែរួបរឹតដោយបណ្តឹង។ បញ្ហានេះ គណបក្សសង្គ្រោះជាតិ កំពុងតែស្វែងរកការចរចាជាមួយគណបក្សកាន់អំណាច ដើម្បីបញ្ចប់រឿងហ្មងសៅនេះ។ តែគណបក្សប្រជាជនកម្ពុជា ហាក់ធ្វើព្រងើយមិនចង់ចរចាដើម្បីដោះស្រាយបញ្ហានោះទេ បើទោះបីជាសហគមន៍អន្តរជាតិអំពាវនាវហើយអំពាវនាវទៀត ឲ្យគណបក្សប្រជាជនកម្ពុជាចូលតុចរចាជាមួយគណបក្សប្រឆាំងក្តី។
ថ្វីដ្បិតតែប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន ធ្លាប់ប្រកាសយ៉ាងដាច់អហង្ការថា គ្មានឡើយការចរចាជាមួយនឹងគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងបញ្ហានៅតុលាការក្តី តែនៅក្នុងក្រសែភ្នែករបស់អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា នៅតែប្រមើលឃើញថា បក្សកាន់អំណាចនឹងវិលមករកការចរចានៅថ្ងៃណាមួយមិនខាន បើមានការសម្បទានពីគណបក្សសង្គ្រោះជាតិ។ ចំណុច ៣ យ៉ាងសំខាន់ៗ ដែលអាចធ្វើឲ្យអ្នកដឹកនាំគណបក្សប្រជាជនកម្ពុជាបន្ទន់ចិត្ត បែរមករកការចរចា ដើម្បីបញ្ចប់នូវបញ្ហា មន្ត្រី និងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ដែលកំពុងតែជាប់ពន្ធានគារ និងមានក្តីក្តាំនៅតុលាការ។ ចំណុចទាំង ៣ យ៉ាងដែលអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញនោះ មានដូចតទៅ៖
ទី ១ គណបក្សប្រជាជនកម្ពុជា ចង់ឲ្យគណបក្សសង្គ្រោះជាតិ ដាក់បេក្ខជនទី ១ នៃរដ្ឋសភា ជំនួសឯកឧត្តម កឹម សុខា ដែលត្រូវបានរដ្ឋសភាទាំងអស់ជាសមាជិកសភាគណបក្សប្រជាជនកម្ពុជាអនុម័តទម្លាក់ចេញពីតំណែងកាលពីចុងឆ្នាំ ២០១៥ ក្រោមហេតុផលថា ឯកឧត្តម កឹម សុខា មិនសក្តិសមនឹងតំណែងនេះ។ ការចង់បានរបស់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឲ្យគណបក្សសង្គ្រោះជាតិពិបាកសម្រេចចិត្តធ្វើតាម ពីព្រោះថា ភ្លាមៗក្រោយពីរដ្ឋសភាទម្លាក់ឯកឧត្តម កឹម សុខា ពីតំណែងអនុប្រធានរដ្ឋសភា គណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងមិនដាក់បេក្ខជនជំនួសដាច់ខាត ដើម្បីបង្ហាញជំហរមិនពេញចិត្តចំពោះការទម្លាក់នេះ។ ម្យ៉ាងទៀត បើគណបក្សនេះ ដាក់បេក្ខជនជំនួសឯកឧត្តម កឹម សុខា វាជារឿងអាម៉ាស់មួយសម្រាប់ឯកឧត្តម កឹម សុខា និងគណបក្សសង្គ្រោះជាតិទាំងមូល។
ក៏ប៉ុន្តែពីមួយខែទៅមួយខែ ថ្ងៃដែលឯកឧត្តម កឹម សុខា ធ្លាក់ពីតំណែងអនុប្រធានទី ១ នៃរដ្ឋសភា កាន់តែកន្លងយូរទៅៗ ហើយដើម្បីស្តារស្ថានភាពនយោបាយឲ្យវិលមករកសភាពល្អប្រសើរ អាចធ្វើឲ្យគណបក្សសង្គ្រោះជាតិសម្រេចដាក់បេក្ខជនអនុប្រធានទី ១ នៃរដ្ឋសភា ជំនួសឯកឧត្តម កឹម សុខា វិញដែរ។ ពីព្រោះគណបក្សនេះ មានគោលដៅឆ្ពោះទៅរកការបោះឆ្នោតខាងមុខ ដែលមិនអាចឲ្យមេដឹកនាំ និងសកម្មជនខ្លួន ជាប់ក្តីក្តាំនៅតុលាការ ហើយខានពង្រឹងខ្លួនតាមរយៈការធ្វើវេទិកាជួបជាមួយអ្នកគាំទ្រនៅមូលដ្ឋានទេ។
