កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីរ៉ាក់​៖ ប្រជាជន​បន្ទោស​រដ្ឋាភិបាល​អសមត្ថភាព ក្រោយ​ក្រុម IS សម្លាប់​មនុស្ស​ជាង​២០០​នាក់
05, Jul 2016 , 2:39 pm        
រូបភាព
«​ពួកយើង​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ ខណៈដែល​ពួកគេ​(​អភិជន​អ៊ីរ៉ាក់​) អង្គុយ​សុខ​ស្រួល ​និង​មាន​សុវត្ថិភាព​នៅក្នុង​វិមាន​របស់គេ​។ ពូក​នេះហើយ​ ជា​អ្នក​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ​ចូលមក​អ៊ីរ៉ាក់​ និង​សម្លាប់​ពួក​យើង​»​។ នេះ​ជាស​ម្តី​របស់​ស្ត្រី​ម្នាក់ ​ដែល​បាន​ថ្លែង​ទាំង​ទ្រ​ហោយំ​ផង និង​ខឹងសម្បារ​ចំពោះ​រដ្ឋាភិបាល​ផង ក្រោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ នៅ​កណ្តាល​ក្រុង​បា​កដាដ ​សម្លាប់​មនុស្ស​ជាង​២០០​នាក់​។





​យោងតាម​សារព័ត៌មាន Al Jazeera ចំនួន​អ្នក​ដែល​ស្លាប់​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ Karada ស្ថិតនៅ​កណ្តាល​រដ្ឋធានី​បា​កដាដ ប្រទេស​អា​រ៉ា​ក់ ​កាលពី​ថ្ងៃអាទិត្យ​នោះបាន​កើនឡើង​រហូតដល់​ជាង ២០០​នាក់ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​។

ចំណែក​ប្រជាជន​អ៊ីរ៉ាក់​ទូទៅ​ បានបង្ហាញ​ការខឹង​សម្បារ​ខ្លាំង​ ចំពោះ​ការ​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​អ៊ីរ៉ាក់ ក្នុងការ​ដោះស្រាយ​ និង​ទប់ស្កាត់​ចលនា​ភេរវកម្ម ​ដែល​បន្ត​គំរាមកំហែង​អាយុជីវិត​ប្រជាជន​អ៊ីរ៉ាក់​​។ ពួកគេ​ចោទប្រកាន់​រដ្ឋាភិបាល​ និង​អាជ្ញាធរ​ថា រដ្ឋាភិបាល​ពុករលួយ អសមត្ថភាព និងគ្មាន​ទំនួល​ខុសត្រូវ​ ដោយ​ទុក​ឲ្យ​ប្រជាជន​ស្លាប់ រីឯ​ខ្លួនឯង​រស់នៅ​សុខ​ស្រួល​ និង​សុវត្ថិភាព​ទៅវិញ​។​

​ស្ត្រី​ម្នាក់​ដែល​រស់នៅក្នុង​តំបន់ Karada បាន​ថ្លែង​រៀបរាប់​ដោយ​ទុក្ខសោក​ថា​៖« អ្នកនយោបាយ​អ៊ីរ៉ាក់​ទាំងអស់​ រួមទាំង​នាយករដ្ឋមន្ត្រី​ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​បានកើត​ឡើង​។ យើង​មិនអាច​ប្រារព្ធ​ពិធីបុណ្យ​បញ្ចប់​ខែ​រ៉ា​ម៉ា​ដន ​ដោយ​រីករាយ​ឡើយ​។ ​បើសិនជា​វា​មិនមែនជា​ក្រុម​ភេរវជន​ដែ​ស្ហ វា​ក៏​ជា​ក្រុម​អាល់​កៃ​ដា​ ហើយ​បើសិនជា​មិនមែន​ក្រុម​ទាំងពីរ​នេះ​ទេ វា​បណ្តាលមកពី​នយោបាយ​ពុករលួយ​និ ង​ស្មោគគ្រោក​នៅក្នុង​ប្រទេស​នេះ​»​។

​យ៉ាងណាក៏ដោយ ក្រោយ​ការវាយប្រហារ​ភ្លាមៗ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ លោក Haider al-Abadi បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចលនា​ភេរវកម្ម​នេះ ហើយ​លោក​ក៏​ប្រកាស​កំណត់ពេល​បី​ថ្ងៃ​ សម្រាប់​ការ​កាន់ទុក្ខ​ផងដែរ​។​

​ទាក់ទិននឹង​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នេះ ក្នុងចំណោម​អ្នកស្លាប់​ជាង ២០០​នាក់​ ភាគច្រើន​ជា​ស្ត្រី និង​កុមារ​។ ​គោលដៅ​សំខាន់នៃការវាយប្រហារ​នេះគឺ​ប្រជាជន​       ម៉ូ​ស្លី​ម​​ ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​។ ​មូល​ហេតុដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បែបនេះ ក៏ដោយ​សារ​ក្រុម​ភេរ​ជន​នោះ​ ធ្វើ​សកម្មភាព​នៅ​ថ្ងៃអាទិត្យ ពោល​នៅ​ថ្ងៃ​ដែល​ជិត​ចប់​បុណ្យ​តម​អាហារ រ៉ា​ម៉ាដន​ផង ហើយ​​ទីតាំង​នៃ​ការវាយប្រហារ​ ក៏​ជា​កន្លែង​ប្រជុំជន និង​កន្លែង​លក់ទំនិញ​ផងដែរ​។

​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ​ឬ​ក្រុម​ដែ​ស្ហ (Daesh) បានប្រកាសថា​ ខ្លួន​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ កន្លងមក ក្រុម​ភេរវជន​ដែ​ស្ហ បាន​អំពាវនាវ​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​របស់ខ្លួន​ចេញ ធ្វើ​សកម្មភាព​ក្នុង​ខែ​ដ៏​ពិសិដ្ឋ ពោលគឺ​នៅពេលដែល​ប្រជាជន​ម៉ូ​ស្លី​ម​ទូទាំង​ពិភពលោក​ នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​តម​អាហារ​នេះ​តែម្តង​៕




Tag:
 អ៊ីរ៉ាក់
  ISIS
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com