ពីនេះ ពីនោះ
ជាតិ​មានសម្បត្តិ ត្រូវ​គ្រប់គ្រង ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍ និង​សមធម៌​ចំពោះ​រាស្ត្រ​
08, Jul 2016 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រទេស​មាន​ប្រជាជន​តិច មិនមែនជា​បញ្ហា តែ​បញ្ហា​ប្រទេស​មាន​អ្នកចេះដឹង​តិច តែ​មិន​ត្រូវបាន​គេ​លើកតម្កើង នឹង​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​ជាតិ​។ ប្រទេសជាតិ​មានសម្បត្តិ​ធម្មជាតិ​មិនបាន​ប្រើប្រាស់​ដើម្បី​ចំណូល​ជាតិ​គឺជា​រឿង​គួរ​ឲ្យ​ស្ដាយ ប៉ុន្តែ​មិនគួរ​ឲ្យ​ស្ដាយ ដូច​នៅពេលដែល​សម្បត្តិ​ទាំងនោះ បាន​ប្រើប្រាស់​សម្រាប់តែ​មនុស្ស​មួយក្រុម  ហើយ​រាស្ត្រ​ម្ចាស់​ប្រទេស​នៅតែ​មិនបាន​ទទួលផល​លាភ​ដដែល​។



​មាតុភូមិ​កម្ពុជា ជា​ប្រទេសមួយ​ដែល​តូច ប៉ុន្តែ​ក៏​ជា​ប្រទេសមួយ​ដែលមាន​សម្បត្តិ ភោគផល​ធម្មជាតិ ស្ថាន​តំបន់​អំណោយទាន គ្រប់បែបយ៉ាង​មិន​ចាញ់​ប្រទេស​ទាំងឡាយ​នៅលើ សកលលោក​។ ក្នុងនោះ​កម្ពុជា មាន​ឆ្នេរ​ខ្សាច់ សមុទ្រ ទន្លេ​បឹងបួរ ព្រៃភ្នំ​ក្រម​ថ្ម រ៉ែ ប្រាង្គ​ប្រាសាទ ដី​កសិកម្ម ដែល​ពលរដ្ឋ​កម្ពុជា​អាច​ប្រើប្រាស់​សម្រាប់​សម្រួល​ដល់​វិស័យសេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ​បាន​យ៉ាង​ស្រួល ហើយ​នាំ​ឲ្យ​ជីវភាព​ប្រជាជន​រស់នៅ​យ៉ាង​ស្រួល ។

​កុំថាឡើយ​សម្បត្តិ​ធម្មជាតិ កម្ពុជា​ក៏មាន​សម្បត្តិ វប្បធម៌ អរិយធម៌ ដ៏​យូរលង់ ដែល​ដូនតា ខិតខំ​កសាង ថែរក្សា ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ បន្តបន្ទាប់​មកដល់​ស​ព្វ​ថ្ងៃ និង​ទៅ​អនាគត ដែល​កូ​ខ្មែរ​ត្រូវមាន​ការចូល​រួមការ​ពារ អភិរក្ស អភិវឌ្ឍ ជាតិ​មាតុភូមិ​របស់ខ្លួន និង​ប្រើប្រាស់​ស្នាដៃ​ទាំងនេះ​ជា​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ​តាម​ការគួរ​។​

​បន្ថែម​ពីលើ​សម្បត្តិ​ទាំងឡាយ​នេះ កម្ពុជា​នៅមាន ច្រកចេញចូល​តាមផ្លូវ​ទឹក ផ្លូវអាកាស ផ្លូវដែក ផ្លូវគោក សម្រាប់​ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុងការ​ធ្វើដំណើរ ទំនាក់ទំនង​ផ្លូវ​សេដ្ឋកិច្ច និង​ផ្លូវ​សង្គម​ទាំង​ក្នុង​រង្វង់​ជាតិ និង​អន្តរជាតិ​។  កត្តា​នេះ​យុវជន ប្រជាពលរដ្ឋ អ្នកសិក្សា ថ្នាក់ដឹកនាំ មន្ត្រី​រាជា​ការ ឈ្មួញ អាច​មានឱកាស​អាចធ្វើ​ឲ្យ​ចរន្ត​សេដ្ឋកិច្ចជាតិ​មាន​ដំណើការ​កាន់តែ​ប្រសើរ​។​

​ប៉ុន្តែ ពលរដ្ឋ​ខ្មែរ ត្រូវតែ​ធានា​ផងដែរ​ថា ខ្លួន​ប្រើប្រាស់​សម្បត្តិ​ទាំងនោះ​ប្រកបដោយ​សមធម៌ និង​ធានា​ឲ្យ​បាន​ភាពសមហេតុ​ផល ដែល​ពលរដ្ឋ​ទទួលបាន​ផល​លាភ​ក្នុងនាម​ជា​ម្ចាស់​ប្រទេស​។ ក្នុងនោះដែរ​មិនអាច ឲ្យ​ម្ចាស់​ប្រទេស​ជាច្រើន​ដេក​អត់ ខណៈដែល​ជន​មួយក្រុម​កំពុង​សប្បាយ​ជាមួយ​ធនធាន​ទាំង​នោះឡើយ​។

​ស្របពេល​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវតែ​ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល ដើម្បី​បណ្ដុះ​សីលធម៌ និង​គុណធម៌ ទាំង​ចំណេះ ជំនាញ​វិទ្យាសាស្ត្រ​ពិត ទាំង​ការអប់រំ​ឲ្យ​មានការ​យល់ដឹង​ពី​ការគោរព​ច្បាប់ ផ្តល់នូវ​សុខសន្តិភាព សុភមង្គល សុខដុមរមនា​ក្នុងការ​រស់នៅ សម្រាប់​មនុស្សជាតិ​។ ក្នុង​គោលបំណង​មួយ​ពិតប្រាកដ​ច្បាស់លាស់ ធានា​ឲ្យ​បាន​ថា​ជា​ពលរដ្ឋ​ថ្លៃថ្នូរ ដែលជា​កម្លាំងចលករ​មួយ​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ អភិរក្ស និង​អភិវឌ្ឍ ធនធានធម្មជាតិ សម្បត្តិ​វប្បធម៌​ប្រពៃណី​ដ៏​បវរ​របស់​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com