ពីនេះ ពីនោះ
«​ងាប់​នឹង​នយោបាយ ព្រោះ​ស្តាយ​លាភ​»៖ សុភាសិត​អប់រំ អ្នកនយោបាយ​កុំ​ឲ្យ​ក្រាញ​អំណាច (​សុភាសិត​ខ្មែរ​)
05, Jul 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្លាប់ ព្រោះ​រឿង​ជាតិ គឺជា​វីរជន ប៉ុន្តែ​បើ​ស្លាប់​ព្រោះ​ប្រយោជន៍ ក្នុង​សកម្មភាព​បំផ្លាញ​ជាតិ​គឺជា​ជន​ចង្រៃ​សង្គម នេះ​គឺជា​សភាព​ធម្មតា​។ បើ​និយាយ​ពី​អ្នកនយោបាយ​វិញ នៅពេលដែល​ជន​នោះ​គឺជា​មនុស្ស​ឃ្លាន​អំណាច ឃ្លាន​លាភ​សក្ការ គឺជា​ជន​គ្រោះថ្នាក់​ចំពោះ​សង្គម​ទាំងមូល​។ ហេតុផល​នេះហើយ​ទើប​ដូនតា​ខ្មែរ​លោក លើកឡើងថា​មនុស្ស​ដែល​«​ងាប់​នឹង​នយោបាយ ព្រោះ​ស្ដាយ​លាភ​»​។ អ្វី​ជា​គោលបំណង​របស់លោក​ដែល​លើកឡើង​បែបនេះ​?



​នយោបាយ គឺ​ប្រៀបបាន​ទៅនឹង​ថ្នាំញៀន​មួយ ដែល​អាច​លួងលោម​អារម្មណ៍​បុគ្គល​ដែល​ស្រឡាញ់​អំណាច ស្រឡាញ់​លាភ​សក្ការ ស្រឡាញ់​ភាព​ខ្ពង់ខ្ពស់ និង​យស​ស​ក្កិ​គ្រប់បែបយ៉ាង​ឲ្យ​វក់​វង្វេង​។ កត្តា​នេះហើយ នយោបាយ​អាច​បង្វិល​ខួរក្បាល ស្មារតី មនសិការ ឆន្ទៈ របស់​បុគ្គល​នោះ​ឲ្យ​កំណត់​ទិសដៅ​ទៅរក​តែ​មាគ៌ា​មួយ គឺ​ទៅយក​លាភ​សក្ការ​ទាំងនោះ​ឲ្យ​បាន ទោះបី​ខ្លួន​ត្រូវ​អ្វីដែល​ផ្ទុយ​តម្រូវការ​សង្គម ឬ​ឆន្ទៈ​មនុស្ស​ទូទៅ​ចង់បាន​ក៏ដោយ​។

​ព្រោះតែ​បែបនេះហើយ ដូនតា​ខ្មែរ​លោក​មិន​សំចៃ​សម្ដី​ក្នុងការ​លើកឡើងថា «​ងាប់​នឹង​នយោបាយ ព្រោះ​ស្ដាយ​លាភ​» ដែល​បង្ហាញ​ពីស​ភាព​ពិត​មួយ របស់​អ្នកនយោបាយ​ស្រឡាញ់​លាភសក្ការៈ​។ ទោះជា​យ៉ាងណា នាម​ជា​អ្នកនយោបាយ​វា​មិនមែនជា​រឿង​ដែល​អាក្រក់​នោះទេ ព្រោះថា​អ្នកនយោបាយ​ដែល​ល្អ គឺជា​បុគ្គល​គំរូ ជា​វិ​រៈ​ជន ជា​ក្ដីសង្ឃឹម​សម្រាប់​ជាតិ សម្រាប់​ប្រជាជន​។ ប៉ុន្តែ​ប្រសិនបើ នាម​ជា​អ្នកនយោបាយ​បោកប្រាស់​រាស្ត្រ​វិញ នោះ​គឺជា​ជន​បំផ្លាញ​ជាតិ​។​

​យ៉ាងណាមិញ ក្នុង​ចេតនា​របស់​ដូនតា លោក​ហាក់​បង្ហាញ​គំនិត​ថា ក្នុងនាម​ជា​អ្នកនយោបាយ គឺ​ត្រូវតែ​ចេះ​ឆ្អែ​ក​នឹង​អំណាច​របស់ខ្លួន​។ ប៉ុន្តែ​ប្រសិនបើ អ្នកនយោបាយ​ណា​ដែល​ក្រាញ​ក្នុង​វិថី​នយោបាយ មិន​ព្រម​បោះបង់ នោះ​គឺ​ដូនតា​លោក​បាន​ចាត់ទុកថា​ជា​បុគ្គល​ស្ដាយ​លាភ ស្ដាយ​ផលប្រយោជន៍​។

​ជារួម​មក សុភាសិត​មួយ​នេះ ថ្វី​ដ្បិតថា មិនសូវ​បង្កប់​អត្ថន័យ​ជ្រៅ ប៉ុន្តែ​ជា​ឃ្លា​ដែល​ផ្ដោតទៅលើ​ជន​សំខាន់​ក្នុង​សង្គមជាតិ នោះ​គឺ​អ្នកនយោបាយ​។ ហើយក៏​ជា​ឃ្លា​មួយ​បង្ហាញ​ដល​មនុស្ស​ទូទៅ​ថា បើសិនជា​សង្គម​របស់​ខ្លួន​មាន​អ្នកនយោបាយ ដែល​មិន​ព្រម​លះបង់​អំណាច ហើយ​សុខចិត្ត​បូជា​គ្រប់យ៉ាង​ក្នុង​ជីវិត​នយោបាយ មិន​ប្រាកដថា​ជន​នោះ​ធ្វើ​ការជូន​ជាតិ​ដោយ​ពិតប្រាកដ​ឡើយ​។ ប៉ុន្តែ​ជន​នោះ ទំនងជា​មិន​ព្រម​បណ្ដោយ​ឲ្យ​ឱកាស​ទទួលបាន​លាភ​សក្ការ​របស់ខ្លួន​ឃ្លាតឆ្ងាយ​តែប៉ុណ្ណោះ​៕


Tag:
 សុភាសិត​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com