កីឡាអន្តរជាតិ
អន្តរជាតិ
បា​រាំងជា​ក្រុមទី​១​ដែល​រកបាន​៤​គ្រាប់​នៅ​តង់​ទី​១​ក្នុង Euro នា​ជ័យជម្នះ ៥-២ លើ​អ៊ី​ស្លង់​
04, Jul 2016 , 11:47 am        
រូបភាព
ដោយ: រួបរួម
 
 
​ជ័យជម្នះ ៥-២ លើ​អ៊ី​ស្លង់ នាំ​ឲ្យ​ម្ចាស់ផ្ទះ​បារាំង ឡើង​ជួប​អាល្លឺម៉ង់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro 2016 ។ យោងតាម​កំណត់ត្រា​ដែល​ស្រង់​ដោយ​ភ្នាក់ងារ​ស្រង់​ទិន្នន័យ  Opta បារាំង​ក្លាយជា​ក្រុម​ដំបូង​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​រហូត​ដល់ទី​៤​គ្រាប់​ក្នុង​តង់​ទីមួយ​នៅក្នុង​ព្រឹត្តិការណ៍ Euro ។​

 
​នា​ជំនួប​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Stade de France កាលពី​យប់​ថ្ងៃអាទិត្យ Olivier Giroud, Paul Pogba, Dimitri Payet និង Antoine Griezmann បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​សម្រាប់​ម្ចាស់ផ្ទះ​បារាំង​នៅ​តង់​ទីមួយ​។ Giroud បន្ថែម​បាន​១​គ្រាប់​ទៀត​នៅ​តង់​ទី​ពីរ ខណៈ​ការ​វាយបក​បាន​២​គ្រាប់​របស់​អ៊ី​ស្លង់ សម្រេចបាន​ដោយ Kolbeinn Sigþórsson និង Birkir Bjarnason​។​
 
​ជ័យជម្នះ​ផងដែរ នាំ​ឲ្យ​បារាំង​ក្លាយជា​ក្រុម​ដំបូង​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​រហូតដល់​៥​គ្រាប់​ក្នុងជំនួប Euro ពីរលើក ដោយ​លើកដំបូង​នា​ជ័យជម្នះ​លើ​បែលហ្ស៊ិក ៥-០ កាលពី​ឆ្នាំ​១៩៨៤ និង​លើក​ទី​ពីរ គឺ​ជោគជ័យ ៥-២ លើ​ភ្ញៀវ​អ៊ី​ស្លង់ ដោយមាន​អ្នកទស្សនា​ជាង​៧៦០០០​នាក់​។​
 
​ការ​ស៊ីសង​គ្នា​រហូតដល់​ទៅ​៧​គ្រាប់ បានកើត​ឡើងជា​លើកដំបូង បន្ទាប់ពី​ហូ​ឡង់ បាន​យកឈ្នះ​យូ​ហ្គោ​ស្លា​វី ៦-១ កាលពី​ឆ្នាំ​២០០០ ។ ជាមួយគ្នានេះ Antoine Griezmann ក្លាយជា​កីឡាករ​ដំបូង​របស់​បារាំង ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​ក្នុងការ​ប្រកួត Euro បន្ទាប់ពី Michel Platini សម្រេចបាន​នៅ​ឆ្នាំ​១៩៨៤ ។​
 
​បារាំង​ត្រូវ​ឡើងទៅ​ជួប​អាល្លឺម៉ង់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន Stade Velodrome ក្រុង Marseille នា​ថ្ងៃទី​៧ ខែកក្កដា បន្ទាប់ពី​ជំនួប​រវាង​ព័រ​ទុយ​ហ្គា​ល់ និង​វេ​លស៍ នៅ​កីឡដ្ឋាន Parc Olympic Lyonnais នា​ថ្ងៃទី​៦ ខែកក្កដា​៕





Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com