ជាតិ
​ធម្មកថិក​ដ៏​ល្បី​ចូលរួម​មរណទុក្ខ​លោក កែម ឡី និង​ឲ្យ​ខ្មែរ​មាន​មេត្តា​ដល់​គ្នា​
11, Jul 2016 , 7:39 pm        
រូបភាព
ដោយ:
​ព្រះ​តេជគុណ សាន សុជា ធម្មកថិក​ដ៏​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា  សោក​សា្តយ​ចំពោះ​អំពើ​ឃាតកម្ម​ដែល​កើត​ឡើងលើ​លោក កែម ឡី​។ សម្រាប់​ព្រះអង្គ សាន សុជា ការស្លាប់​របស់លោក កែម ឡី ប្រៀបបាន​ដូចជា​បាត់​សាច់​មួយ​ដុំ​ចេញពី​ប្រកា​យ​ព្រះអង្គ​ដែរ​។​



​បើទោះបីជា លោក កែម ឡី មិនមែន​ជា​​សាច់ញាតិ​របស់​ព្រះអង្គ ឬ​មិន​ធ្លាប់​ទំនាក់​ទ​នង​ការងារ​ជាមួយ​ក្តី ក៏​ព្រះ​តេជគុណ សាន សុជា មាន​ដីកា​ថា ការស្លាប់​របស់លោក កែម ឡី ប្រៀបបាន​ដូចជា​ដាច់​សាច់​មួយ​ដុំ​ចេញពី​ព្រះកាយ​របស់​ព្រះអង្គ​ដែរ​។ ព្រះអង្គ មាន​ថេរ​ដីកា​តាមរយៈ​វីដេអូ​នៅក្នុង​ថ្ងៃ​ដែល​លោក កែម ឡី ត្រូវ​ឃាតករ​បាញ់សម្លាប់​បែបនេះ​ថា​៖«​មានការ​ខ្លោចផ្សារ​ក្នុង​បេះដូង ខ្មែរ​មាន​អ្នកចេះដឹង​ហើយ បាត់បង់​អ្នកចេះដឹង​យ៉ាង​ផុយស្រួយ​ជាទីបំផុត​។ ហើយក៏​មិន​ខឹង​អ្នក​បាន​បាញ់​ទៅទៀត​។ ចិត្ត​មែនទែន​ឥឡូវនេះ កាន់តែ​សង្វេគ​ថា រឿង​អី​ធ្វើ​ឲ្យ​សត្វលោក​យើង​បាត់បង់​សតិសម្បជញ្ញៈ​ដល់​ប៉ុណ្ណឹង​? អំពើ​ផ្តាច់​ជី​វិញ​បែបនេះ ចេះតែ​ហ៊ាន​ធ្វើទៅ​រួច​ដែរ​»​។​

​ធម្ម​ថិ​ក​ដ៏​ល្បី ដែល​មិនមែន​ស្ថិត​តែ​នៅក្នុង​ចិត្ត​មនុស្ស​ចាស់ៗ តែ​ថែមទាំង​ស្ថិតនៅក្នុង​ចិត្ត​យុវជន​ខ្លះ​ផង​នោះ បន្តថា លោក កែម ឡី គឺជា​បញ្ញវន្ត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ក្មេង ចាស់ នៅក្នុង​ប្រទេស ក្រៅប្រទេស ភាគច្រើន​យល់ថា លោក គឺជា​មនុស្ស​និយាយ​ត្រង់ៗ ។ ព្រះអង្គ សាន សុជា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ កុំ​ស្អប់​គ្នា ព្រោះ​តែមាន​និន្នាការ​នយោបាយ​ផ្សេងគ្នា​។​«​បើ​យើង​ធ្វើ​នយោបាយ ដើម្បី​សេចក្តីសុខ​សេចក្តីចម្រើន​ប្រទេសជាតិ​យើង កុំ​ត្រេកអរ​នៅពេលដែល​ឃើញ​អ្នក​ដែលមាន​ទស្សនៈ​ខុស​យើង​ស្លាប់​»​។​

​ព្រះ​តេជគុណ សាន សុជា ស្នើ​ឲ្យ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​ស្រឡាញ់ គោរព​នូវ​វីរភាព​របស់លោក កែម ឡី កុំ​ស្រឡាញ់ និង​គាំទ្រ​នូវ​វីរៈភាព​នេះ​តែមួយ​ថ្ងៃ តែ​ត្រូវមាន​ជា​រឿង​រហូត​។ លើសពីនេះ គួរ​គោរព​ស្រឡាញ់​រាប់អាន​កូន ភរិយា របស់លោក កែម ឡី លើកតម្កើង​ឲ្យ​មាន​កិត្តិយស ឬ​អាចជួយ​ជា​សម្ភារ ដើម្បី​បញ្ជាក់​ពី​ការស្រឡាញ់​ចំពោះ​អ្នក​មានទឹក​ស្នេហា​ជាតិ​។​« កុំ​ធ្វើ​តែមួយ​ខ្យល់​នោះ​»​។ នេះ​ជា​ព្រះសង្ឃ​ដីកា​បញ្ជា​របស់​ប្រធាន​សមាគម​ធម្មកថិក​ក​ម្ពុ​ជា​ខាងលើ ទន្ទឹមនឹង​ព្រះ​តេជគុណ អំពាវនាវ​ឲ្យ​ធម្ម​ថិ​ក​ទាំងអស់​ត្រូវ​ទេសនា ធ្វើយ៉ាងណា​ឲ្យ​ខ្មែរ​ស្រឡាញ់គ្នា មាន​មេត្តា​ឲ្យ​បាន​ច្រើន និង​ឲ្យ​មនុស្ស​មានគុណ​ធម៌​ក្នុង​ខ្លួន​៕

​សូម​ទស្សនា​វីដេអូ ខាងក្រោម​៖



Tag:
 ​ ​សាន សុជា​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com