ចំណុចទី ២ គណបក្សប្រជាជនកម្ពុជា ចង់ឲ្យគណបក្សសង្គ្រោះជាតិ ជាពិសេសមេដឹកនាំកំពូលទាំងពីរ គឺឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ប្រកាស ឬសរសេរលិខិតសុំទោសសម្តេចនាយករដ្ឋមន្ត្រី និងគ្រួសារជាសាធារណៈជុំវិញការប្រមាថមកលើកូន និងភរិយាសម្តេច កន្លងមក។ ពីព្រោះនៅក្នុងចិត្តសម្តេច អ្នកដែលប្រមាថថា ភរិយា និងកូនច្បងរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ថាជាប្រពន្ធ និងកូនរបស់អតីតមេដឹកនាំវៀតណាម គឺជាមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ។ សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសហើយថា ប្រសិនបើគ្មានការប៉ះប៉ូវណាមួយពីគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងការប្រមាថនេះទេ សម្តេច មិនអត់ឲ្យនោះឡើយ។ សម្តេចថែមទាំងនិយាយថា សម្តេចមិនឲ្យអ្នកប្រមាថនោះ បានសុខឡើយ។
ថ្វីបើមួយថ្ងៃក្រោយការប្រកាសមិនអត់ឱនរបស់សម្តេច ឯកឧត្តម សម រង្ស៊ី បានសរសេរលិខិតពីអាមេរិកថ្កោលទោស និងសម្តែងការសោកស្តាយចំពោះអ្នកប្រមាថគ្រួសារសម្តេចក្តី ក៏ប្រធានគណបក្សប្រជាជនកម្ពុជាមិនស្ងប់ចិត្តដែរ ពីព្រោះខ្លឹមសារនោះ មិនបាននិយាយឲ្យចំៗថា នរណាមួយប្រមាថគ្រួសារសម្តេចទេ។ ជាញឹកញាប់មេដឹកនាំរដ្ឋាភិបាលចាស់វស្សារូបនេះ នៅតែត្រូវការ ការប៉ះប៉ូវមួយជាក់លាក់។ តម្រូវការរបស់សម្តេចបែបនេះ ធ្វើឲ្យគណបក្សសង្គ្រោះជាតិ ប្រយ័ត្នប្រយ៉ែង ពីព្រោះថា កន្លងមកមេដឹកនាំគណបក្សសង្គ្រោះជាតិធ្លាប់ប្រកាសហើយថា មិនដែលប្រមាថក្រុមគ្រួសារសម្តេចដូចការចោទប្រកាន់នោះទេ។ ម្លោះហើយប្រសិនបើគណបក្សនេះ សុំទោសម្តេច ហ៊ុន សែន គឺស្មើនឹងការទទួលកំហុសថា ថ្នាក់ដឹកនាំ និងសកម្មជនខ្លួនពិតជាធ្លាប់ប្រមាថភរិយា និងកូនសម្តេចពិតមែន។
ចំណុចទី ៣ ដែលស្ថិតនៅក្នុងការប្រមើលមើលរបស់អ្នកតាមដានស្ថានការណ៍នយោបាយដែរនោះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចង់ឲ្យមេដឹកនាំ មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ឈប់យកបញ្ហាព្រំដែនកម្ពុជាជាមួយវៀតណាម មករិះគន់ដើម្បីកេងចំណេញនយោបាយ ជាពិសេសឈប់ចោទប្រកាន់រដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ និងស្ថិតនៅក្រោមបញ្ជារដ្ឋាភិបាលហាណូយ។ ចំណុចនេះ កន្លងមកគណបក្សប្រឆាំងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែរដែលមិនពេញប្រទេសវៀតណាម ដោយសារតែបក្សនេះហ៊ានរិះគន់ចំៗទៅលើរដ្ឋាភិបាលកម្ពុជា និងវៀតណាម។
ដូច្នេះជារួមមក ប្រសិនបើគណបក្សសង្គ្រោះជាតិ អាចផ្តល់នូវចំណុចទាំង ៣ នេះបាន ដល់គណបក្សប្រជាជនកម្ពុជា ជាពិសេសដល់សម្តេច ហ៊ុន សែន តែម្តង ផ្លូវចរចានៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងកើតមានឆាប់ ដើម្បីឲ្យស្ថានភាពនយោបាយវិលមករកសភាពដូចដើមវិញ។ សម្បទានទាំងនេះ ក៏ជាជំហានអាចឲ្យមន្ត្រី សកម្មជនបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល ដែលកំពុងជាប់ពន្ធនាគារអាចរួចខ្លួន ហើយមេដឹកនាំបក្សសង្គ្រោះជាតិគឺឯកឧត្តម សម រង្ស៊ី អាចមានឱកាសចូលស្រុកវិញ រីឯឯកឧត្តម កឹម សុខា អាចរួចផុតពីការចោទប្រកាន់នានាដែរ។ បើគណបក្សសង្គ្រោះជាតិ មិនធ្វើបែបនេះទេ មានតែរង់ចាំក្រែងគណបក្សប្រជាជនកម្ពុជាស្តាប់តាមការអំពាវនាវរបស់អន្តរជាតិ។
Tag:
CPP
CNRP
ហ៊ុន សែន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com