អន្តរជាតិ
Crimea ៖ ទណ្ឌកម្ម​លោកខាងលិច ធ្វើ​ឲ្យ​រុស្ស៊ី​ខ្លាំង​និង​លែង​ពឹង​ទំនិញ​លោកខាងលិច​
08, Jul 2016 , 8:59 pm        
រូបភាព
​កាលពី​ចុងខែ​មិថុនា ក្រុមប្រឹក្សា​អឺរ៉ុប​បានសម្រេច​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​រយៈពេល ៦​ខែ​ទៅមុខទៀត​៦​ខែ​ពោលគឺ​រហូតដល់​ខែមករា​ឆ្នាំ ២០១៧​។ ប៉ុន្តែ​ទោះ​មានការ​សម្រេច​បែបនេះ​ក៏ដោយ មន្ត្រី​រុស្ស៊ី​និង​អ្នកនយោបាយ​រុស្ស៊ី​ជឿជាក់ថា ការដក​ឬ​មិន​ដក ទណ្ឌកម្ម​លោកខាងលិច​លែង​ជា​បន្ទុក​ធំ​សម្រាប់​រុស្ស៊ី​ទៀតហើយ​។ ហើយ​ល្មម​គេ​ដក​ទណ្ឌកម្ម រុស្ស៊ី​ក៏​ឈប់​ត្រូវការ​ទំនិញ​របស់លោក​ខាងលិច​ទៀត​ដែរ​ព្រោះ​រុស្ស៊ី​ខ្លាំង​ល្មម​អាចបំពេញ​តម្រូវ​ការខ្លួន​ឯង​បាន​។​



​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ Crimea  លោក Sergei Aksyonov បាន​អះអាងថា ទម្រាំ​មាន​ការដក​ទណ្ឌកម្ម រុស្ស៊ី​នឹង​លែង ត្រូវការ​ទំនិញ​លោកខាងលិច​ឡើយ ទោះជា​ទណ្ឌកម្ម​លោកខាងលិច​ត្រូវ​ដក​នៅពេល​ខាងមុខ​ក៏ដោយ​។  ព្រោះតែ​រង​សម្ពាធ​បណ្តាលមកពី​ទណ្ឌកម្ម​លោកខាងលិច ឧបទ្វីប Crimea របស់លោក និង រុស្ស៊ី​ទាំងមូល​បាន​ខិតខំ​ដើម្បី​ពង្រឹង​និង​ពង្រីក​សង្វាក់​ផលិតកម្ម​របស់​ខ្លួនឯង ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​ជំនួស​ការពឹង​ពាក់​ការនាំ​ចូល​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន រុស្ស៊ី TASS  លោក Sergei Aksyonov  នាយករដ្ឋមន្ត្រី​តំបន់ Crimea បានលើកឡើង​បែបនេះ​ក្នុងពេលដែល​លោក​ជួប​ជាមួយ​អ្នកសារព័ត៌មាន​បរទេស​មួយក្រុម​។ ហើយ​ការលើកឡើង​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បុ​ន្មា​ន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​សហភាព​អឺរ៉ុប​ឯកភាពគ្នា​បន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​រយៈពេល ៦​ខែ​ទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា​៖«​វា​ជា​រឿង​ពិត​ដែលថា ទណ្ឌកម្ម​ទាំងនោះ​ជា​ឧបសគ្គ​សម្រាប់​យើង ប៉ុន្តែ​ទណ្ឌកម្ម​ទាំងនោះ​ក៏​បង្កើត​លក្ខខណ្ឌ​មួយ​ដែល​ជំរុញ​ឲ្យ​យើង​រាល់គ្នា​ប្រឹងប្រែង​អភិវឌ្ឍ​សង្វាក់​ផលិតកម្ម​ផ្ទាល់ខ្លួន​ដើម្បី​ផលិត​ទំនិញ​ខ្លួនឯង​»​។​

​នាយករដ្ឋមន្ត្រី Crimea រូបនេះ​ចង់​ពន្យល់ថា ទណ្ឌកម្ម​ជា​សម្ពាធ ហើយ​ស្របពេល​ជាមួយគ្នា​នោះ​វា​ក៏​ជា​កម្លាំងចិត្ត​ជំរុញ​ឲ្យ​រុស្ស៊ី​ប្រឹងប្រែង​ខ្លួនឯង​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ប្រទេស​ដទៃ​។ គំនាប​នេះ​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែខ្លាំង​និង​កាន់តែ​អាច​បត់បែន​បាន​ប្រសើរ​ក្នុងស្ថានភាព​លំបាក​។​

​លោក​បន្តថា​៖ «​នៅពេលដែល​មិត្ត​លោកខាងលិច​យើង​យល់ថា វា​ជា​ពេល​សមស្រប​ដែល​ត្រូវ​ដក​ទណ្ឌកម្ម​នោះ យើង​ល្មម​លែង​ត្រូវការ​ទំនិញ​លោកខាងលិច ព្រោះ​ទំនិញ​ទាំងនោះ​ត្រូវបាន​ផលិត​នៅក្នុង​ក្នុង​ទឹកដី​រុស្ស៊ី​ខ្លួនឯងបាន​ហើយ​»​។​

​សូមបញ្ជាក់ថា លោកខាងលិច​បានសម្រេច​ដាក់ចេញ​ទណ្ឌកម្ម​ច្រើន​ជំហាន​ប្រឆាំង​រុស្ស៊ី ក្រោយ​ពេលដែល​រុស្ស៊ី​បញ្ជូន​ទ័ព​ចូលទៅ​កាន់​ទឹកដី​អ៊ុយ​ក្រែ​ន​និង​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ឆ្នាំ ២០១៤​។ ជាការ​ឆ្លើយតប ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​បានចេញ​ក្រឹត្យ​ដាក់ទណ្ឌកម្ម​ដោយ​ប្រឆាំង​ការនាំ​ចូល​ទំនិញ​របស់លោក​ខាងលិច​ចូល​ទឹកដី​រុស្ស៊ី​ផងដែរ​។ ទំនិញ​ទាំងនោះ​ផ្តោតលើ​ផលិតផល​ចំណីអាហារ សាច់ បន្លែ ដែល​នាំ​មកពី​អាមេរិក សហភាព​អឺរ៉ុប កាណាដា និង​អូស្ត្រាលី​ជាដើម​ផងដែរ​៕


Tag:
 Crimea
  Sergei Aksyonov
  ក្រុមប្រឹក្សា​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com