កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2016៖ ព័រ​ទុយ​ហ្គា​ល់ និង វេ​លស៍ ប្រជែង​គ្នា​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​
06, Jul 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​វេ​លស៍ ត្រូវ​ប៉ះគ្នា​នា​វេលា​ម៉ោង​២​ទៀបភ្លឺ សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ទ្វីបអឺរ៉ុប (Euro 2016) នៅ​កីឡដ្ឋាន Stade de Lyon ប្រទេស​បារាំង​។ នេះ​ជា​ជំនួប​លើកដំបូង​រវាង​ក្រុម​ទាំងពីរ​សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ប្រចាំ​ទ្វីប ប៉ុន្តែ​សម្រាប់​ជំនួប​ទូទៅ ពួកគេ​ធ្លាប់​ប៉ះគ្នា​បី​ដង ដោយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ចំនួន​២​លើក និង​ស្មើគ្នា​១​លើក​។​



​ព័រ​ទុយ​ហ្គា​ល់​គឺជា​ក្រុម​ដែល​ស្មើ​ទាំង​៥​លើក​នា​ការប្រកួត​គិត​ត្រឹម​រយៈពេល​៩០​នាទី​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦​នេះ ដោយបាន​ស្មើ​ទាំងបី​លើក​នៅក្នុង​ពូ​ល ហើយ​បាន​យកឈ្នះ​ក្រូ​អាស៊ី ១-០ ក្រោយ​ការប្រកួត​បន្ថែម​ម៉ោង​នាវ​គ្គ​១៦​ក្រុម​ចុងក្រោយ មុននឹង​យកឈ្នះ​ប៉ូឡូញ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​សម្រេច​ក្តី​។​

​ខណៈ​ព័រ​ទុយ​ហ្គា​ល់​ត្រូវ​បង្ហាញខ្លួន​ជា​លើក​ទី​៥​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ Euro ក្រុម​ជម្រើសជាតិ​វេ​លស៍ មានឱកាស​បង្ហាញខ្លួន​នៅ​កម្រិត​នេះ​ជា​លើកដំបូង​។ វេ​លស៍​ធ្វើបាន​យ៉ាង​ល្អ​នា​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ដោយ​បញ្ចប់​ចំណាត់ថ្នាក់​លេខ​មួយ ហើយ​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់ លើ​អៀរ​ឡង់​ខាងជើង ១-០ និង​ទម្លាក់​ជើង​ខ្លាំង​បែលហ្ស៊ិក ៣-១ ។​

​ជំនួប​នេះ ក៏​ជាការ​ប៉ះគ្នា​ផងដែរ​រវាង​មិត្ត​រួម​ក្រុម​នៃ​ក្លិប Real Madrid គឺ Cristiano Ronaldo និង Gareth Bale​។ Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ និង assists (​បញ្ជូន​មិត្ត​រួម​ក្រុម​ឲ្យ​ស៊ុត​បាល់​បញ្ចូល​ទី​) ២​គ្រាប់​សម្រាប់​ព័រ​ទុយ​ហ្គា​ល់ ខណៈ Bale រកបាន​៣​គ្រាប់ និង assist ១​គ្រាប់​សម្រាប់​វេ​លស៍​។​

​សម្រាប់​ព័រ​ទុយ​ហ្គា​ល់ ខ្សែបម្រើ William Carvalho ត្រូវ​អវត្តមាន​ដោយ​ជាប់​ពិន័យ ខណៈ​ខ្សែការពារ Pepe កំពុង​ញាំញី​ដោយសារ​របួស​។ រីឯ​វេ​លស៍​វិញ ពួកគេ​ត្រូវ​បាត់បង់ Aaron Ramsey ដែល​កម្លាំង​សំខាន់ រួមទាំង Ben Davies ដោយ​ពួកគេ​ស៊ុត​ទទួលបាន​កាត​លឿង​នា​ការប្រកួត​២​លើក​កន្លងមក​៕


Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com