កីឡាជាតិ
ជាតិ
កីឡាករ​បាល់បោះ​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ប្តេជ្ញា​ចែករំលែក​បទពិសោធន៍​ល្អៗ​ដែល​ខ្លួន​មាន​ដល់​កម្ពុជា​
14, Jul 2016 , 8:19 am        
រូបភាព
ដោយ:
 
​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា អតីត​កីឡាករ​បាល់បោះ​ដ៏​ល្បីល្បាញ​របស់​អាមេរិក Wayne Ellington និង​កីឡាការិនី Sue Wicks បាន​ប្តេជ្ញា​ថា នឹង​ពាំ​នាំយក​បទពិសោធន៍​ល្អៗ​ដែល​ខ្លួន​មានមក​ចែករំលែក​ដល់​ក្រុមយុវជន​បាល់បោះ​កម្ពុជា ក្នុង​ដំណើរ​មកកាន់​កម្ពុជារ​យៈ​ពេល​៦​ថ្ងៃ​របស់ខ្លួន​នេះ​។ ការធ្វើ​ដូច្នេះ​ក្នុង​គោលបំណង​ដើម្បី​ជួយ​លើកស្ទួយ និង​ពង្រឹង​វិស័យ​កីឡាបាល់បោះ​កម្ពុជា​ឲ្យ​កាន់តែ​មានការ​រីកចម្រើន ជាពិសេស​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​មកលើ​វិស័យ​កីឡា​នៅ​កម្ពុជា​។​

 
​វា​ជា​កិត្តិយស​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ជាពិសេស​ក្រុមយុវជន​តែម្តង​ដែល​ទទួលបាន​ការចែក​រំលែក​បទពិសោធន៍​ល្អៗ​ពី​សំណាក់​អតីត​កីឡាករ​កីឡាការិនី​ដ៏​ល្បីល្បាញ​របស់​អាមេរិក ក្នុងការ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន​។ ជាមួយគ្នានេះ​អតីត​កីឡាករ​កីឡាការិនី​ទាំងពីរ​រូបនេះ​ក៏បាន​ប្តេជ្ញា​ផងដែរ​ថា ខ្លួន​នឹង​ពាំ​នាំយក​បទពិសោធន៍​ល្អៗ​របស់ខ្លួន​ដល់​កម្ពុជា​តាមរយៈ​ការបង្ហាញ​ពី​សមត្ថភាព និង​ការអនុវត្ត​ផ្ទាល់​ជាមួយ​ក្រុមយុវជន​។ 
 
​លោក Wayne Ellington តំណាង​សមាគម​បាល់បោះ​អាមេរិក​បា​នា​មានប្រសាសន៍ថា សម្រាប់​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​លោក​នឹង​ចែករំលែក​បទពិសោធន៍​ដែល​លោក​មាន​ធ្លាប់បាន​ឆ្លងកាត់​នាពេល​កន្លងមក ដើម្បី​ចែករំលែក​ដល់​ក្រុមយុវជន​កម្ពុជា​តាម​អ្វីដែល​លោក​អាចធ្វើ​បាន​។ 


 
​លោក​បាន​បញ្ជាក់ថា​៖«​សម្រាប់​វត្តមាន​របស់​យើងខ្ញុំ​ទាំងពីរ​នាក់​នៅទីនេះ​ធ្វើយ៉ាងណា​ពាំ​នាំនូវ​ទេពកោសល្យ​ដែល​ខាងយើង​ខ្ញុំ​មានមក​ចែករំលែក​ដល់​ក្រុមយុវជន​កម្ពុជា​ជំនាន់​ក្រោយ ម្យ៉ាងទៀត​ពួកយើង​ប្តេជ្ញា​ថា នឹងធ្វើ​ការងារ​នេះ​ឲ្យ​អស់ពី​សមត្ថភាព​តាម​អ្វីដែល​យើង​អាច​ធ្វើបាន​»​។​
 
