កីឡាអន្តរជាតិ
ម្ចាស់ផ្ទះ​បារាំង ឬ ព័រ​ទុយ​ហ្គា​ល់ ដែល​នឹង​លើក​ពាន Euro 2016?
10, Jul 2016 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
នា​វេលា​ម៉ោង​២​ទៀបភ្លឺ បារាំង​នឹង​ប្រើប្រាស់​កីឡដ្ឋាន Stade de France ដើម្បី​ទទួលភ្ញៀវ​ព័រ​ទុយ​ហ្គា​ល់​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2016 ។ ក្នុង​ដំណើរ​មកកាន់​ការ​ប្រជែង​ពាន​នេះ ក្រុម​ទាំងពីរ​សុទ្ធតែ​បាន​ទម្លាក់​គូប្រជែង​ក្នុង​លទ្ធផល ២-០ ដូចគ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​បារាំង​យកឈ្នះ​អាល្លឺម៉ង់ ព័រ​ទុយ​ហ្គា​ល់​បំបាក់​វេ​លស៍​។​

 
​ក្រោម​ការដឹកនាំ​របស់​លោក Didier Deschamps បារាំង​សំឡឹង​រក​ការ​ឈ្នះ​ពាន​សំខាន់ៗ ជា លើក​ទី​បី​នៅ​ទឹកដី​របស់ខ្លួន ដោយ​កាលពី​ឆ្នាំ​១៩៨៤ ពួកគេ​បានឈ្នះ​ក្នុង​ព្រឹត្តិការណ៍ Euro និង​ឆ្នាំ​១៩៩៨ ក្រុម​ដែលមាន​រហស្សនាម​ថា Les Bleus មួយ​នេះ លើក​ពាន FIFA World Cup​។​
 
​ព័រ​ទុយ​ហ្គា​ល់​របស់លោក Feando Santos ស្វែងរក​ការលើក​ពាន​ដ៏​ធំ​ជា​លើកដំបូង ដោយ​ពួកគេ​ចង់​ផ្តល់​មេរៀន​ដល់​បារាំង ដូចដែល​ពួកគេ​ធ្លាប់បាន​ជួបប្រទះ​។ កាលពី​ឆ្នាំ​២០០៤ ព័រ​ទុយ​ហ្គា​ល់​បាន​ក្លាយជា​ក្រុម​ម្ចាស់ផ្ទះ​ទីមួយ​ដែល​ចាញ់​វគ្គ​ផ្តាច់ព្រ័ត្រ Euro ដោយ​នៅពេលនោះ ពួកគេ​បាន​ចាញ់​ក្រិ​ក​។​
 
​ក្រុម​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ជួប​ប្រកួត​គ្នា​ចំនួន​២៤​លើក ដោយ​បារាំង​ឈ្នះ​១៨​លើក ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​៥​លើក និង​ស្មើគ្នា​១​លើក​។ ជំនួប​នា​រាត្រី​នេះ​ផងដែរ អ្នកទស្សនា​នឹង​ផ្តោត​ជាពិសេស​ចំពោះ​វត្តមាន​របស់​កីឡាករ​ពាក់​លេខ​៧​ទាំងសងខាង គឺ Cristiano Ronaldo របស់​ព័រ​ទុយ​ហ្គា​ល់ និង Antoine Griezmann នៃ​ក្រុម​ម្ចាស់ផ្ទះ​បារាំង​។​
 
Ronaldo និង Griezmann គឺជា​កីឡាករ​ឆ្នើម​នៅ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga ដោយ​ក្រុម Real Madrid របស់ Ronaldo ទើប​យកឈ្នះ Atletico Madrid របស់ Griezmann ដើម្បី​លើក​ពាន Champions League៕

Tag:
 Euro2016
© រក្សាសិទ្ធិដោយ thmeythmey.com