កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះ​បារាំង​ស្វាគមន៍​អ៊ី​ស្លង់ ដើម្បី​ប្រជែង​ទៅ​ជួប​អាល្លឺម៉ង់​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​
03, Jul 2016 , 5:19 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ី​ស្លង់​នឹង​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​បំបាក់​ក្រុម​ខ្លាំង​អង់គ្លេស​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ សម្រាប់​ជំនួប​១១​លើក​កន្លងមក​ជាមួយ​អ៊ី​ស្លង់ បារាំង​មិនដែល​ស្គាល់​បរាជ័យ​នោះឡើយ​ដោយ​ឈ្នះ​៨​លើក និង​ស្មើ​៣​លើក​។​


​នៅមុន​ជំនួប​នៅ Stade de France នា​វេលា​ម៉ោង​២​ទៀបភ្លឺ លោក Heimir Hallgrimsson សហ​គ្រូបង្វឹក​អ៊ី​ស្លង់ បាន​ព្រលយ​ពាក្យ​ថា បារាំង​មិនទាន់​ឃើញ​ការប្រកួត​ដ៏​ល្អឥតខ្ចោះ​របស់​អ៊ី​ស្លង់​នៅឡើយ​ទេ​។ លោក Lars Lagerbäck ដែលជា​សហ​គ្រូបង្វឹក​មួយទៀត​របស់​អ៊ី​ស្លង់ មានជំនឿថា ក្រុម​របស់លោក​អាច​យកឈ្នះ​ម្ចាស់ផ្ទះ​បារាំង​។​

​លោក Didier Deschamps គ្រូបង្វឹក​ក្រុម​ម្ចាស់ផ្ទះ ដែល​ត្រូវបាន​បង់​សមាជិក​២​នាក់​ដោយសារ​ជាប់​ពិន័យ រួមមាន N’Golo Kante និង Adil Rami ទទួលស្គាល់ថា វត្តមាន​របស់​អ៊ី​ស្លង់​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បារាំង​នៅតែ​ជឿជាក់​លើ​កំណត់ត្រា​ដ៏​ល្អ​នៅក្នុង​ដី​របស់ខ្លួន​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ ពួកគេ​បានឈ្នះ​ពាន Euro ឆ្នាំ​១៩៨៤ និង​ឈ្នះ World Cup ឆ្នាំ​១៩៩៨ ។ ក្នុង​ដំណើរ​មកកាន់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នេះ បារាំង​បាន​យកឈ្នះ​សាធារណរដ្ឋ​អៀរ​ឡង់ ចំណែក​អ៊ី​ស្លង់​ឈ្នះ​អង់គ្លេស​ក្នុង​លទ្ធផល ២-១ ដូចគ្នា​។​

​ក្រុម​ដែល​ឈ្នះ​ត្រូវ​ឡើងទៅ​ជួប​អាល្លឺម៉ង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ថ្ងៃទី​៧ ខែកក្កដា នៅ​ទីក្រុង Marseille មួយថ្ងៃ​បន្ទាប់ពី​ជំនួប​រវាង​ព័រ​ទុយ​ហ្គា​ល់ និង​វេ​លស៍ នៅ​ទីក្រុង Lyon៕


Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com