ជាតិ
រទេះគោ​ខ្មែរ​កំពុង​ត្រូវប៉ាន់​
13, Jul 2016 , 4:23 pm        
រូបភាព
​សៀមរាប​៖ សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​ខ្មែរ​តិច​ណាស់ ដែល​នៅ​ទម្លាប់​ប្រើប្រាស់​រទេះគោ​។ កសិករ​ខ្មែរ បាន​ប្រើប្រាស់​គោយន្ត ដើម្បី​ជំនួស​រទេះ​ឈើ សម្រាប់​បម្រើបម្រាស់​លើ​វិស័យ​កសិកម្ម​របស់​ពួកគេ​។ ផ្ទុយ​ពីនេះ រទេះគោ​ដែល​ធ្វើ​ពី​ឈើ ដែល​គេ​ច្នៃ​ធ្វើ​តូចៗ កំពុង​ត្រូវប៉ាន់​។ រទេះ​ប្រភេទ​នេះ គឺ​កំពុង​ពេញនិយម​ទៅលើ​ប្រជាពលរដ្ឋ​ខ្លះ ដែល​យកទៅ​តាំង​ក្នុង​គេហដ្ឋាន​ពួកគេ​។​



​ជាង​២០​ឆ្នាំ​មកហើយ ដែល​លោក ភាវ សុខ ចាប់យក​របរ​ធ្វើ​ជាងឈើ​។ លោក សុខ វ័យ ៦៤​ឆ្នាំ ជំនាញ​ខាង​ធ្វើ​រទេះគោ​ឈើ​តូចៗ សម្រាប់​តាំង​លម្អ​ក្នុងផ្ទះ តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​។​ល​។​

​កាលពី​ថ្ងៃទី​១២ កក្កដា លោក ភាវ សុខ ទើបតែ​ធ្វើ​រទេះគោ​ឈើ​មួយ ដែលជា​ការបញ្ជាទិញរ​បស់​ភ្ញៀវ​ម្នាក់​នៅ​ទីក្រុង​សៀមរាប​។ រទេះ​ឈើ​នេះ មាន​ទំហំ ១​ម៉ែត្រ​២​តឹក ដែល​ធ្វើ​ពី​ឈើ​ក្រញូង​។ បច្ចេកទេស​ធ្វើ​រទេះ​មួយ​នេះ តាម​ការរៀប​រាប់រប​ស់លោក សុខ គឺ​លោក​បាន​ចំណាយពេល​១​ខែ ហើយ​ធ្វើ​ដោយ​ផ្ច​ត់​ផ្ចង់​បំផុត​។ «​ខ្ញុំ​សុខចិត្ត​ធ្វើ​យូរ តែ​គុណ​ភាពល្អ​។ យើង​ត្រូវ​តាមរក​ឈើ​ដែលមាន​ពណ៌​ដូចគ្នា ទើប​អា​កាត់​យកមក​ធ្វើ ចឹ​ង​ទេ វា​នឹងមាន​ពណ៌​ក្រហម ខ្មៅ មើលទៅ​អត់​ស្អាត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ដែល​កំពុង​ច​ង្អុ​យ ប្រាប់​ពី​ចំណុច​មួយៗ របស់​រទេះគោ​នោះ​។​



​សម្រាប់​ការប្រើប្រាស់​ក្បាច់ លោក សុខ ដែល​ជំនាញ​ខាង​ច្នៃ​គ្រឿង​ឈើ បាន​បញ្ជាក់ថា លោក​មើល​តាម​ក្បាច់បុរាណ​ខ្មែរ គួបផ្សំ​គំនិត​ផ្ទាល់ខ្លួន​របស់លោក​។ អ្វីដែល​ចាប់អារម្មណ៍​ចំពោះ​រទេះគោ ដែល​លោក សុខ ទើបនឹង​ធ្វើ​ជូន​ភ្ញៀវ​ថ្មីៗ​នេះ គឺ​រូប​ក្បាល​នាគ​។ ត្រឹម​ក្បាល​នាគ លោក សុខ ចាយ​ពេល​ចំនួន​២​ថ្ងៃ​។ នេះ​បើតាម​ការអះអាង​របស់​បុរស​អ្នកភូមិ​ស្រះស្រង់​ខាងជើង ស្រុក​នគរធំ ខេត្តសៀមរាប មុននឹង​លោក​បន្ថែមថា ចំណែក​កង់រទេះ​មួយគូ លោក​ប្រើពេល​មួយ​សប្តាហ៍​ទៀត​។​

​អ្នកស្រុក​អង្គរ ជាពិសេស​អ្នកភូមិ​ស្រះស្រង់​តែម្តង អាច​និយាយបានថា ភាគច្រើន​ចេះ​ជំនាញ​ធ្វើ​រទេះគោ និង​សម្ភារ​ផ្សេងទៀត​។ នៅតាម​ផ្ទះ​ពួកគេ មាន​រោង​កែច្នៃ​ឈើ​តូចៗ ហើយ​ក្រៅពី​រទេះគោ មាន​អ្នកខ្លះ​ធ្វើ​រហាត់ទឹក ដាវ និង​រូប​គោ​។​ល​។ សម្ភារ​ទាំងនោះ គឺ​ត្រូវបាន​ម៉ូយ​ដើរ​ប្រមូល​គ្មាន​សល់​ឡើយ ដើម្បី​យកទៅលក់​បន្ត មាននៅ​ប្រាសាទបន្ទាយស្រី​ជាដើម ដែល​សម្បូរ​សម្ភារ​ទាំង​នេះ​។ របរ​នេះ ជា​របរ​ដ៏​កាក់គប​មួយ សម្រាប់​អ្នកស្រុក​អង្គរ​។​



​ចាប់ពី​ឆ្នាំ​១៩៩៣ ក្នុង​មុខរបរ​នេះ លោក ភាវ សុខ និយាយថា វា​អាចជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​គ្រួសារ​លោក​បាន​ច្រើន​។ ២៣​ឆ្នាំ​ក្នុង​អាជីព​នេះ ធ្វើ​ឲ្យ​លោក សុខ កាន់តែ​ស្ទាត់ជំនាញ លើ​របរ​ខ្នាតតូច​ក្នុង​គ្រួសារ​មួយ​នេះ​។ «​ធ្វើការ​ខ្លួនឯង មិន​ដូច​ធ្វើការ​ឲ្យ​គេ ដែល​កំណត់ពេល​ម៉ោង​ធ្វើការ តែ​ការងារ​នេះ យើង​ចង់​សម្រាក​ពេលណា​ក៏បាន ព្រោះ​វារ​បរ​យើង​នៅផ្ទះ​ស្រាប់​»​។ នេះ​បើតាម​សំដី​លោក សុខ​។​

​លោក សុខ បន្ថែមថា​«​គេ​អោយធ្វើ (​រទេះគោ​) បួន​ទៀត តែ​ខ្ញុំ​ធ្វើ​អត់​ទាន់​។ សព្វថ្ងៃនេះ គេ​ចាប់អារម្មណ៍​ច្រើន​ចំពោះ​សម្ភារ​នេះ​។ ភាគច្រើន គេ​យក​ដាក់តាំង​នៅផ្ទះ​»៕ 


© រក្សាសិទ្ធិដោយ thmeythmey.com