កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ផ្ទះ​បារាំង និង​អាល្លឺម៉ង់ ប្រជែង​គ្នា​ដើម្បី​ឡើងទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
07, Jul 2016 , 7:39 pm        
រូបភាព
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​បារាំង​បើកទ្វារ​កីឡដ្ឋាន Stade Velodrome ក្រុង Marseille ដើម្បី​ស្វាគមន៍​អាល្លឺម៉ង់ នា​វេលា​ម៉ោង​២​ទៀបភ្លឺ សម្រាប់​ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦ ។ ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ ត្រូវ​ឡើងទៅ​ប៉ះ​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​



​ក្រុម​ដែលជា​ប្រទេសជិតខាង​ទាំងពីរ ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​២៧​ដង ដោយ​បារាំង​ឈ្នះ​១២​ដង អាល្លឺម៉ង់​ឈ្នះ​៩​ដង និង​ស្មើគ្នា​៦​ដង​។ នេះ​ជា​លើក​ទី​៥​ផងដែរ ដែល​ក្រុម​ខ្លាំង​ទាំងពីរ​ប៉ះគ្នា​ក្នុង​ព្រឹត្តិការណ៍ Euro ដោយ​អាល្លឺម៉ង់​មានកំណត់​ត្រា​ល្អ​ជាង​។​

​បច្ចុប្បន្ន បារាំង​មិនទាន់​ស្គាល់​បរាជ័យ​នា​ការប្រកួត​៩​លើកចុងក្រោយ ខណៈ​អាល្លឺម៉ង់​ក៏​កំពុង​រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​៦​ប្រកួត​ជាប់​គ្នា​ផងដែរ​។ ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១៦​នេះ បារាំង​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល A ហើយ​បាន​យកឈ្នះ​សាធារណរដ្ឋ​អៀរ​ឡង់ ២-១ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​បន្ត​ទម្លាក់​អ៊ី​ស្លង់ ៥-២ នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ រីឯ​អាល្លឺម៉ង់​បាន​ចំណាត់ថ្នាក់​លេខ​១​ពូ​ល C ហើយ​បន្ត​ឈ្នះ​ស្លូ​វ៉ា​គី ៣-០ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​ទម្លាក់​អ៊ីតាលី ដោយ​បាល់​ប៉េ​ណា​ល់​ទី​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​



​សម្រាប់​ការប្រកួត​នា​រាត្រី​នេះ អាល្លឺម៉ង់​ជួប​វិបត្តិ​ដោយសារតែ​ខ្សែការពារ Mats Hummels ជាប់​ពិន័យ រីឯ​ខ្សែបម្រើ Sami Khedira និង​ខ្សែប្រយុទ្ធ Mario Gomez ជួប​បញ្ហា​របួស​។ សម្រាប់​ក្រុម​បារាំង ពួកគេ​មាន​កម្លាំង​ពេញ ដោយ​កីឡាករ Antoine Griezmann, Olivier Giroud និង Yohan Cabaye រំពឹង​ទ​ម្លា​ញ​សំណាញ់​ទី​របស់​អាល្លឺម៉ង់​ដែលមាន Manuel Neuer អ្នកចាំទី​ដ៏​រឹងមាំ​។​

​ក្រុម​ដែល​ទទួលបាន​ជ័យជម្នះ​នឹង​ឡើងទៅ​ជួប​ព័រ​ទុយ​ហ្គា​ល់​នៅ​កីឡដ្ឋាន Stade de France នា​ថ្ងៃទី​១០ ខែកក្កដា​។ កាលពី​យប់មិញ ព័រ​ទុយ​ហ្គា​ល់​បាន​យកឈ្នះ​វេ​លស៍ ២-០ ដែលជា​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជា​បន្តបន្ទាប់​របស់ Cristiano Ronaldo និង Nani នៅ​ដើមតង់​ទី​ពីរ​៕


Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com