ជាតិ
ក្រសួង​ដែនដី ណែនាំ​៣​ចំណុច​ក្នុងការ​ប្រើប្រាស់​ម៉ាស៊ីនស្ទូច​នៅ​ការដ្ឋាន​សំណង់​
05, Jul 2016 , 8:59 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួងដែនដី
ដោយ: ថ្មីៗ
​ក្រសួង​ដែនដី  នគរូបនីយកម្ម និង​សំណង់ បានចេញ​ការណែនាំ​ចំនួន​៣​ចំណុច ស្តីពី​ការប្រើប្រាស់​ម៉ាស៊ីនស្ទូច នៅ​ការដ្ឋាន​សំណង់ ដើម្បី​ថែរក្សា​សណ្តាប់ធ្នាប់ ការពារ​សុវត្ថិភាព​សាធារណៈ និង​ទប់ស្កាត់​គ្រោះថ្នាក់​នានា​ដែល​អាច​កើតមានឡើង​។



​ផ្នែក​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​នៅ​ថ្ងៃទី​៤ ខែកក្កដា  ស្តីពី​ការរក្សា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ក្នុងការ​ប្រើប្រាស់​ម៉ាស៊ីនស្ទូច  ក្រសួង ហាម​ដាច់ខាត នូវ​ការប្រើប្រាស់​ម៉ាស៊ីនស្ទូច ឬ​ឧបករណ៍​លើកដាក់​ដទៃទៀត ដែល​គង ឬ​គ្រប​លើផ្លូវ​សាធារណៈ​។​

​ក្នុងករណី​ទីតាំង​ការដ្ឋាន​សំណង់​តូចចង្អៀត រាល់​ការប្រើប្រាស់​ម៉ាស៊ីន ឬ​ឧបករណ៍​លើកដាក់​ដទៃទៀត ដែល​អាច​ប៉ះពាល់​ដល់​ផ្លូវ​សាធារណៈ ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​សាលា​រាជធានី ខេត្ត ដែល​ការដ្ឋាន​នោះ​ស្ថិតនៅ ដូចជា​ការដាក់​ស្លាក​សញ្ញា ភ្លើង​សញ្ញា ការកំណត់​ពេល​ម៉ោង​ប្រតិបត្តិការ និង​ការចាត់ចែង​ធ្វើ​ចរាចរណ៍​សាធារណៈ នៅពេល​ប្រតិបត្តិ​ការលើក​ស្ទូច​ជាដើម​។ នេះ​ជា​ចំណុច​ទី​២ ដែលមាន​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល ដែល​ចំណុច​ទី​៣ បាន​បញ្ជាក់ថា អ្នកប្រើប្រាស់​ម៉ាស៊ីនស្ទូច ឬ​ឧបករណ៍​លើកដាក់​ដទៃទៀត ក្នុង​ការដ្ឋាន​សំណង់ ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​បទ​ប្ប​ញ្ញ​តិ្ត​ជា​ធរមាន​។​

​ជាមួយគ្នា​នោះ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៏​សង្ឃឹមថា ម្ចាស់​សំណង់ ប្រធាន​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់ និង​អ្នកទទួលខុសត្រូវ​តាម​ការដ្ឋាន​សំណង់​ទាំងអស់ នឹងចូលរួម​សហការ​អនុវត្តន៍​តាម​សេចក្តីជូនដំណឹង​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ និង​ចៀសវាង​ករណី​គ្រោះថ្នាក់​នានា ដែល​អាច​កើតឡើង​៕


Tag:
 ម៉ាស៊ីនស្ទូច​
 ​ ការដ្ឋាន​សំណង់​
 ​ ក្រសួង​ដែនដី​
© រក្សាសិទ្ធិដោយ thmeythmey.com