ជាតិ
​រឿងស្រី​មុំ​៖ រដ្ឋសភា កំពុង​ពិនិត្យ​សំណើ​ដក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប​
06, Jul 2016 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ បើទោះបីជា​រដ្ឋសភា​ឈប់សម្រាក​ក៏ដោយ តែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅតែ​សិក្សា​និង​ពិនិត្យ​លើ​ការព្យួរ​អភ័យឯកសិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់​។ សំណុំរឿង​របស់​តំណាងរាស្ត្រ​ទាំង​២​រូបនេះ ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា​។



​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​រដ្ឋសភា មិនអាច​វាយតម្លៃ​ទុក​មុន​ថា គណៈកម្មាការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា  នឹង​សម្រេច​ដក​អភ័យ​ឯក​សិទ្ធ​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំង​២​រូប ឬ​យ៉ាងណា​នោះទេ​។ ប៉ុន្តែ លោក ឡេង ប៉េងឡុង បាន​បញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មាន​សិទ្ធិ​សម្រេច​នូវ​រាល់​កិច្ចការ​នានា ក្នុងអំឡុង​ពេលដែល​តំណាងរាស្ត្រ​ទាំងអស់ ឈប់សម្រាក​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​រដ្ឋ​សភា​រូបនេះ បាន​សង្កត់ធ្ងន់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មិនអាច​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​ព្រំដែន​នៃ​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​ឡើយ​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ឥឡូវនេះ ខ្ញុំ​មិនទាន់​ហ៊ាន​បកស្រាយ​ថា​រដ្ឋសភា​នឹង​សម្រេច​យ៉ាងម៉េច​ទេ​។ តែ​រដ្ឋសភា ត្រូវតែ​អ្វីៗ​ទៅតាម​ច្បាប់​»​។

​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​អត្ថាធិប្បាយ​ពី​តំណាងរាស្ត្រ​ទាំង​២​រូប​ឡើយ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។​

​គួររម្លឹកថា ការចាប់ផ្តើម​ពិចារណា​ក្នុង​ការលើក​អភ័យឯកសិទ្ធិ​នេះ ធ្វើឡើង​តាម​សំណើ​របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​បានដាក់​លិខិត​ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៦​។ ការសុំ​ឲ្យ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ គឺ​ដើម្បី​បើកដៃ​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​តំណាងរាស្ត្រ​ទាំង​២​រូបនេះ ដែល​ជាប់​សង្ស័យ​នឹង​អំពើ​សញ្ចារកម្ម​។

​សូមបញ្ជាក់ថា លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ​ចំនួន​២​លើក​មកហើយ ដើម្បី​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​អំពើ​សញ្ចារកម្ម ដែល​ពាក់ព័ន្ធ​នឹង កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។ ប៉ុន្តែ​លោក តុ វ៉ាន់​ចាន់ និង​លោក ពិន រតនា បាន​បដិសេធ​មិន​បង្ហាញខ្លួន​ទាំង​២​លើក ដោយ​សំអាង​លើ​អភ័យ​សិទ្ធិ​របស់ខ្លួន​ក្នុងនាម​ជា​តំណាងរាស្ត្រ​។​

​មាត្រា ៩ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ បាន​ចែងថា ការលើក​អភ័យឯកសិទ្ធិ​របស់​ស​មា​ជិ​ក​ភា​ណា​ម្នាក់ ត្រូវមាន​ការអនុម័ត​តាម​មតិ​ភាគច្រើន​ពីរភាគបី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​។ ការអនុម័ត​ដោយ​សមាជិក​រដ្ឋសភា ២ ភាគ ៣ គឺ​ស្មើនឹង​សមាជិកសភា ៨៣ រូប​គាំទ្រ ឬ​អនុម័ត​ឡើងទៅ ទើប​អាច​លើក​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ណាមួយ​បាន​៕


Tag:
 រដ្ឋសភា​
  ឡេង ប៉េងឡុង​
  តុ វ៉ាន់​ចាន់​
  ពិន រតនា
© រក្សាសិទ្ធិដោយ thmeythmey.com