ពីនេះ ពីនោះ
មិនត្រូវ​យកគុណ និង​ទោស មក​ថ្លឹងថ្លែង​គ្នា​នោះទេ
07, Jul 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គុណ និង ទោស មនុស្ស​ទាំងឡាយ​ចូលចិត្ត​យកមក​ថ្លឹងថ្លែង​គ្នា ប៉ុន្តែ​សារជាតិ​របស់​គុណ និង​ទោស គឺ​មិនអាច​ធ្វើការ​ស៊ីសង​គ្នា​បានទេ​។ ក្នុងករណី​ដែល បុគ្គល​ណា​ប្រព្រឹត្ត​ទង្វើ​ជា​ទោស នោះ​គឺជា​ចំណុច​អវិជ្ជមាន​របស់​ជន​នោះ ហើយ​បុគ្គល​ដដែល​ប្រព្រឹត្ត​ទង្វើ​ជា​កុសល​នោះ​គឺជា​តម្លៃ​មួយ​ផ្សេង​សម្រាប់​ខ្លួន​បុគ្គល​នោះ​។ ចំណែក​ការដែល​លើកយក​គុណ ទោស មក​ថ្លឹងថ្លែង​គ្នា បញ្ជាក់​ឲ្យ​ឃើញ​ពី​ការខ្វះ​មូលដ្ឋាន​ពិចារណា​របស់​មនុស្ស​។​



​ជាក់ស្ដែង ដូច​នៅក្នុង​ពាក្យ​មួយ​ឃ្លា​ដែល​គេ​លើកឡើងថា «​ធ្វើ​គុណ​១០០​សំពៅ ទោស​១​ចូលទៅ​រលាយ​គុណ​អស់​»​។ វា​គឺជា​ឃ្លា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពខ្វះខាត​ការពិចារណា​របស់​មនុស្ស​។ មូលហេតុ​អ្វី​ត្រូវ​និយាយ​បែបនេះ​? ជាការ​ពិត ឥទ្ធិពល​អាក្រក់​វា​មាន​កម្លាំង​ខ្លាំង​ជាង​ការកសាង​ល្អ ដែល​នាំ​ឲ្យ​បុគ្គល​ល្អ​មួយចំនួន​ត្រូវ​ទទួលរង​ភាពអយុត្តិធម៌​ព្រោះតែ​រឿង​ខុសឆ្គង​តិចតួច​។ អ្វី​ដែលជា​បញ្ហា​គឺ​នៅត្រង់ថា តម្លៃ​របស់​មនុស្ស​មិនអាច​ត្រូវបាន​ប្រែប្រួល​ភ្លាមៗ​ព្រោះ​តែង​ទង្វើ​មួយចំនួន​របស់​មនុស្ស​ឡើយ​។ ឧទាហរណ៍ មនុស្ស​ម្នាក់​ខំ​ធ្វើ​ល្អ ធ្វើ​គុណ​ស្ទើរ​មួយជីវិត ប៉ុន្តែ​គាត់​ភ្លាត់​ធ្វើ​រឿង​អាក្រក់​មួយ បែរជា​ត្រូវ​ទទួលបាន​ថា ជា​បុគ្គល​អាក្រក់ នោះ​ពិតជា​មិនមែនជា​ភាពយុត្តិធម៌​ឡើយ​។​

​ប៉ុន្តែ​អ្វីដែល​ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់​នោះ​គឺ ធ្វើ​គុណ និង​ធ្វើ​ទោស​។ ការវិនិច្ឆ័យ​មនុស្ស និង​ឲ្យ​តម្លៃ​មនុស្ស គឺ​មិនអាច​គិតតែ​អ្វីដែល​កើតឡើង​ចំពោះមុខ​នោះទេ​។ ប៉ុន្តែ​ត្រូវតែ​គិតពី​អតីតភាព​របស់​បុគ្គល​ឲ្យ ល្អិតល្អន់​តាម​ដែល​អាច​ធ្វើបាន​។ ហេតុនេះ គេ​ត្រូវ​ប្រកាន់​មូលដ្ឋាន​គំនិត​វិនិច្ឆ័យ​មួយ​គឺ ការបែងចែក​ឲ្យ​ដាច់​ពី​សកម្មភាព និង​ទង្វើ​របស់​មនុស្ស​។ នៅពេល​មនុស្ស​ម្នាក់​ធ្វើ​ខុស ត្រូវ​គិតថា​វា​ជា​កំហុស​មួយ​ដែល​គាត់​បាន​ប្រព្រឹត្ត ហើយ​បុគ្គល​នោះ​ត្រូវ​ទទួលយក​កំហុស​មួយ​នោះ មក​កែប្រែ ប៉ុន្តែ​មិនត្រូវ​បូក​ថា កំហុស​មួយ​បញ្ជាក់ថា​បុគ្គល​នោះ​ជា​មនុស្ស​អាក្រក់​ឡើយ​។​

​ជារួម​មក ការចេះ​បែងចែក​ឲ្យ​បាន​ដាច់ពីគ្នា​រវាង​ការធ្វើ​គុណ និង​ការធ្វើ​ទោស វា​នាំ​ឲ្យ​បុគ្គល​ម្នាក់ៗ​ចេះ​មើលគ្នា​ក្នុង​ផ្លូវ​ល្អ និង​ចេះ​ញែក​ភាពល្អ និង​អាក្រក់​របស់​បុគ្គល ដើម្បី​កុំ​ឲ្យ​មាន​ការធ្វើ​វិចារ​អនុមាន​រួមមួយ​ខុសឆ្គង​។ ហេតុផល​នេះហើយ​ដែល បុគ្គល​គ្រប់រូប​មិន​ត្រូវយក​ចំណុច​ទាំង​ពីនេះ​មក​ថ្លឹងថ្លែង​គ្នា​ឡើយ​។ ធ្វើ​គុណ គឺជា​ចំណុច​ល្អ​របស់​បុគ្គល  ធ្វើ​ទង្វើ​ជា​ទោស​គឺជា​កំហុស​របស់​បុគ្គល ដែល​បុគ្គល​ទាំងនោះ​បានធ្វើ និង​ទទួល​ដោយ​ខ្លួនឯង តែ​មិនអាច​ច្របល់​ចូលគ្នា​។ ពេលនោះ​ហើយ​ដែល​គេច​កំណត់ថា មនុស្ស​ទាំងអស់​មិន​សុ​ក្រិត​ទាំងអស់​ឡើយ ទាំង​ល្អ​និង​អាក្រក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com