ពីនេះ ពីនោះ
«​ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុស​ស្រី​...»៖ ​សុភាសិត​ខ្មែរ​មានតម្លៃ​បំផុត​សម្រាប់​អ្នកដឹកនាំ និង​ពលរដ្ឋ​គ្រប់រូប
02, Jul 2016 , 2:17 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ នគរ​មាន​រាស្ត្រ មាន​មន្ត្រី មាន​ថ្នាក់ដឹកនាំ ដែល​រស់នៅ​នឹង​គ្រប់គ្រង​លើទឹក​ដី​។ ព្រោះតែ​បែបនេះហើយ​ទើប​បុព្វបុរស​ខ្មែរ​លោក​បានលើកឡើង​ជា​សុភាសិត​ថា «​ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុស​ស្រី រួម​សាមគ្គី​តាម​រដ្ឋបុរស​ជាតិ​»​។ តើ​អ្វី​ជា​គោលដៅ​ទស្សនៈ​អប់រំ​មួយ​នេះ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវតែ​គិត និង​ពិចារណា​?



មុន​ធ្វើការ​បកស្រាយ ទៅលើ​អត្ថន័យ​ទាំងមូល​នៃ​សុភាសិត​មួយ​នេះ ចាំបាច់​ណាស់​ត្រូវ យល់​ឲ្យ​បាន​ច្បាស់​ពី​អត្ថន័យ​នៃ​ភាសា​ក្នុង​សុភាសិត​នេះ​ជាមុនសិន​។ ក្នុងនោះ មាន​ពាក្យ ពីរ ដែល​មានន័យ​សំខាន់​នាំទៅរក​ការបកស្រាយ​ពី​គំនិត ទស្សនៈ របស់​សុភាសិត​នេះ​ឲ្យ​បាន​ក្បោះក្បាយ​។ ពាក្យ​ទាំងនោះ​រួមមាន «​ឃ្វាល​» និង​ពាក្យ «​រដ្ឋបុរស​ជាតិ​»​។ ពាក្យ​«​ឃ្វាល​» មានន័យថា ចាំ រក្សា ការពារ ឃ្លាំង​មើល មើលថែរក្សា​ជាដើម​។ ចំណែក​ពាក្យ​«​រដ្ឋបុរស​ជាតិ​» មានន័យថា បុរស​អ្នក​ទំនុកបម្រុង​ប្រទេស បុរស​អ្នក​មានចំណេះ​ចេះ​រក្សា​ប្រទេស​ជាដើម​។ ពាក្យ​ទាំងពីរ​នេះ​នាំ​ឃ្លា​ថា «​ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុស​ស្រី រួម​សាមគ្គី​តាម​រដ្ឋបុរស​ជាតិ​» កាន់​តែមាន​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​បំផុត​។​

ចំពោះ​សុភាសិត​ដ៏​មានតម្លៃ​នេះ គេ​អាចបែងចែក​ជា​ពី​ដំណាក់កាល នៅក្នុង​ការបកស្រាយ​។ ដំ​ណា​កើ​កាល​ទី​១ គឺ​ចាំបាច់​ណាស់​ក្នុង​ការយល់​ពី​ឃ្លា​ថា​«​ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុស​ស្រី​» ជា​ឃ្លា​បង្ហាញ​ទស្សនៈ​អប់រំ​កូន​ខ្មែរ បណ្ដុះ​មនសិកា​ស្នេហា​ជាតិ ព្រមទាំង​ប្រាប់​ដល់​កូនចៅ​ខ្មែរ ដឹង​ឲ្យ​បាន​ច្បាស់​ថា ក្នុងនាម​ជា​ពលរដ្ឋ​គ្រប់ៗ​រូប គឺមាន​តួនាទី​យ៉ាងសំខាន់​នោះ​គឺ ចាំ រក្សា ការពារ ឃ្លាំង​មើល មើលថែរក្សា​ប្រទេសជាតិ​។ កុំ​ធ្វើជា​ពលរដ្ឋ ដែល​ចេះតែ​ភ្លេចខ្លួន​ថា​ខ្លួន​ជា​ម្ចាស់​ប្រទេស ហើយ​ទម្លាក់ខ្លួន​ជា​អ្នក​ក្រោម​បញ្ជា​គេ​។

មូលហេតុ​នេះហើយ ក្នុងនាម​ជា​ពលរដ្ឋ មិន​ថា​ប្រុស​ឬក៏​ស្រី គឺ​ចាំបាច់​ត្រូវតែ​ជា​អ្នក​ចាំ​ឃ្លាំង​មើល​គ្រប់​សកម្មភាព​នៃ​សង្គម​របស់ខ្លួន​ទាំង​ការរីកចម្រើន​លូតលាស់ និង​អន់ថយ​។ បើ​ប្រទេស មិនមាន​ការរីកចម្រើន មាន​ភាពអន់ថយ នោះ​គឺ​ព្រោះតែ​ពលរដ្ឋ​ប្រុស​ស្រី មើលថែ​សង្គម​ខ្លួនឯង​មិនបាន​ល្អ ហើយ​ដេក​ចាំមើល​មនុស្ស​មួយក្រុម ឬ​ជន​ទុច្ចរិត​ទាំងឡាយ​មក​ក្រឡុក​សង្គម​ខ្លួនឯង​តាមចិត្ត ហើយ​ខ្លួន​ជា​ម្ចាស់​នគរ​បែរជា​នាំគ្នា​ដេក​យំ​។

