ពីនេះ ពីនោះ
កម្ពុជា​សមរភូមិ​អំណាច ទាក់ទាញ​ជាង​សមរភូមិ​សេដ្ឋកិច្ច
09, Jul 2016 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ព្រឹត្តិការណ៍​នយោបាយ សម្ដី​អ្នកនយោបាយ ទង្វើ​របស់​អ្នកនយោបាយ ការវិវឌ្ឍ​ន​នយោបាយ ប្រៀបដូចជា​សមរភូមិ​មួយ ដែល​យុវជន បញ្ញវន្ត បណ្ឌិត មន្ត្រី សង្គម​ស៊ីវិល ពលរដ្ឋ​គ្រប់រូប រួមទាំង​បណ្ដា​អ្នក​ផ្សាយ​ព័ត៌មាន​ផង មានការ​ចាប់អារម្មណ៍ និង​តាមដាន​យ៉ាងសកម្ម​។ ប៉ុន្តែ សមរភូមិ​សេដ្ឋកិច្ច ហាក់​មិនសូវមាន​អ្នក​ចាប់អារម្មណ៍​ទៅវិញ​។​




​មនុស្ស​ភាគច្រើន​ផ្តោត​តែ​ទៅលើ នយោបាយ​ក្នុងស្រុក ធ្វើអោយ​ប្រជាពលរដ្ឋ​ខ្មែរ មាន​និន្នាការ​មួយ ទៅជា​មនុស្ស​នយោបាយ និង​ប្រទេស ទៅជា​ប្រទេស​នយោបាយ ហើយ​មិន​ស៊ូ​វ​ជជែក​គ្នា ពីអ្វី​ផ្សេង​ក្រៅតែពី​នយោបាយ​ទេ ស្ទើ​គ្រប់​ទីកន្លែង​។ ក្នុងនោះ​ប្រទេស​នេះ​ផ្តោត​តែ​លើ​កត្តានយោបាយ​ខាងក្នុង ប៉ុន្តែ​ដូចជា​មិន​ស៊ូ​វ​បាន​ចាប់អារម្មណ៍​លើ​ការវិវឌ្ឍ​ន​របស់​ប្រទេសជិតខាង និង​នយោបាយ​-​សេដ្ឋកិច្ច​តំបន់​។ 
​មូលហេតុ​ទាំងនេះ អាចធ្វើអោយ​មនុស្ស​ខ្មែរ​ជាពិសេស​អ្នកនយោបាយ ភ្លេច​គិតពី​អាទិភាព នយោបាយ​-​សេដ្ឋកិច្ចជាតិ ហើយ​មួយថ្ងៃៗ​នាំគ្នា​រវល់​តែ​ធ្វើយ៉ាងណា​វាយ​ឲ្យ​ឈ្នះ សមរភូមិ​អំណាច​។ ប៉ុន្តែ​សមរភូមិ​សេដ្ឋកិច្ច​ដែល​គេ​តែងតែ​និយាយថា ជា​សរសៃឈាម​របស់​ប្រទេស​បែរ​ស្ទើ​តែ​ត្រូវបាន​គេ​ទុកជា​កត្ដា​បន្ទាប់បន្សំ​ទៅវិញ​។​
 
​មែនទែនទៅ សមរភូមិ​អំណាច​ក្នុងស្រុក​មិនគួរណា​ធ្វើ​ឲ្យ​មន្ត្រីរ ពលរដ្ឋ យុវជន បញ្ញវន្ត បណ្ឌិត រវល់​គ្មាន​ពេល​សម្រាក់​បែបនេះ​ឡើយ​។  ប៉ុន្តែ​បញ្ហា ការប្រកួតប្រជែង​ឥទ្ធិពល​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ក្នុង​តំបន់ និង​ពិភពលោក នោះ​ទើប​ជា​កិច្ចការ​ដ៏​ចាំបាច់​។ បច្ចុប្បន្ននេះ នៅពេលដែល​គិតតែ​ឈ្លោះ​គ្នា​ពេក ទីបំផុត​អ្នកចាញ់ និង​អ្នកឈ្នះ​គឺ​នៅតែ​ជា​ខ្មែរ ជា​កូន​ខ្មែរ ជា​ពលរដ្ឋ​ខ្មែរ​ដដែល​។ 
​ប៉ុន្តែ​សួរថា ទៅ​ប្រកួតប្រជែង​ឥទ្ធិពល​ជាមួយ​គេ​យ៉ាងណា​ទៅ​? បើ​ឆ្នាំងបាយ ម្ហូប សំលៀកបំពាក់ ផ្ទះសម្បែង ការងារ និង​លុយកាក់​ចាយ​របស់​រាស្ត្រ​មួយ​នេះ មិនទាន់​អាចមាន​ស្ដង់ដារ​កំណត់ថា​ល្អប្រសើរ​ផង​នោះ​។ បើ​បែបនេះ​ត្រូវ​គិត​ឲ្យ​សកម្ម​ចំពោះ​វិស័យ​មួយ​នេះ​។​
 
​យ៉ាងណាមិញ បើ​បានជា​ចាប់ផ្ដើម​គិតពី​វិស័យសេដ្ឋកិច្ច​ហើយ សូមកុំ​ភ្លេច វិស័យ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​, វិស័យ​សន្តិសុខ​ជាតិ នយោបាយ​ការពារជាតិ​, វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ និង​សេដ្ឋកិច្ច​តំបន់​, បច្ចេកទេស​វិទ្យាសាស្ត្រ ជាដើម​។  និយាយ​បែបនេះ មិនមែន​មានន័យថា ពីមុនមក​ខ្មែរ​មិនដែល​គិត​សោះ​នោះទេ​។ ប៉ុន្តែ ត្រូវ​បន្ថែម​អ្នក​គិត​បញ្ហា​ទាំងនេះ​បន្ថែមទៀត តែ​មិនមែន​យកតែ​អ្នក​ដែល​គ្រាន់តែ​គិត​ដើម្បី​ដូរ​តែ​តួនាទី និង​ប្រាក់ខែ ឡើយ​។ ប៉ុន្តែ​ត្រូវតែ​យក​អ្នក​ដែល​គិត​នាំ​ឲ្យ​វិស័យ​សន្តិសុខ​ជាតិ​ខ្លាំង វិស័យ​ពាណិជ្ជកម្ម​ជាតិ​លូតលាស់ សេដ្ឋកិច្ច​ប្រសើរ កូន​ខ្មែរ​អាច​ញញឹម​បាន​យ៉ាង​ស្រស់​ពី​ទីក្រុង​ដល់​ជនបទ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com