ពីនេះ ពីនោះ
តើ​អ្នកដឹង​ពី របៀប​ប្រើប្រាស់ យុគលពិន្ទុ​(​ៈ​) ឬ​ហៅថា “ ចុច​ពីរ ” ឬទេ​?
12, Jul 2016 , 7:20 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ យុគលពិន្ទុ​(​ៈ​) ឬ​ហៅថា “ ចុច​ពីរ ”  គឺជា​សញ្ញា​វណ្ណយុត្តិ​មួយ គេ​ប្រើ​សម្រាប់ ដាក់​នៅ​ចុង​ពាក្យ​មានកំណើត​ពី​បាលី ឬ​សំស្ក្រឹត ដែលមាន​សូរ “ អាក់ ” ឬ “ អ៊ា​ក់ ” ដូចជា លោភៈ​, មោហៈ​, ទោសៈ​...​។



​ជាទូទៅ បើ​ពាក្យ​ទាំងនេះ​នៅ​ខាងដើម​គេ ដូចជា ពលកម្ម​, វណ្ណ​កម្ម សច្ចភាព​, ខេមរភាសា នោះគេ​មិនចាំបាច់​ដាក់​យុគលពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំងនេះ​ជា​សមាសនាម ។ លើកលែងតែ​ពាក្យ ៖ គណៈ  ដែល​ទោះបី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប​។ ឧទាហរណ៍ គណៈប្រតិភូ​, គណៈកម្មការ​, គណៈសង្ឃ​, គណៈរដ្ឋមន្ត្រី​, គណៈ​ប្រធាន​រដ្ឋ​... ព្រោះថា​ក្នុង​ពាក្យ​ទាំងនេះ “​គណៈ​” មិន​ចូលក្នុង​សមាសនាម​តាម​ក្បួនខ្នាត​វេយ្យាករណ៍​បាលី ។ ប៉ុន្តែ បើ​ពាក្យ​ថា គណបក្ស​, គណនា​, គណនេយ្យ​... គឺជា​ពាក្យ ដែល​គេ​មិនត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។

​ចំណែក​ពាក្យ កាលៈទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុ​ក​ទាំងពីរ​ម៉ាត់​តែម្តង ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្ច្រាស ” មកវិញ “ ទេសកាល ” នោះ គេ​មិនត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។

​ក្នុង​សម័យនេះ គេ​យក​យុគលពិន្ទុ​មក ប្រើ​ក្លាយ​ក្នុង​ឃ្លាប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ ដូច​ពាក្យ​ថា ទង់ជាតិ​បារាំង​មាន ៣ ពណ៌​គឺ ៖ ស​, ខៀវ​, ក្រហម ។ ប៉ុន្តែ​ជាទូទៅ អ្នកនិពន្ធ​ទាំងឡាយ​តែងតែ​ប្រើ “​ទ្វិ​ពិន្ទុ​លេខ​” ក្នុងករណី​រៀបរាប់​, ឧទ្ទេស បង្ហាញ​... ព្រោះ​ការប្រើ​សញ្ញា​ខណ្ឌ​បែបនេះ​ត្រឹមត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។

​ដកស្រង់​ពី វចនានុក្រម​ខ្មែរ​សម្ដេចព្រះសង្ឃរាជ ជួន ណាត​, វេយ្យាករណ៍​


© រក្សាសិទ្ធិដោយ thmeythmey.com