កីឡាជាតិ
ជាតិ
AFF U16៖ វគ្គ​ផ្តាច់ព្រ័ត្រ​ជា​គោលដៅ​របស់​គ្រូបង្វឹក​ទាំងអស់​
09, Jul 2016 , 2:06 pm        
រូបភាព
ដោយ: រួបរួម
 
 
​ថ្នាក់ដឹកនាំ និង​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើស​អាយុ​ក្រោម​១៦​ឆ្នាំ ទាំង​១១​ក្រុម សុទ្ធតែ​បង្ហាញ​ឆ​ន្ទះ​រៀងៗ​ខ្លួន​ក្នុង​ការដឹកនាំ​ក្រុម​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U-16 Championship ដែល​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១០ ខែកក្កដា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។​

 
​នៅក្នុង​ពូ​ល A មី​យ៉ាន់​ម៉ា និង​វៀតណាម បាន​គ្រប់គ្រង​តំណែង​ជើងឯក​ចំនួន​២​លើក អូស្ត្រាលី និង​ម៉ាឡេស៊ី ធ្លាប់​លើក​ពាន​បាន​១​លើក សឹង្ហ​បុរី ធ្លាប់​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​២​លើក ខណៈ​ហ្វីលីពីន តែងតែ​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​។​
 
​សម្រាប់​ពូ​ល B កម្ពុជា​មានឱកាស​ធ្វើ​ម្ចាស់ផ្ទះ​លើក​ទី​៣ ប៉ុន្តែ​ពួកគេ​មិន​ធ្លាប់មាន​ប្រវត្តិ​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះឡើយ​។ ថៃ​ជា​ម្ចាស់​ជើងឯក​៣​ជំនាន់ និង​ជា​ក្រុម​ដែល​ត្រូវការពារ​តំណែង​ជើងឯក​ផងដែរ រីឯ​ឡាវ បើទោះបីជា​ពួកគេ​មិន​ធ្លាប់​លើក​ពាន​ម្តងណា​ក៏ដោយ ប៉ុន្តែ​ក្រុម​មួយ​នេះ ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​៣​លើក លេខ​៣​ចំនួន​២​លើក និង​លេខ​៤​ចំនួន​២​លើក​។ ទី​ម័​រ​ខាងកើត​ធ្លាប់បាន​លេខ​៣​ម្តង​កាលពី​ឆ្នាំ​២០១០ ខណៈ​ព្រុយ​ណេ តែងតែ​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​ដូចគ្នា​កម្ពុជា​ផងដែរ​។​
 
​ខាងក្រោម​នេះ ការតាំង​ចិត្ត និង​ការរំពឹង​គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​នៃ​ក្រុម​ទាំង​១១ នា​អំឡុង​នៃ​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៩ ខែកក្កដា​៖
 
​ពូ​ល A (​មី​យ៉ាន់​ម៉ា វៀតណាម អូស្ត្រាលី ម៉ាឡេស៊ី និង​សិង្ហ​បុរី​)៖
​គ្រូបង្វឹក​មី​យ៉ាន់​ម៉ា​៖ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​បំផុត​នៅ​រាល់​ការប្រកួត​។ ខ្ញុំ​សង្ឃឹមថា យើង​នឹង​បោះជំហាន​ទៅមុខ​។​
​គ្រូបង្វឹក​វៀតណាម​៖ នេះ​ជា​លើក​ទី​ពីរ​សម្រាប់​ខ្ញុំ​ដែល​បាន​ដឹកនាំ​ក្រុម​មក​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ AFF U-16 នៅ​កម្ពុជា​។ យើង​នឹង​ប្រឹងប្រែង​ឲ្យ​ឈានចូល​វគ្គ​បន្ត ប៉ុន្តែ​យើង​ក៏​គោរព​គូប្រជែង​ផងដែរ​។​
 
​គ្រូបង្វឹក​អូស្ត្រាលី​៖ យើង​ប្រើប្រាស់​ការប្រកួត​នេះ​ក្នុងការ​ត្រៀមខ្លួន​ចូល​វគ្គ​ជម្រុះ World Cup នៅ​ប្រទេស​ឥណ្ឌា​។ យើង​ព្យាយាម​ឲ្យ​ឈ្នះ​រាល់​ការប្រកួត ហើយ​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​គ្រូបង្វឹក​ម៉ាឡេស៊ី​៖ យើង​ស្ថិតនៅក្នុង​ក្រុម​ដ៏​តឹងតែង​មួយ ប៉ុន្តែ​យើង​ដាក់​គោលដៅ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​គ្រូបង្វឹក​សិង្ហ​បុរី​៖ នេះ​ជា​ឆ្នាំ​ទីមួយ​របស់ខ្ញុំ​ដែល​មក​ដឹកនាំ​យុវជន​សិង្ហ​បុរី ព្រឹត្តិការណ៍​នេះ​ក៏​ជាការ​ប្រឈម​ដំបូង​របស់ខ្ញុំ​ផងដែរ​។ ខ្ញុំ​បាន​ស្វែងយល់​ពី​ក្រុម​ផ្សេងៗ​ដើម្បី​ត្រៀម​ប្រជែង​ជាមួយ​ពួកគេ​។​
 
​ពូ​ល B៖ កម្ពុជា ថៃ ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​
​គ្រូបង្វឹក​កម្ពុជា លោក Inoue Kazunori៖ ក្នុងនាម​ជា​ម្ចាស់ផ្ទះ យើង​ត្រូវតែមាន​ការប្រឹងប្រែង​ខ្ពស់ ហើយ​ខ្ញុំ​ជឿជាក់ថា យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ​នៅ​រាល់​ការប្រកួត​។​
 
​គ្រូបង្វឹក​ថៃ​៖ កីឡាករ​ទាំងអស់​រប​ស់​យើង​គ្មាន​បញ្ហា​អ្វី​ឡើយ​។ យើង​មាន​ជំនឿ​ចិត្ត​ថា យើង​នឹង​ឈ្នះ​ជើងឯក​ពីរ​ឆ្នាំ​ជាប់ៗ​នៅលើ​ទឹកដី​កម្ពុជា​។​
 
​គ្រូបង្វឹក​ឡាវ​៖ ក្រុម​ម្ចាស់ផ្ទះ និង​ក្រុម​ផ្សេងទៀត សុទ្ធតែ​ខ្លាំង​ដូចគ្នា ដូច្នេះ យើង​ត្រូវតែ​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​នៅ​រាល់​ការប្រកួត​ដើម្បី​ឈានទៅ​វគ្គ​បន្ត​។​
 
​ជំនួយការ​បច្ចេកទេស​ក្រុមទី​ម័​រ​ខាងកើត​៖ យើង​តាំងចិត្ត និង​រំពឹងថា ទី​ម័​រ​ខាងកើត​អាចឈាន​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​គ្រូបង្វឹក​ព្រុយ​ណេ​៖ មិនមាន​ការដាក់​ទិសដៅ​ណាមួយ​ឡើយ ប៉ុន្តែ​យើង​នឹងធ្វើ​ឲ្យ​ការប្រកួត​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​ខ្ពស់​៕
 
 

Tag:
 AFFU16
  U16 កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com