​ជាមួយគ្នានេះ​អតីត​កីឡាការិនី​អាមេរិក Sue Wicks កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​សម្រាប់​ថ្ងៃ​មកដល់​នៃ​ការបង្ហាញ​សមត្ថភាព​របស់ខ្លួន​នៅលើ​ទីលាន ជាពិសេស​ការអនុវត្ត​ផ្ទាល់​ជាមួយ​ក្រុមយុវជន​ទ ព្រោះ​រូបគេ​ចង់បង្ហាញ​ឲ្យ​ក្រុមយុវជន​ទាំងនេះ​បានឃើញ​ពី​ភាពខ្លាំង​របស់ខ្លួន ដើម្បី​ឲ្យ​ពួកគេ​បាន​ដកស្រង់យក​បទពិសោធ​ន៍ និង​បច្ចេកទេស ព្រមទាំង​តិច​និក​នៃ​ការលេង​បាល់បោះ​របស់ខ្លួន​។ 
 
​គួរ​បញ្ជាក់ថា សម្រាប់​ការ​មកកាន់​កម្ពុជា​រប​ស់​អតីត​កីឡាករ​កីឡាការិនី​អាមេរិក​នេះ​ធ្វើឡើង​ដោយ​ក្រសួងការបរទេស​អាមេរិក​សហការ​ជាមួយ​សហ​មា​គម​បាល់បោះ​បុរស និង​នារី​អាមេរិក​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ពួក​កេ​ទាំងនេះ​ជួយ​ពង្រឹង​វិស័យ​កីឡាបាល់បោះ​ដល់​យុវជន​កម្ពុជា និង​ដើម្បី​រិត​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​អាមេរិក​ឲ្យ​កាន់តែ​ជិតស្និត​។ ម្យ៉ាងទៀត​កីឡាករ​កីឡាការិនី​ទាំងនេះ​សុទ្ធសឹង​ជា​កីឡាករ​ដ៏​ល្បីល្បាញ់​របស់​អាមេរិក​ដែល​លេង​ឲ្យ​សមាគម​បាល់បោះ NBA និង​WNBA​។​
 
​ទន្ទឹម​និង​នេះ លោក Courtney Woods អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​បញ្ជាក់ថា ការ​មកកាន់​កម្ពុជារ​បស់​កីឡាករ​កីឡាការិនី​ទាំងនេះ​ក្នុង​គោលបំណង​ធំៗ​ពីរ​រួមមាន នៅ​ម៉ោង​៩ ថ្ងៃទី​១៤ ខែកក្កដា មានកម្ម​វិធី​ជួបជុំ​ដោយ​សេរី នៅ​សាលា​វត្ត​កោះ ដើម្បី​ជួយ​ដល់​គំរោង​ជួសជុល​ទីលាន​លេង​កីឡាបាល់បោះ​នៅក្នុង​សាលា​នេះ​។  ហើយ​នៅ ម៉ោង ៥ រសៀល ថ្ងៃទី ១៥ កក្កដា នឹងមាន​កម្មវិធី​នៅ​ពហុកីឡាដ្ឋាន​អូឡាំពិក ដោយមាន​ការលេង​បាល់បោះ ការប្រគំ​តន្ត្រី និង​មាន​កម្មវិធី​ជាច្រើន​ទៀត​។  
 
​ជាមួយគ្នានេះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​បាន​មាន​ចាត់ទុក​ការ​មកកាន់​កម្ពុជា​រប​ស់​អតីត​កីឡាករ​កីឡាការិនី​អាមេរិក​នេះ​ថា វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​យុវជន​កម្ពុជា​ក្នុងការ​ពង្រឹងសមត្ថភាព​របស់ខ្លួន តាមរយៈ​ការដកស្រង់​នូវ​បទពិសោធន៍​ទាំង​ទ្រឹស្តី និង​ការអនុវត្ត ទោះបីជា​វា​មាន​រយៈ​ខ្លី​យ៉ាងណាក៏ដោយ​។​
 
