ពីនេះ ពីនោះ
ចាយលុយគឺចាយកម្លាំងញើសឈាម
× ភ្នំពេញ៖ ចាយលុយគឺគ្មានអ្វីដែលលំបាកនោះទេ សូម្បីតែក្មេងក៏អាចចាយលុយបានដែរ។ ប៉ុន្តែដើម្បីក្លាយជាមនុស្សម្នាក់ដែលចេះចាយលុយ គឺមិនមែនជារឿងដែលងាយស្រួលនោះឡើយ។ ហេតុនេះការចាយវាយថវិការគឺចាំបាច់ត្រូវតែគិតឲ្យបានច្បាស់ ព្រោះការចាយលុយគឺជាការចាយកម្លាំងញើសឈាម។
យុវជនបច្ចុប្បន្ន មួយចំនួនធំកំពុងតែសប្បាយនឹងការចាយលុយឪពុកម្ដាយ គេហ៊ឺហាសប្បាយ ប៉ុន្តែយុវជនទាំងនោះបែរជានាំគ្នាភ្លេចថា លុយនៅក្នុងដៃរបស់ពួកគេដែលឃ្លាតចេញទៅនោះ គឺជាកម្លាំងញើសឈាមដែលឪពុកម្ដាយរបស់ខ្លួន ខំប្រឹងគាស់កកាយធរណី ធ្វើការកណ្ដាលព្យុះភ្លៀង ប្រើកម្លាំងកាយកម្លាំងប្រាជ្ញា គ្រប់ជំហ៊ានដើម្បីស្វះស្វែងរកថវិការសម្រាប់កូន។ យ៉ាងណា ចំពោះកូនអ្នកមានទាំងឡាយក៏មិនខុសគ្នាផងដែរ ទោះបីគ្រួសាខ្លួនស្ថិតក្នុងវណ្ណៈអ្នកសម្បូរចាយ ប៉ុន្តែទម្រាំបានដល់ពេលនេះ មិនដឹងថា ឪពុកម្ដាយទាំងឡាយលោកខិតខំកម្រិតណាឡើយ។ ហេតុនេះយុវជនទាំងឡាយគួរណាស់ ពិចារណាឲ្យបានច្រើនបន្តិច។
ចំណែកមន្ត្រីរាជការ ថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់ ក៏ត្រូវតែពិចារណាផងដែរថា ប្រសិនបើខ្លួនកំពុងតែចាយលុយជាតិដែលបានពីការប្រមូលពន្ធពីប្រជាពលរដ្ឋនោះ គឺមានន័យថា ខ្លួនកំពុងតែចាយ កម្លាំងញើសឈាមរបស់ប្រជាជនពលរដ្ឋហើយ។ ហេតុនេះប្រសិនបើមិនចង់ទទួលបានការដាក់ទណ្ឌកម្មពីអំណាចទង្វើបាបទេ គ្រប់មន្ត្រីណាដែលទទួលលុយរាជការហើយ ត្រូវតែធ្វើការជូនពលរដ្ឋវិញ កុំក្បត់រាស្ត្រ កុំធ្វើបាបរាស្ត្រ កុំបំផ្លាញរាស្ត្រ។ ព្រោះថា ឈាមរាស្ត្រពិតជាក្ដៅណាស់ទម្រាំបានលុយមួយចំនួនបង់ពន្ធជូនរដ្ឋ ដើម្ប្យីមន្ត្រីរដ្ឋធ្វើការបម្រើខ្លួន។
ជារួមមក ដើម្បីការចាយលុយ ប្រកបដោយកុសល គ្រប់ភ្នាក់ងារចាយលុយទាំងអស់ត្រូវតែពិចារណាពីប្រភពលុយដែលខ្លួនទទួលបាន មុននឹងចាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com