ជាតិ
សង្គមជាតិ
ក្រសួង​ធនធានទឹក ឲ្យ​កសិករ​ប្រញាប់​ប្រមូល​ផល ព្រោះ​ទឹកទន្លេ​មេគង្គ​បន្ត​ហក់​ឡើង​
06, Jul 2016 , 2:31 pm        
រូបភាព
ដោយ:

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ស្ថានភាព​នៃ​ទឹកទន្លេ​មេគង្គ​នឹង​បន្ត​ហក់​ឡើង​ខ្ពស់​នៅក្នុង​រយៈពេល ៤ ទៅ ៥ ថ្ងៃ ខាងមុខនេះ​។ ក្រសួង បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ទាំងអស់​រួសរាន់​ប្រមូល​ផល​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​កុំ​ឲ្យ​ដំណាំ​កសិកម្ម​ខូចខាត​។​



​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម ព្យាករ​ថា នឹង​បន្ត​ហក់​ឡើង ក្នុង​រយៈពេល ៤ ទៅ ៥ ថ្ងៃ​ខាងមុខ នៅតាម​ស្ថានីយ​ជល​សាស្ត្រ​នានា រួមមាន នៅ​ខេត្តស្ទឹងត្រែង ទឹកជំនន់​អាច​ហក់​ឡើងដល់ ៨, ៥០ ម៉ែត្រ តែ​ទាប​ជាង​កម្រិត​ទឹក​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ២, ២០ ម៉ែ​ត្រេ​។ នៅ​ខេត្តក្រចេះ ទឹក​អាច​ឡើងដល់ ១៦, ០០ ទាប​ជាង​កម្រិត​ប្រុងប្រយ័ត្ន ៦, ០០ ម៉ែត្រ​។ នៅ​ខេត្តកំពង់ចាម ទឹក​អាច​ឡើងដល់  ៩,០០ ម៉ែត្រ ទាប​ជាង​កម្រិត​ប្រុងប្រយ័ត្ន ៦, ២០ ម៉ែត្រ​។ នៅ​ទន្លេបាសាក់​-​ចតុមុខ ទឹក​អាច​ឡើងដល់ ៦, ០០ ម៉ែត្រ ទាប​ជាង​កម្រិត ដែល​ត្រូវ​ប្រុងប្រយ័ត្ន ៤, ៥០ ម៉ែត្រ​។​
 
​បើទោះបីជា​កម្ពស់​ទឹកទន្លេ​ហក់​ឡើង ទាប​ជាង​កម្រិត​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​ក្តី ក៏​ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់ថា ក្នុង​រយៈពេល​នៃ​ការ​ហក់​ឡើង​នេះ ទឹកទន្លេ​អាច​នឹង​ហូរ​ចូល​តាម​ព្រែក និង​ធ្វើ​ឲ្យ​លិច​តំបន់​ទំនាប​នានា  ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម​របស់​កសិករ​។ ជាងនេះទៅទៀត ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ប្រជាកសិករ ប្រមូល​ផល​ឲ្យ​បាន​រួសរាន់ មុន​ទន្លេ​ហូរ​លិចលង់​ផងដែរ​៕
 
 
 

Tag:
 កសិករ​
  ទឹកទន្លេ​
© រក្សាសិទ្ធិដោយ thmeythmey.com