ពីនេះ ពីនោះ
ពាក្យ «​គូថ​»​មានន័យថា​លាមក ចុះ​ពាក្យ «​គូទ​» មានន័យ​ដូច​ឬក៏​ខុស​? ​
02, Jul 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​«​គូថ​» និង​ពាក្យ​«​គូទ​» សាធារណជន​ភាគច្រើន​ស្គាល និង​យល់​ពី​អត្ថន័យ​យ៉ាងច្បាស់ ប៉ុន្តែ​ពេលខ្លះ​អាចមាន​ការភ័ន្តច្រឡំ​។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បានកំណត់​អត្ថន័យ​នៃ​ពាក្យ «​គូថ និង គូទ »​ដូចខាងក្រោម ៖



​ពាក្យ​«​គូថ​» មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​បា​.)(​សំ​)  មានន័យថា អាចម ឬ​អាចម៍ , ឧច្ចារៈ​, លាមក​។ ឧទាហរណ៍ អង្គុយ​បន្ទោ​គូថ​ក្នុង​បង្គន់​។ មានន័យ​អង្គុយ​បន្ទោស​លាមក នៅក្នុង​បង្គន់​។ ពាក្យ​នេះ​អាច​សរសេរថា គូធ ក៏បាន​។ ចំណែក ពាក្យ​ថា​«​គូទ​»​មាន​ថ្នាក់​ពាក្យ​ជា​(​ន​.) (​បា​.)(​សំ​)  មានន័យថា អវយវៈ​ត្រង់​ចំណែក​កាយ​ខាងក្រោយ ជិត​វច្ចទ្វារ​។ ប៉ែក​អវយវៈ​នេះ បុរាណ​ពី​ដើម​ហៅថា តពោក ឬ​ត្រពោក សូម្បី​សព្វថ្ងៃនេះ​អ្នក​បាត់ដំបង អ្នក​សៀមរាប​ជាដើម ក៏​នៅ​ប្រើពាក្យ​នេះដែរ​។ ឧទាហរណ៍ ដាក់​គូទ​អង្គុយ , ដាក់​តពោក​អង្គុយ​។

​សព្វថ្ងៃ ការប្រើប្រាស់​ពាក្យ​ទាំង​ពីនេះ​នៅក្នុង​ការសរសេរ គេ​តែង​ប្រើ​ដោយ​ច្រឡំ​សរសេរ «​គូថ​» សម្គាល់ថា ជា​អវយវៈ ខាងក្រោយ​ជិត​វច្ចទ្វារ ទៅវិញ​។ ប៉ុន្តែ​ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ «​គូទ​» ហេតុនេះ គួរ​សរសេរ «​គូទ​»​នេះ​វិញ​ទើប​ត្រឹមត្រូវ​។

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
​    ​
​    ​


© រក្សាសិទ្ធិដោយ thmeythmey.com