​ទោះបីជា​យ៉ាងនេះ​កី្ត អនុប្រធាន​សហព័ន្ធ​រូបនេះ​បាន​ចាត់ទុកថា ការចែករំលែក​រំលែក​ត្រឹម​បទពិសោធន៍​ដល់​យុវជន​កម្ពុជា​នេះ​វា​មិនទាន់​គ្រប់គ្រាន់​នោះទេ លើសពីនេះ​គឺ​លោក​ចង់​ឲ្យ​អាមេរិក​ជួយ​ផ្តល់នូវ​គ្រូបង្វឹក​ល្អៗ ជាពិសេស​ការផ្តល់​ជា​កីឡាករ​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​មកលេង​ឲ្យ​កម្ពុជា​។​


 
​កីឡាករ Wayne Ellington ត្រូវបាន​ជ្រើសរើស​ជា​កីឡាករ ទី ២៨ ដោយ​ក្រុមកីឡា Minnesota Timberwolves ក្លាយជា​សមាជិក​ក្រុមកីឡា​បាល់បោះ​ប្រចាំឆ្នាំ​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ ២០០៩ ។ Ellington  លេង​ឲ្យ​ក្រុម Brooklyn Nets កាលពី​ឆ្នាំទៅ និង​លេង​ឲ្យ​ក្រុម Memphis Grizzlies, Cleveland Cavaliers, Dallas Mavericks និង Los Angeles Lakers  ផងដែរ​។ កីឡាករ Ellington ធ្លាប់​ទទួល​រង្វាន់ 2015-16 J. Walter Kennedy Citizenship Award​។ ពានរង្វាន់​នេះ  សមាគម​អ្នកនិពន្ធ​ស្តីពី​កីឡាបាល់បោះ​អាជីព ផ្តល់​ឲ្យ​រាល់​ឆ្នាំ ដល់​កីឡាករ​នៅក្នុង​សមាគម​កីឡាបាល់បោះ គ្រូបង្ហាត់ ឬ​អ្នក​បង្ហាត់​កីឡាករ ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​។​
 
​ចំណែក​កីឡាការិនី Sue Wicks បាន​ជាប់​ជា​ជម្រើស​ជុំ​ដំបូង​ដោយ​ក្រុម New York Liberty នៅក្នុង​ការជ្រើសរើស​កីឡាការិនី​ជា​លើកដំបូង ក្នុង​ឆ្នាំ ១៩៩៧ របស់​សមាគម​កីឡាការិនី​បាល់បោះ​ក្នុង​សហរដ្ឋអាមេរិក​។ កីឡាការិនី​រូបនេះ លេង​ឲ្យ​សាកលវិទ្យាល័យ Rutgers University ហើយ​បាន​ជាប់​ជា​កីឡាការិនី​ស្ម័គ្រ​ចិត្តល្អ​ជាងគេ​ចំនួន ៣ លើក ក្នុង​សហរដ្ឋអាមេរិក ព្រមទាំង​នៅ​ឆ្នាំ ១៩៨៨ បាន​ក្លាយជា​អ្នកលេង​ល្អ​បំផុត​ប្រចាំឆ្នាំ​ក្នុង​សហរដ្ឋអាមេរិក​។​
 
​កីឡាការិនី​ឆ្នើម​រូបនេះ ធ្លាប់​ទទួលបាន​ពានរង្វាន់ Kim Perrot Sportsmanship Award នៅ​ឆ្នាំ ២០០០ ហើយ​បានបញ្ចប់​អាជីព​របស់​លោកស្រី​នៅក្នុង​សមាគម​បាល់បោះ​នារី​អាមេរិក ដោយ​ជាប់​លេខ ៨​។ កីឡាការិនី Wicks ត្រូវបាន​បញ្ចូល​ទៅក្នុង​ក្រាំងមាស​ផ្នែក​កីឡាការិនី​បាល់បោះ​ក្នុង​សាកលវិទ្យាល័យ Rutgers នៅ​ខែមិថុនា ឆ្នាំ​២០១៣៕ 
 

Tag:
 បាល់បោះ​
  អ៊ុក សិទ្ធិ​ជាតិ​
  ស្ថា​ត​ទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com