យ៉ាងណាមិញ ប្រសិនបើ​ប្រទេសជាតិ​បាត់បង់ មិនមែនជា​កំហុស​របស់​អ្នកណាម្នាក់​ឡើយ នោះ​គឺជា​កំហុស​របស់​ប្រជាជន​ទាំងប្រុស​ទាំងស្រី ដែល​មិនបាន​បំពេញ​តួនាទី ក្នុងនាម​ជា​អ្នក​ឃ្វាល​ប្រទេស​ឲ្យ​បានល្អ​។ បើ​ប្រទេស​ជួប​បញ្ហា គឺ​ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​ជា​អ្នកទទួលខុសត្រូវ​មិនអាច​ទម្លាក់កំហុស​ឲ្យ​បុគ្គល​ណា​ម្នាក់​ឡើយ​។ ព្រោះថា​ក្នុងនាម​ជា​អ្នកការពារ​ប្រទេស បែរជា​បណ្ដោយ​ឲ្យ​ជាតិ​ជួប​បញ្ហា នោះ​គឺជា​កំហុស​ដ៏​ធ្ងន់​របស់​ពលរដ្ឋ​ទាំងប្រុស​ទាំងស្រី​។

ហេតុផល​ទាំងនេះ ហើយ​ដែល​បុព្វបុរស​លោក​បាន​ប្រាប់​មុន​ថា «​ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុស​ស្រី​» ដើម្បី​បញ្ជាក់​ប្រាប់ថា មិនមែន​ពឹង​អាស្រ័យ​តែ​ទៅលើ​មនុ​ស្សណា​ម្នាក់ ឬ​ក្រុម​ណាមួយ​ឡើយ​ដើម្បី​រៀបចំ​សង្គម និង​ការអភិវឌ្ឍ​ជាតិ​។

បន្ថែម​ពីលើ​គំនិត​ទាំងនេះ ដូនតា​ក៏​មិនបាន​បញ្ចប់​ចេតនា​របស់ខ្លួន ដើម្បី​ប្រាប់​ដល់​កូនចៅ​នោះឡើយ​។ លោក​ក៏បាន​ប្រាប់​បន្តថា «​រួម​សាមគ្គី​តាម​រដ្ឋបុរស​ជាតិ​» ទើប​អាច​នាំ​ជាតិ​ឲ្យ​ខ្លាំង ឲ្យ​រឹងមាំ​បាន​។ ក្នុងន័យនេះ ដូនតា​ខ្មែរ​លោក​បាន​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ទៅលើ​តួនាទី​របស់​រដ្ឋបុរស​ជាតិ ក្នុងនាម​ជាម​នុស្ស​ដែល​ចេះ​ទំនុកបម្រុង​ប្រទេស ជា​បុគ្គល​ដែលមាន​ចំណេះ​ចេះ​រក្សា​ប្រទេស ប៉ុន្តែ​មិនមែនជា​មនុស្ស​ពាលា​អាវាសែ មិន​យល់​ការ​នោះឡើយ​។ ក្នុងករណី​ប្រទេសជាតិ​មួយ​មាន​រដ្ឋបុរស​ល្អ មាន​សមត្ថភាព មាន​សីលធម៌ គុណធម៌​ល្អ ប្រជាជន​ទាំងអស់​ត្រូវ​តាំងចិត្ត​រួបរួមសាមគ្គី ដើម្បី​ឲ្យ​ជាតិ​ខ្លាំង រឹងមាំ រួមគ្នា​ជា​ធ្នុង​មួយ កសាង​ជាតិ​ជាមួយគ្នា លើ​មាគ៌ា​ជាមួយគ្នា​រវាង​អ្នកដឹកនាំ ប្រជាជន​ទូទៅ លើកស្ទួយ​សង្គម​ទាំងអស់គ្នា​។
​ជារួម​មក​ពាក្យ​មួយ​ឃ្លា​ថា «​ឃ្វាល​នគរ​ដោយ​ពលរដ្ឋ​ប្រុស​ស្រី រួម​សាមគ្គី​តាម​រដ្ឋបុរស​ជាតិ​» គឺជា​គំនិត​ទស្សនៈ​ដ៏​មានតម្លៃ បង្ហាញ​ពី​គោល​គំនិត​បែប​ប្រជាធិបតេយ្យ និង​ការ​ស្គាល់​ពី​តួនាទី  កាតព្វកិច្ច ដែល​ពលរដ្ឋ ទាំងអស់​ត្រូវតែ​ចូលរួម​ឃ្លាំង​មើល ការពារ ថែរក្សា នគរ​របស់ខ្លួន ទាំងអស់គ្នា​។ ពលរដ្ឋ ទាំងប្រុស​ទាំងស្រី រួមទាំង​មន្ត្រី  ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​នាំគ្នា​ពិចារណា​៕



© រក្សាសិទ្ធិដោយ thmeythmey.com