អន្តរជាតិ
មហា​យក្ស​ចិន​បង្អួត​យន្តហោះ​យោធា​ធំ​បំផុត​លើ​ពិភពលោក​
08, Jul 2016 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​យន្តហោះ​ដឹកជញ្ជូន​យោធា​របស់​ចិន (Y-20) ដែល​ធំ​បំផុត​លើ​ពិភពលោក​នោះ​ចាប់ផ្តើម​ចូល​បម្រើ​ក្នុង​វិស័យ​កងទ័ព​ជា​ផ្លូវការ​ហើយ​។ វា​មាន​ប្រវែង ៤៧​ម៉ែត្រ និង​អាច​ដឹក​សម្ភារៈ​មាន​ទម្ងន់​៦៦​តោន ហើយ​វា​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ដឹកជញ្ជូន​សម្ភា​រៈ ជា​មជ្ឈមណ្ឌល​បញ្ជា​និង​ភ្ជាប់​ទំនាក់ទំនង​រវាង​យន្តហោះ​ផ្សេងទៀត​ពេល​ប្រយុទ្ធ និង​ជា​យន្តហោះ​សម្រាប់​ចាក់​សាំង​លើ​អាកាស ។



«​ស្ត្រី​មុខ​ប៉ោង​» ឬ «Kungpeng » ជា​រហស្សនាម​ផ្លូវការ​សម្រាប់​សម្គាល់​យន្ត​ហោះ​ដឹកជញ្ជូន​យោធា​របស់​ចិន​ដ៏​ធំ​បំផុត​លើ​ពិភពលោក Y-20 ។ Y-20 ជា​ប្រភេទ​យន្តហោះ​ដឹកជញ្ជូន​ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ​ឧស្សាហកម្ម​អាកាសចរណ៍​ចិន (AVIC) ។​

​យន្តហោះ​យោធា​ថ្មី​និង​ធំ​បំផុត​នេះ​បាន​ហោះហើរ​សាកល្បង​ជា​លើកដំបូង​តាំងពី​ឆ្នាំ ២០១៣ តែ​វា​ទើបតែ​ចូល​បម្រើ​ក្នុង​វិស័យ​កងទ័ព​ចិន​ជា​ផ្លូវការ​នៅ​ដើម​សប្តាហ៍​នេះ​ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ទ្រង់ទ្រាយ​ជារួម​នៃ​យន្តហោះ​នេះ Y-20 មាន​ប្រវែង ៤៧ ម៉ែត្រ និង​មាន​ទទឹង​រហូតដល់ ៤៥​ម៉ែត្រ (​រាប់​ប្រវែង​ស្លាប​)​។ ទម្ងន់​សរុប​ដែល​អាច​ហើរ​បាន​របស់​យន្តហោះ​នេះ​គឺ ២២០ តោន ហើយ​វា​អាច​ដឹក​សម្ភារៈ​ដែលមាន​ទម្ងន់​រហូតដល់ ៦៦ តោន​ឯណោះ​។   ចំណែក​ល្បឿន​វិញ យន្តហោះ​យោធា Y-20 អាច​ហោះហើរ​បាន​រយៈ​ចម្ងាយ ៨៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​



​ក្រោយ​ដាក់​យន្តហោះ​នេះ​ចូល​បម្រើ​ក្នុង​វិស័យ​កងទ័ព​ចិន​នោះ ក្រសួងការពារជាតិ​បាន​អះអាងថា វា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ចិន ហើយ​ណាមួយ​វា​ក៏​បញ្ជាក់​ពី​ការវិវត្ត​នៃ​សមត្ថភាព​របស់​កងទ័ព​ចិន​នាពេល​បច្ចុប្បន្ន​ដែរ​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​លោក Shen Jinke បាន​អះអាងថា​៖ «​ការចូល​បម្រើ​វិស័យ​យោធា​របស់​យន្តហោះ Y-20 ជា​ជំហាន​ដ៏​សំខាន់​មួយ​របស់​កងទ័ពអាកាស​ចិន​ក្នុងការ​ពង្រឹងសមត្ថភាព​និង​យុទ្ធសាស្ត្រ​យោធា​»​។​

​បើតាម​សារព័ត៌មាន​រុស្ស៊ី Sputnik  យន្តហោះ​ដែលជា​ផលិតផល​ក្នុងស្រុក​របស់​ចិន​ដ៏​ធំ​និង​ទំនើប​នេះ​ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើ​ម៉ាស៊ីន​របស់​រុស្ស៊ី Soloviev D-30 ចំនួន​៤​។ ហើយ​ជារួម​វា​អាចមាន​សមត្ថភាព​ដឹក​រថក្រោះ​រថពាសដែក និង សម្ភារៈ​និង​គ្រឿង​ម៉ាស៊ីន​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​។ ហើយ​ក្រៅពី​បំពេញ​តួនាទី​ជា​យន្តហោះ​ដឹកជញ្ជូន វា​ក៏​អាច​ប្រើប្រាស់​ជា​កន្លែង​មជ្ឈមណ្ឌល​សម្រាប់​បញ្ជា​និង​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​យន្តហោះ​នានា​ក្នុងពេល​ប្រយុទ្ធ និង​ធ្វើជា​យន្តហោះ​សម្រាប់​ជួយ​ចាក់​សាំង​ឲ្យ​យន្តហោះ​លើ​អាកាស​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com