ជាតិ
​ចាប់ពី​អាណត្តិ​ក្រោយ​ទៅ បើ​បក្ស​ណា​មិន​ចូលប្រជុំ​សភា​ដំបូង នឹង​បាត់បង់​អាសនៈ​
08, Jul 2016 , 1:57 pm        
រូបភាព
រូបអ្នក​នយោបាយ​បក្សទាំងពីរ ក្រោយពីចរចាគ្នា កាលពីឆ្នាំ ២០១៤
រូបអ្នក​នយោបាយ​បក្សទាំងពីរ ក្រោយពីចរចាគ្នា កាលពីឆ្នាំ ២០១៤
ដោយ:
​នៅក្នុង​ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី ដែល​រួមគ្នា​ធ្វើ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់ថា នៅក្រោយ​ការបោះឆ្នោត គណបក្សនយោបាយ​ណាមួយ​ដែល​ទទួលបាន​អាសនៈ​ហើយ តែ​មិន​ចូលប្រជុំ​រដ្ឋសភា​ដំបូង តាម​ការ​កោះ​ប្រជុំ​របស់​ព្រះ​មហាក្សត្រ​​ទេនោះ នឹងត្រូវ​បាត់បង់​អាសនៈ​ដោយ​ស្វ័យប្រវត្តិ​។



​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី​នេះ បាន​ផ្តួច​ផ្តើម​ធ្វើឡើង​ដោយ​គណបក្សធំៗ​​ទាំងពីរ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ចូល​រដ្ឋសភា ហើយ​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ​។ នៅក្នុង​ជំពូក​ទី ៩ ត្រង់​មាត្រា ១៣៨ នៃ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នេះ ចែង​អំពី​ការបាត់បង់​អាសនៈ​នៃ​រដ្ឋសភា​របស់​គណបក្ស​នយោបាយ នៅក្នុង​ករណី ៣ យ៉ាង​។ ករណី​ទី ១ គណបក្សនយោបាយ​នោះ ធ្វើពហិការ​មិន​ព្រម​ចូលរួម​សម័យប្រជុំ​ដំបូង តាម​ការកោះប្រជុំ​របស់​ព្រះមហាក្សត្រ​។ ករណី​ទី ២ គណបក្សនយោបាយ​នោះ ធ្វើពហិការ​មិន​ចូលប្រជុំ​រដ្ឋសភា​សម្រាប់​ការប្រកាស​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ​។ ករណី​ទី ៣ គណបក្សនយោបាយ​នោះ ធ្វើពហិការ​មិន​ព្រមធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង ( ការធ្វើ​សច្ចាប្រណិធាន​នេះ ធ្វើឡើង​នៅក្នុង​ប្រាសាទ​ខេមរិន្ទ​ក្នុង​បរិវេណ​ព្រះបរមរាជវាំង ក្រោម​រាជាធិបតី​របស់​ព្រះមហាក្សត្រ​)​។

​ក្នុងករណី​ខាងលើនេះ បញ្ជី​បេក្ខជន និង​បេក្ខជន​នៃ​គណបក្សនយោបាយ​នោះ ដែល​បានប្រកាសថា ជាប់ឆ្នោត​រួចហើយ មិនមាន​សុពលភាព និង​មិនមាន​គុណសម្បត្តិ​តទៅទៀត​បានឡើយ​។ ហើយ​រដ្ឋសភា ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាបន្ទាន់ ឬ​ក្នុង​រយៈពេល​យ៉ាងយូរ ២៤ ម៉ោង​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវធ្វើ​ការបែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាងយូរ ៧២ ម៉ោង បន្ទាប់ពី​បានទទួល​លិខិត​ជូនដំណឹង​ពី​រដ្ឋសភា ទៅ​ឲ្យ​គណបក្សនយោបាយ​ផ្សេង​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី ខេត្ត ជាមួយគ្នា ដោយ​មិន​គិត​បញ្ចូល​គណបក្សនយោបាយ​ដែល​បាត់បង់​អាសនៈ​។​

​យ៉ាងណាក៏ដោយ​បើតាម​មាត្រា ១៣៨  ដដែល ក្នុងករណី​ទាំង ៣ ខាងលើ អាចធ្វើ​ទៅបាន លុះត្រាតែ​ដំណើរការ​នៃ​ការបោះឆ្នោត​នោះ បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​ជាការ​កត់សម្គាល់​នៅត្រង់ចំណុច​នេះ អាច​នឹងមាន​ចន្លោះ ឬ​បង្កើតជា​បញ្ហានយោបាយ​កើតឡើង ប្រសិនបើ​គណបក្ស​ដែល​ទទួលបាន​កៅអី​ក្នុង​រដ្ឋសភា​ហើយ បក្ស​នោះ ធ្វើតាម​ករណី​ទាំង ៣ មានដូចជាការ​មិន​ចូលប្រជុំ​រដ្ឋសភា​ដំបូង​ជាដើម ក្រោម​ហេតុផល​ថា ការបោះឆ្នោត​មិនមាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ គណបក្សនយោបាយ​នោះ គិតថា ហេតុ​ផល​នេះ សមរម្យ អាច​ឲ្យ​ខ្លួន ធ្វើពហិការ​មិន​ចូលប្រជុំ​សភា​ដំបូង​បាន បើទោះបី​ជាគ​.​ជ​.​ប និង​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជា​ស្ថាប័ន​ដោះស្រាយ​វិវាទ​បោះឆ្នោត​ថា ជាហេតុ​ផល​មិន​សមស្រប​ក្តី​។

​សូម​រម្លឹកថា ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ចំនួន ៦៨ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៥៥ កៅអី​។ ក៏ប៉ុន្តែ នៅពេលដែល​រដ្ឋសភា​បើក​សម័យប្រជុំ​ដំបូង គណបក្ស​សង្គ្រោះជាតិ បានធ្វើ​ពហិការ​មិន​ចូលប្រជុំ ក្រោម​ហេតុផល​ថា ការបោះឆ្នោត​មិន​ភាពត្រឹមត្រូវ មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ គណបក្សប្រឆាំង បានធ្វើ​មហា​បាតុកម្ម ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​អស់​រយៈពេល​ជាច្រើន​ខែ មុន​នឹងមាន​កិច្ចព្រមព្រៀង​នយោបាយ​បញ្ចប់​បញ្ហា​ជាប់គាំង​។​

ទោះជា​បែប​នេះ​ក្តី ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្មី ដែល​ចែង​ពី​ការបាត់បង់​អាសនៈ​រដ្ឋសភា​នេះ ក៏​អាចជា​ទឡ្ហីករណ៍​សំខាន់​មួយ​ដែរ មិនអាច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​តវ៉ា ឬ​ធ្វើពហិការ​មិន​ចូលប្រជុំ​សភា​ដំបូង​ទៀត បើសិន​ក្នុងករណី​ដែល​ខ្លួន​ចាញ់ឆ្នោត​ជាថ្មី​។ ពីព្រោះថា ច្បាប់​នេះ ជាពិសេស​មាត្រា ១៣៨ នេះ​តែម្តង ក៏មាន​ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ធ្វើ និង​ចូលរួម​អនុម័ត​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​៕


Tag:
 ច្បាប់​
  រដ្ឋសភា​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com