កីឡាជាតិ
ជាតិ
AFF U16 ៖ កម្ពុជាឡើងឈរលេខ១ពូល B បណ្តោះអាសន្នក្រោយឈ្នះព្រុយណេ ២-០ ស៊ាន សុភ័ត្រា ស៊ុតបញ្ចូលទីទាំង២គ្រាប់ឲ្យកម្ពុជា។ រូបថត ហ្វេសប៊ុក Sean Sopheaktra
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជា បានទទួលជ័យជម្នះ ២-០ លើព្រុយណេ នាជំនួបក្នុងពូល B នៃព្រឹត្តិការណ៍ដណ្តើមពានរង្វាន់ AFF U16 Championship នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី១៣ ខែកក្កដា នេះ។ ជាមួយជ័យជម្នះ ២លើកជាប់គ្នា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ឡើងឈរលេខ១បណ្តោះអាសន្ន បន្ទាប់ពីថៃបើកការប្រកួតដំបូងដោយយកឈ្នះទីម័រខាងកើត ៣-០ ។
កីឡាករ ស៊ាន សុភ័ត្រា សម្រេចផលបានទាំងពីរគ្រាប់សម្រាប់ U16 កម្ពុជា តាមរយៈការតែតបញ្ចូលទីនៅនាទី៣៧ និងការទាត់យ៉ាងអស្ចារ្យនៅនាទី ៧៤ ។ គ្រាប់បញ្ចូលទីទាំងពីរគ្រាប់ ក៏បានកើតឡើងក្រោយការបញ្ជូនរបស់ សៀង ចន្ធា ផងដែរ។
នេះជាប្រវត្តិសាស្ត្រថ្មីផងដែរសម្រាប់ U16 កម្ពុជា ដែលបានឈ្នះលើសពីមួយប្រកួតក្នុងព្រឹត្តិការណ៍ AFF U16 Championship។ កម្ពុជានៅសល់ការប្រកួតជាមួយក្រុមខ្លាំងពីរទៀត គឺទីម័រខាងកើត និងថៃ ជាមួយនឹងក្តីសង្ឃឹមក្នុងការឈានទៅកាន់វគ្គខ្វែងជាលើកដំបូង។
សម្រាប់ការប្រកួតទីមួយ ថៃដែលជាម្ចាស់ការពារតំណែងជើងឯក បានបើកឆាកនៅក្នុងពូល B ជាមួយនឹងជ័យជម្នះ ៣-០ លើទីម័រខាងកើតដោយគ្រាប់បាល់បញ្ចូលទីទាំងអស់កើតឡើងនៅក្នុងតង់ទីមួយ។ Peerapat Kaminthong រកបានគ្រាប់បាល់បើកឆាកក្រោយប្រកួតបាន២នាទី ហើយ Korawich Tesa បន្ថែមគ្រាប់ទីពីរនៅនាទី ទី៩។ នៅនាទីបន្ថែមនៃតង់ទីមួយ ថៃចំណេញបាន១គ្រាប់ទៀត ដោយសារកីឡាករទីម័រខាងកើត Nelson Pinto Dos Reis ភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯង៕
Tag:
U16 Cambodia
AFF U16
© រក្សាសិទ្ធិដោយ thmeythmey.com